Breaking News

លោក សាយ សំអាល់ បញ្ចប់តួនាទី លោក ប៉ែត ភក្រ្តា ប្រធានដែនជំរកសត្វព្រៃ ស្រែពក ទៅជាមន្ត្រីធម្មតា

ភ្នំពេញ៖ រដ្ឋមន្ត្រី ក្រសួងបរិស្ថានលោក សាយ សំអាល់ បញ្ចប់តួនាទី លោក ប៉ែត ភក្រ្តា ប្រធានដែនជំរកសត្វព្រៃស្រែពកណាមលៀនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទៅជាមន្ត្រីធម្មតា ។ នេះបើយោងតាមលិខិតរបស់លោកសាយ សំអាល់ ផ្ញើជូនអភិបាលខេត្តមណ្ឌលគិរី ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ។

ការទម្លាក់តំណែងលោក​ប៉ែត ភក្រ្តា នេះ ធ្វើឡើងតាមរបាយការណ៍របស់អគ្គាធិការដ្ឋានក្រសួងបរិស្ថាន ដែលបានរកឃើញពីកំហុសជាច្រើនរបស់ប្រធានដែនជម្រក សត្វព្រៃរូបនេះ ដែលបានរកឃើញថា បានប្រព្រឹត្តកំហុស និងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ ព្រមទាំងយកឥទ្ធិពលនិងអំណាច ក្នុងមុខតំណែងរបស់ខ្លួនទៅប្រើគំរាម កំហែង និងបំពានសិទ្ធិប្រជាពលរដ្ឋ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរនៃអ្នករាជការ។

លោក ប៉ែត ភក្រ្តា ក្នុងនាមប្រធានការិយាល័យដែលជម្រកសត្វព្រៃស្រែពកណាមលៀត្រូវគេនិយាយថា បានប្រព្រឹត្តអំពើមិនគប្បីជាច្រើនជាពិសេសពាក់ព័ន្ធនិងបញ្ហាបទល្មើសព្រៃឈើ ។ ក្នុងប្រតិបត្តិការការងាររបស់ខ្លួនលោក ប៉ែត ភក្រ្តាត្រូវបានធ្វើការងារអត្តនោម័តមិនស្ដាប់ថ្នាក់ដឹកនាំនឹងធ្វើការងារមិនចុះសម្រុងជាមួយមន្ត្រីនៅក្រោមឱវាទរបស់ខ្លួន។ រឿងរ៉ាវពុករលួយជាច្រើនត្រូវបានគេហែកកកាយច្រើនលើកច្រើនសារពាក់ព័ន្ធនឹងបទ ល្មើសព្រៃឈើនៅក្នុងតំបន់ស្រែពក។

ក្នុងលិខិតរបស់លោករដ្ឋមន្ត្រី សាយ សំអាល់ បានស្នើ សុំឲ្យអភិបាលខេត្តមណ្ឌលគិរី បញ្ចប់មុខតំណែងលោកប៉ែត ភក្រ្តា ពីប្រធានដែនជម្រកសត្វព្រៃស្រែពកណាមលៀរ មកជាមន្រ្តីធម្មតា  ។ ជាមួយគ្នាលោកសាយ សំអាល់ បញ្ជា លោកប៉ែត ភក្ត្រា ត្រូវមានវត្តមានរាល់ថ្ងៃរាល់ម៉ោងធ្វើការ និងត្រូវគោរពអនុវត្តច្បាប់ បទបញ្ជា គោលការណ៍ និងការណែនាំអប់រំរបស់ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្ត៕ដោយ៖ សិរី នាគ

 

Check Also

កំហុសទិន្នន័យអ្វីខ្លះក្នុងបញ្ជីអត្រានុកូលដ្ឋាន ដែលលោកអ្នក អាចកែបានដោយមិនចាំបាច់ទៅដល់តុលាការ?

Leave a Reply

Your email address will not be published. Required fields are marked *