ខេត្តត្បូងឃ្មុំ៖ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ឈ្មោះ លឹម និងឈ្មោះ វ៉ា មេល្បែងស៊ីសងប្រចាំកាស៊ីណូគ្មានស្លាកយីហោ នៅច្រកដា ហៅច្រកដូង៧ដើម បើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងបញ្ជល់មាន់ អាប៉ោង បៀ យូគី និងល្បែងផ្សេងៗទៀតពេញទំហឹងនិងជាចំហរ។
ប្រភពបានឲ្យដឹងទៀតថា រយៈពេល១ខែចុងក្រោយនេះ មានពលរដ្ឋខ្មែរមកពីគ្រប់ទិសទីសម្រុកចូលលេងល្បែងក្នុងកាស៊ីណូ របស់ឈ្មោះ លឹម និងឈ្មោះវ៉ាកាន់តែច្រើន ឡើងៗ ព្រោះមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់ឃុំ ថ្នាក់ស្រុក មិនហ៊ានទៅក្បែរកាស៊ីណូនោះទេ។ រីឯលោក ម៉ុន មាគា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បណ្ដោយឲ្យឈ្មោះ លឹម និងឈ្មោះ វ៉ា ប្រព្រឹត្តបំពានច្បាប់តាមអំពើចិត្តនិងផ្គើនបម្រាមនាយករដ្ឋមន្ត្រីថែមទៀត។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា មេល្បែងស៊ី សងឈ្មោះ លឹម និងឈ្មោះ វ៉ា ប្រចាំកាស៊ីណូគ្មានស្លាកយីហោ (ពីមុនយីហោ៦៩) មានខ្នងបង្អែករឹងមាំទើបហ៊ានបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងពពាក់ ពពូន។
ប្រភពខ្លះបានបង្ហើបឲ្យដឹងថា មានមន្ត្រីធំៗមួយចំនួនក្នុងខេត្តត្បូងឃ្មុំ ទទួលបានផលប្រយោជន៍ពីមេល្បែង ស៊ីសងឈ្មោះ លឹម និងឈ្មោះ វ៉ា ទើបបុគ្គលទាំង2នាក់នេះហ៊ានប្រព្រឹត្តបំពានច្បាប់យ៉ាងកំរោល។ ប្រសិនបើគ្មានការឃុបឃិតជាប្រព័ន្ធទេនោះ គឺឈ្មោះ លឹម និងឈ្មោះ វ៉ា មិនហ៊ានបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងក្នុងកាស៊ីណូគ្មានច្បាប់ របស់ខ្លួនយ៉ាងគគ្រឹកគគ្រេងឡើយ។
ប្រជាពលរដ្ឋក្នុងឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់ភាពមិនប្រក្រតីដែលកើតមាននៅក្នុងកាស៊ីណូច្រកដូង7ដើម ជាបន្ទាន់ផង។
ដោយហេតុថា នៅពេលដែលល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល គឺនៅក្នុងទឹកដីឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗគួរឲ្យភ័យខ្លាចថែមទៀតផង។ ប៉ុន្តែលោក ម៉ុន មាគា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បែរជាបណ្ដោយឲ្យមេល្បែងស៊ីសងឈ្មោះ លឹម និងឈ្មោះ វ៉ា ធ្វើអ្វីៗស្រេចតែអំពើចិត្តមិនបានចាត់វិធានការទប់ស្កាត់ឡើយ៕SRN