Breaking News

សកម្មភាពបូមខ្សាច់លុបព្រៃកោងកាង នៅតែកើតមានយ៉ាងគគ្រឹកគគ្រេងនៅស្រុកស្រែអំបិល ខណៈមន្រ្តី ជំនាញឆ្លើយថាគេមានច្បាប់

ខេត្តកោះកុង៖ ប្រជានេសាទបានមានចម្ងល់និងដាក់ការសង្ស័យថា ដីព្រៃកោងកាង ជាដីព្រៃលិចទឹក ដែលជាជម្រកត្រី ក្តាម បង្កង បង្គា ខ្យង ងាវ គ្រែង និងជាជម្រកជីវ:ចម្រុះជាច្រើនទៀតនៅឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង កំពុងរងការគំរាមកំហែងពីក្រុមបូមខ្សាច់ គួរឲ្យព្រួយបារម្ភ ។

ប្រជានេសាទ ដែលបើកកាណូតឆ្លងកាត់នៅចំណុចខាងលើ បានបញ្ជាក់ថាពួកគាត់នៅតែឃើញមាន ម៉ាស៊ីនបូមខ្សាច់៣គ្រឿងដែលប្រើទុយយោមានមុខកាត់ធំៗ បណ្តែតលើទឹក ហើយកំពុងបូមខ្សាច់លុប ដីព្រៃលិចទឹក ដីព្រៃកោងកាង យ៉ាងគគ្រឹកគគ្រេងដោយមិនឃើញមានអាជ្ញាធរ ក៏ដូចជាមន្រ្តីជំនាញពាក់ព័ន្ធមានវិធានការទប់ស្កាត់ទាល់តែសោះ។ទន្ទឹមនិងនោះក៏មានការលើកឡើងថា តើគេបូមខ្សាច់នៅចំណុចខាងលើនេះបម្រើឲ្យផលប្រយោជន៍បុគ្គលណា ? តើការធ្វើអាជីវកម្មបូមខ្សាច់ខុសឬត្រូវបទដ្ឋានបច្ចេកទេស ? ខណៈគេប្រើបំពង់បូមធំៗ តើមានច្បាប់ទម្លាប់ដែរឬទេ ? តើការធ្វើអាជីវកម្មបែបនេះមានផលប៉ះពាល់ដល់សម្បត្តិធម្មជាតិនិងបរិស្ថានដែរឬទេ ?  តើឧកញ៉ាដ៏មហិមាមួយណាដែលហ៊ានចំណាយដើមទុនយ៉ាងសម្បើមបូមខ្សាច់ចាក់ដីលប់ព្រៃកោងកាងជាសម្បត្តិរបស់រដ្ឋជាជម្រកមច្ឆជាតិទឹកប្រៃដើម្បីធ្វើជាសម្បត្តិបុគ្គលបែបនេះ ? ។

យ៉ាងណាសកម្មភាពនេះបានធ្វើឲ្យប្រជាពលរដ្ឋក្រីក្រ ទន់ខ្សោយ ជាពិសេសអ្នកនេសាទទ្រង់ទ្រាយតូចតាចជាលក្ខណៈគ្រួសារដែលគ្មានលុយកាក់ ដើម្បីទិញឧបករណ៍និងទូកធំៗសម្រាប់ចេញទៅនេសាទ ខាងក្រៅដូចគេ បានត្រឹមនេសាទតាមព្រែក តាមកោះ ឬ ក្នុងដៃសមុទ្រនេះបានសម្តែងការអស់សង្ឃឹមយ៉ាងខ្លាំង ព្រោះព្រៃកោងកាង ដែលជាកន្លែងមច្ឆជាតិ ពង កូន ដ៏មានសារសំខាន់សម្រាប់ប្រជាពលរដ្ឋអាស្រ័យផល និងចាត់ទុកជាឆ្នាំងបាយ ជាដង្ហើមរស់ ជាកន្លែងផ្គត់ផ្គង់ជីវភាព និង ចិញ្ចឹមគ្រួសារប្រចាំថ្ងៃរបស់ពួកគាត់ ត្រូវបានគេបំផ្លាញអស់រលីងទៅហើយ ។

តាមប្រភពដោយឡែកមួយបង្ហើបឲ្យដឹងថា កន្លែងដាក់ម៉ាស៊ីនបណ្ដែតលើទឹកបូមខ្សាច់លុបដីព្រៃកោងកាង ដីព្រៃលិចទឹកមួយនេះ ជារបស់លោកឧកញ៉ាដ៏មានឥទ្ធិពលម្នាក់ក្នុងស្រុកខ្មែរ ដែលគេឮល្ហិចល្ហៀងថា មានច្បាប់អនុញ្ញាតពីសាលាខេត្តកោះកុងឲ្យបូមលុបព្រៃលិចទឹកត្រឹមទំហំ១ហិចតាទេ ប៉ុន្តែការបូមជាក់ស្ដែងគឺមានទំហំធំធេងណាស់ ដែលគ្មានអ្នកណាហ៊ានទៅក្បែរ ឬ សួរនាំឡើយ ។ 

ពាក់ព័ន្ធនឹងករណី នេះលោក អ៊ូ សុភី មន្រ្តីច្រកចេញចូលតែមួយទទួលបន្ទុករ៉ែនិងថាមពលស្រុកស្រែអំបិលបានឲ្យដឹងថា ការដ្ឋានបូមខ្សាច់នៅឃុំដងពែងមួយនេះ គេមានច្បាប់អនុញ្ញាតចេញពីរដ្ឋបាលខេត្តកោះកុងដោយបូមដាក់លំនៅឋានប្រជាពលរដ្ឋកំពុងរស់នៅសព្វថ្ងៃជាលក្ខណៈឯកជន ប៉ុន្តែការដ្ឋាននេះត្រូវបានបញ្ចប់ការងារយូរខែមកហើយពុំមានធ្វើអាជីវកម្មទៀតទេ ហើយប្រសិនបើសព្វថ្ងៃនេះនៅមានធ្វើអាជីវកម្មមែន សូមលោកអ្នកកាសែតថតរូបឱ្យបានរួចផ្ញើទៅលោកដើម្បីលោកធ្វើរបាយការណ៍ជូនទៅថ្នាក់លើឲ្យមានចំណាត់ការតាមច្បាប់ ។

ករណីនេះលោក មុយ គួង ប្រធានការិយាល័យបរិស្ថានស្រុកស្រែអំបិល បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុក តាមទូរស័ព្ទថា ការដ្ឋានមួយនេះបានដំណើរការយូរខែ មកហើយដោយមានការអនុញ្ញាតពីសាលាខេត្តកោះកុង ។ រីឯសំណួរសួរថា ការធ្វើអាជីវកម្មបែបនេះមានផលប៉ះពាល់បរិស្ថានដែរទេ ?  លោក មុយ  គួង បានបញ្ជាក់ថា ខ្ញុំមិនដឹងយ៉ាងម៉េចដែរ! ខ្ញុំបានទៅពិនិត្យសួរនាំដល់កន្លែងពីរបីដងដែរ តែគេសំអាងនិងបានបង្ហាញលិខិតអនុញ្ញាតចេញពីរដ្ឋបាលខេត្តកោះកុង ទើបលោកគ្មានវាចានិងថ្លៃង ។ តែលោកបានបញ្ជាក់ឲ្យដឹងថា លិខិតអនុញ្ញាតពីរដ្ឋបាលខេត្តកោះកុងនោះគឺអនុញ្ញាតឱ្យគេបូមដីខ្សាច់ដាក់ដីឡូតិ៍មួយកន្លែងរបស់បុគ្គលម្នាក់ឈ្មោះ អ៊ឹង  ឃាង ហើយលោកប្រធានការិយាល័យបរិស្ថានស្រុកបានជំរុញឲ្យសួរនាំលោក ហុង ប្រុស អភិបាលរងស្រុកស្រែអំបិលដែលបានដឹងរឿងនេះនិងបង្ហាញលិខិតអនុញ្ញាតពីរដ្ឋបាលខេត្តកោះកុងទៅវិញ ៕ SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *