Breaking News

ដីព្រៃ កោងកាងនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងនូវការវិនាស ហិនហោច ខណៈមានលោកឧកញ៉ាម្នាក់កំពុងបូមខ្សាច់ចាក់លុបយកធ្វើកម្មសិទ្ធ

ខេត្តកោះកុង៖ ម៉ាស៊ីនបូមខ្សាច់ចំនួន៣គ្រឿងកំពុងបណ្តែតខ្លួនលើផ្ទៃសមុទ្រដើម្បីបូមខ្សាច់ចាក់លុបព្រៃកោងកាងដែល ជាជម្រកមច្ឆសមុទ្រពងកូន ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ស្ថិតនៅចំណុចកំពង់ឡាន ភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង  បន្ថែមពីនេះគេក៏បានកាយដីភ្នំ យកទៅចាក់លប់ពង្រីកជាច្រើន ហិកតាថែមទៀតដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយ មិនឃើញមាន អាជ្ញាធរ ពាក់ព័ន្ធចុះមកហាមឃាត់ទាល់តែសោះ។

ប្រជាពលរដ្ឋ ដែលប្រកបរបរនេសាទជាលក្ខណៈគ្រួសារ បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះខ្លាចបាត់បង់មុខរបរបន្តិចបន្តួចប្រចាំថ្ងៃរបស់គាត់ ដែលធ្លាប់អាស្រ័យផល ដោយដើររើសខ្យង ងាវ ចាក់ច្រែង និងដាក់លបក្តាម ជាលក្ខណៈគ្រួសារ ដើម្បីចិញ្ចឹមជីវិត ប៉ុន្តែឥឡូវត្រូនេះវបានក្រុមឈ្មួញ បូមខ្សាច់ និង កាយដីភ្នំ ចាក់លប់ ព្រៃលិចទឹកនិងព្រៃ កោងកាង ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ យ៉ាងគគ្លើនតែម្តង។

បើតាមប្រជានេសាទម្នាក់បានឲ្យដឹងថា ដីព្រៃកោងកាង ព្រៃលិចទឹកដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ នៅតាមបណ្តោយមាត់ព្រែក និងដៃព្រែកក្នុងស្រុកស្រែអំបិលនេះសម្បូរទៅដោយព្រៃកោងកាង ព្រៃលិចទឹក និង មានដើមឈើចម្រុះដុះជាច្រើនទៀត ហើយក៏ជាជម្រកដ៏សំខាន់សម្រាប់ហ្វូងមច្ឆជាតិពងកូនផងដែរ។ 

បើតាមប្រភព ពីមន្ត្រីសាលាខេត្តកោះកុងបានទម្លាយឱ្យដឹងថា ករណីលួចបូមខ្សាច់ចាក់លប់រំលោភ យកដីក្នុងតំបន់ព្រៃការពារ នេះមានបទល្មើស២ផ្សេងគ្នារួមមាន៖

ទី ១- បទល្មើស លួចធ្វើអាជីវកម្មរ៉ែ ( បូម ខ្សាច់ ) ដោយគ្មាន ច្បាប់អនុញ្ញាតិ ។

ទី ២- បទល្មើស រំលោភយកដីក្នុងតំបន់ការពារ និងគ្រប់គ្រង ដោយក្រសួងបរិស្ថាន ។

ពាក់ព័ន្ធនឹងការបូមខ្សាច់សមុទ្រ និងដីភ្នំ ចាក់លប់ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង អ្នកយកព័ត៌មានយើងបានទំនាក់ទំនងតាមទូរស័ព្ទទៅលោក ទី យោង មេឃុំដងពែង បានឲ្យដឹងថា ទីតាំងខាងលើនេះអាជ្ញារធស្រុក បានចុះផ្អាកចំនួនពីរដងមកហើយ ។ ហើយទីតាំងនេះលោកមិនដឹងថាមានលិខិតអនុញ្ញាត ឬគ្មានលិខិតអនុញ្ញាតនោះទេ ។ ដោយលោកមេឃុំឲ្យសួរទៅខាងច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុកអំបិល ។

ចំណែកលោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល មិនអាចសូមការបំភ្លឺបានទេ ដោយសារទូរស័ព្ទខល ចូលជាច្រើនដងមិនមានអ្នកលើក ។

ជាមួយគ្នានោះដែល លោក ហ៊ិន ឡា នាយផ្នែកជលផលទទួលបន្ទុកការងារចំនួន៣ស្រុក បានឱ្យដឹងតាមទូរស័ព្ទដែលថា ដីព្រៃលិចទឹក ព្រៃកោងកាងនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពង ស្ថិតនៅចំណុចកំពង់ឡាន ភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលជលផលនោះទេ គឺតំបន់នោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ។

ជុំវិញបញ្ហានេះដែលលោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានឲ្យដឹងតាមទូរស័ព្ទយ៉ាងខ្លីថា លោកបានកំពុងចាត់កូនចៅក្រោមឱវាទរបស់លោកចុះទៅពិនិត្យមើលជាក់ស្ដែង បើបានព័ត៌មានអ្វីចាំលោកជម្រាបតាមក្រោយ ដោយសារពេលនេះលោកមិនទាន់ទទួលបានព័ត៌មានលម្អិតនៅឡើយ ។

ករណីនេះដែរ លោក សុខ សុទ្ធី អ្នកនាំពាក្យ និង ជាអភិបាលរង ខេត្តកោះកុង បានឱ្យដឹងតាមរយៈទូរស័ព្ទដែលថា ដីដែលកំពុងបូមខ្សាច់លប់នេះគឺមានប្លង់កម្មសិទ្ធត្រឹមត្រូវ ។ ប៉ុន្ដែការបូមខ្សាច់ចាក់លប់លើសពីលិខិតអនុញ្ញាតរបស់ខេត្តនោះ លោកមិនបានដឹងទេ ។ ដោយលោកឲ្យសួរទៅលោកអភិបាលស្រុកស្រែអំបិល ខណៈលោកអភិបាលស្រុកស្រែអំបិលពិបាកនឹងទំនាក់ទំនងណាស់ ។

សូមបញ្ជាក់ថា បើយោងតាមលិខិតអនុញ្ញាតរបស់រដ្ឋបាលខេត្តកោះកុង លេខ ១៧៧/២២ ល.អ.ក ចុះហត្ថលេខាដោយលោកជំទាវ មិថុនា ភូថង ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យលោក អ៊ឹង ឃាង ចាក់បំពេញអាចម៍ដីចំនួន ៦៨,១០២ម៉្រែតក្រឡា ។ ដោយរក្សាទុកចំណីព្រែកចំនួន៥០ម៉្រែត ។ ប៉ុន្ដែលោកឧញ្ញ៉ា អ៊ឹង ឃាង មិនបានអនុវត្តតាមលិខិតរបស់រដ្ឋបាលខេត្តកោះកុងនោះទេ ៕SRN

Check Also

អ្នកដឹកជញ្ជូនទំនិញកំពុងរិ:គន់ ចំពោះមេគយខេត្តកណ្តាល កោសរូសក្នុងប្រយោជន៍បុគ្គលរឿងទារសេវាក្បាលឡាន !

Leave a Reply

Your email address will not be published. Required fields are marked *