Breaking News

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បញ្ជូន​ស្មៀន​សង្កាត់​តា​ខ្មៅ ទៅ​តុលាការ​ហើយ រឿង​ស៊ីដាច់​លុយ​ប្រជាជន​ក្រីក្រ​ជាង​៦០​លាន​រៀល

កណ្តាល ៖ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ កម្លាំង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ហៅ​កាត់ ACU បាន​បញ្ជូន​ខ្លួន​ស្មៀន​សង្កាត់​តា​ខ្មៅ លោក សុខ សុ​ផា ទៅ​តុលាការ​ខេត្តកណ្តាល​ហើយ ពាក់ព័ន្ធ​រឿង​ស៊ីដាច់​លុយ​របស់​ប្រជាជន​ក្រីក្រ​ជាង​៦០​លាន​រៀល​។ បន្ទាប់​ពី​បញ្ជូន​ស្មៀន​សង្កាត់​តា​ខ្មៅ​រូប​នោះ​មក ត្រូវ​បាន​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្តកណ្តាល ធ្វើការ​សាកសួរ និង​សម្រេច​ធ្វើការ​ចោទប្រកាន់​ពី​បទ «​ការ​កេង​យក​ផលប្រយោជន៍​ដោយ​ខុសច្បាប់​» តាម​មាត្រា​៥៩៧, មាត្រា​៥៩៨ នៃ​ក្រមព្រហ្មទណ្ឌ បន្ទាប់​មក​បញ្ជូន​ទៅ​កាន់​លោក​ចៅក្រម​ស៊ើបសួរ ដើម្បី​មាន​ចំណាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។ ដែល​ប្រព្រឹត្ត​នៅ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ នៅ​រដ្ឋបាល​សាលាសង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​ថា ស្មៀនសាលា​សង្កាត់​តា​ខ្មៅ លោក សុខ សុ​ផា កាលពី​ព្រលប់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២២ ត្រូវ​បាន​កម្លាំង​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា សហការ​ជាមួយ​កម្លាំង​រដ្ឋបាល​ខេត្តកណ្តាល កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល និង​កម្លាំង​នគរបាល​ក្រុង​តា​ខ្មៅ​ចុះ​ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ករណី​ស៊ីដាច់​លុយ​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងា​.​យ​រង​គ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ហៅ​កាត់ ACU ហើយ ដើម្បី​ចំណាត់ការ​បន្ត​។

ការ​ឃាត់ខ្លួន​លោក​សុ ខ សុ​ផា ស្មៀនឃុំ​សាលាសង្កាត់​តា​ខ្មៅ​រូប​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២២ ដោយ​ក្រុមការងារ​ចម្រុះ​របស់​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា ដឹកនាំ​ដោយ​លោក ឈួ​រ សុ​បញ្ញា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក និង​ជា​អគ្គនាយក​មូលនិធិ​ជាតិ​ជំនួយ​សង្គម​ដឹកនាំ​កម្លាំង ដោយ​សហការ​ជាមួយ​រដ្ឋបាល​ខេត្តកណ្តាល មន្ទីរ​សង្គមកិច្ច​អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល និង​ក្រុង​តា​ខ្មៅ ចុះ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់​នូវ​ភាព​មិន​ប្រក្រតី នៃ​ការ​បន្លំ​ដក​យក​សាច់ប្រាក់​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងា​.​យ​រង​គ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ ដែល​ប្រព្រឹត្ត​ទៅ​នៅ​រដ្ឋបាល​សាលាសង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ស្មៀនសាលា​សង្កាត់​តា​ខ្មៅ​ដែល​មាន ឈ្មោះ សុខ សុ​ផា ទៀត​ផង​។

ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ជុំ ចិន្តា កាន់​សមធម៌​លេខ 08110403-0086 ក្រុមការងារ​បាន​ពិនិត្យ​ស្រាវជ្រាវ​ក្នុង​ប្រព័ន្ធ​របស់​ក្រសួង​ឃើញ​ថា ប័ណ្ណ​សមធម៌​របស់​ឈ្មោះ ជុំ ចិន្តា គឺ​បាន​បើកប្រាក់​ជា​បន្តបន្ទាប់​ចំនួន​១៦​ខែ​រួច​ហើយ ដែល​ក្នុង​មួយ​ខែ​ចំនួន ២៣២.០០០ រៀល ស្មើនឹង​ទឹកប្រាក់​សរុប ៣.៧១២.០០០ រៀល​។ បន្ទាប់​មក​ក្រុមការងារ​បាន​រក​ឃើញ​បន្ថែម​នូវ​ប័ណ្ណ​សមធម៌ ចំនួន ១៩ ប័ណ្ណ​ទៀត ដែល​មាន​ភាព​មិន​ប្រក្រតី និង​មានការ​បន្លំ​ដក​ប្រាក់​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងា​.​យ​រង​គ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ របស់​ឈ្មោះ សុខ សុ​ផា ភេទ​ប្រុស ដែល​ជា​ស្មៀន និង​ជា​អ្នក​អនុវត្ត​កម្មវិធី​ក្នុង​សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ហើយ​សរុប​ទាំង ២០ ប័ណ្ណ គឺ​មាន​ទឹកប្រាក់​សរុប​ចំនួន ៧០.៩៨៨.០០០ រៀល​។

តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ សុខ សុ​ផា ស្មៀន​សង្កាត់​តា​ខ្មៅ បាន​ឆ្លើយ​សារភាព​ឱ្យ​ដឹង​ថា ខ្លួន​ពិតជា​បាន​ធ្វើការ​ផ្ទៀងផ្ទាត់​, រក្សា​ទុក និង​បាន​ទៅ​ដក​ប្រាក់​ពី​កម្មវិធី​មក​រក្សា​ទុក​ខ្លួនឯង និង​មិន​ប្រគល់​ប្រាក់ ព្រមទាំង​ប័ណ្ណ​សមធម៌​ជូន​ម្ចាស់​ដើម​ពិតប្រាកដ​មែន​៕ដោយ៖ សិរី នាគ

 

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *