Breaking News

ក្រុមហ៊ុន Grab ប្តេជ្ញានៅចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត ពីការជំរុញអ្នកប្រកបអាជីវកម្មដោយប្រើថ្នាលឌីជីថល Grab ធ្វើជាគម្រូល្អ ក្នុងការគោរពច្បាប់ចរាចរណ៍ ការផ្តល់សុវត្ថិភាព

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Anthony Tan នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន Grab ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។

លោក Anthony Tan បានជម្រាបជូនអំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Grab ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ជាក្រុមហ៊ុនបច្ចេកវិទ្យាតាមប្រព័ន្ធទូរស័ព្ទឆ្លាត (Smart phone) ដែលផ្តល់សេវាកម្មដឹកជញ្ជូន និងការទូទាត់តាមប្រព័ន្ធឌីជីថល សម្រាប់អ្នកបើកបរ ដៃគូពាណិជ្ជករ និងអ្នកប្រើប្រាស់។ សព្វថ្ងៃ ក្រុមហ៊ុន Grab មានវត្តមានអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា​ សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម និងតំបន់អាស៊ីអាគ្នេយ៍។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែង នូវក្តីរីករាយចំពោះជំនួបជាមួយលោកនាយកប្រតិបត្តិក្រុមហ៊ុន Grab និងបានអរគុណចំពោះការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក្នុងវិស័យដឹកជញ្ជូន ដែលគម្រូអាជីវកម្មរបស់ Grab បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងទាក់ទាញ និងប្រមូលផ្តុំប្រតិបត្តិករក្រៅប្រព័ន្ធ ជាពិសេសផ្នែកដឹកជញ្ជូន ឱ្យចូលមកក្នុងថ្នាលឌីជីថលរបស់ Grab ដែលកំពុងតែមានការអភិវឌ្ឍ និងទំនើបកម្មជាលំដាប់ ។

សម្តេចធិបតី បានគាំទ្រចំពោះការប្តេជ្ញារបស់ក្រុមហ៊ុន Grab ក្នុងការជំរុញអ្នកប្រកបអាជីវកម្មដោយប្រើថ្នាលឌីជីថល Grab ធ្វើជាគម្រូក្នុងការគោរពច្បាប់ចរាចរណ៍ ការផ្តល់សុវត្ថិភាព និងផាសុកភាពដល់អតិថិជនរបស់ខ្លួន ជាប់ជាប្រចាំ ៕

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *