Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គម្រោងព្រែកជីកហ្វូណន-តេជោ នឹងជួយបង្កើតការងារតាមផ្លូវទឹក និងជួយឲ្យតម្លៃដឹកជញ្ជូនទាប

អូស្រ្តាលី៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ព្រែកជីកហ្វូណន-តេជោ នឹងក្លាយជាចំណែកបម្រើវិស័យដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេ ទៅសមុទ្រ បង្កើតការងារ និងជួយឱ្យតម្លៃដឹកជញ្ជូនមានកម្រិតទាប។

នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមូយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «យើងមានគម្រោងមួយ តពីទឹកសាបទៅទឹកប្រៃ ជីកព្រែកមួយហៅថា ព្រែកជីកហ្វូណន-តេជោ តពីសមុទ្រនៅកំពតយកមកដល់ទន្លេបាសាក់របស់យើង។ ថ្ងៃក្រោយ ប្រជាពលរដ្ឋយើងដឹកជញ្ជូន ពីក្រចេះតាមកប៉ាល់ អាចចេញទៅសមុទ្របាន អីចឹងថ្ងៃក្រោយអាចកាត់បន្ថយ ថ្លៃដឹកជញ្ជូន អ្នករស់នៅតាមផ្លូវទឹក (នឹងសម្បូរសប្បាយព្រោះ) ថ្ងៃក្រោយនឹងក្លាយជាតំបន់ឧស្សាហកម្ម ធ្វើឲ្យពលរដ្ឋធូរធារ»។

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់​ ត្រូវបាន​ប្រសិទ្ធ​នាម​ថាគម្រោង «ព្រែកជីកហ្វូណនតេជោ» នាសម័យប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រីនីតិ​កាល​ទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ។
រាជរដ្ឋាភិបាល បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីដំណើរ​ការ​អនុវត្តគម្រោងនេះផងដែរ។

គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង ១៨០​គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃ​ទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេ​បាសាក់ រួចចូលតាមព្រែកតាហ៉ីង នៃទន្លេ​បាសាក់ ស្រុកកោះធំ និងបន្តរហូត​ដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់​ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។

ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាង​ក្រោម​ប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាច​ចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។

ពាក់ព័ន្ធនឹងគម្រោងសាងសង់ «ព្រែកជីកហ្វូណនតេជោ» នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ រវាងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដើម្បីបើកផ្លូវឱ្យក្រុមហ៊ុននេះ សិក្សាលម្អិតលើគម្រោងក្នុងរយៈពេល៨ខែ។ បន្ទាប់ពីសិក្សាចប់រយៈពេល ៨ខែនេះ គឺឈានដល់ការចរចា ដើម្បីឈានទៅចុះកិច្ចព្រមព្រៀងសាងសង់តែម្តង៕

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *