អូស្រា្តលី៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃខាងមុខ កម្ពុជាយើង នឹងកសាង «ស្ពានក្រោមទឹក» បន្ថែមមួយទៀត ដើម្បីកុំឱ្យចាញ់ប្រទេសដទៃ។
នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមូយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ជម្រាបពលរដ្ឋខ្មែរនៅអូស្ត្រាលី និងណូវែលហ្សេឡង់ ដោយមានប្រសាសន៍ថា “កាលពីមុនយើងមានស្ពាន ១កន្លះ កាលខ្ញុំចេញមក ស្ពានច្បារអំពៅ (ស្ពានព្រះមុនីវង្ស) ហើយស្ពានជ្រោយចង្វារ១កំណាត់ ដោយសារគេដាក់មីនផ្តាច់ ឥឡូវ យើងមានស្ពានបូកតាំងពីព្រែកព្នៅឡើងមកចង់ប៉ុន្មាន ហើយឥឡូវតិចទៀតធ្វើបន្ថែមទៀត ថ្ងៃមុនខ្ញុំទៅសម្ពោធស្ពានមួយនៅចាក់អង្រែក្រោម ទៅព្រែកប្រា ស្ពានច្បារអំពៅឡើង២ខ្សែ ស្ពានជ្រោយចង្វារមាន២ខ្សែ ស្ពានព្រែកព្នៅ ស្ពានអីហ្នឹង ហើយស្ពានកោះនរា ហើយតិចទៀតយើងធ្វើស្ពានមួយ ចាប់ពីផ្សារចាស់ឡើងទៅអរិយក្សត្រ ហើយគេកំពុងសិក្សា ផ្លូវក្រោមទឹក ឥឡូវយើងធ្វើផ្លូវស្ពានលើទឹកអស់ហើយ គេធ្វើអាក្នុងទឹកមួយទៀត កុំឲ្យចាញ់គេ”៕