Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា កំពុងទាក់ទាញក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំរបស់ចិន BYD មកបង្កើតរោងចក្រនៅកម្ពុជា

អូស្ត្រាលី៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា កម្ពុជា កំពុងទាក់ទាញក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) ខ្នាតយក្សរបស់ចិន មកបង្កើតរោងចក្រនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលកាន់តែច្រើនជូនប្រជាពលរដ្ឋ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រ ទេសអូស្រ្តាលី និងនូវែលហ្សេឡង់ នៅថ្ងៃទី ៣ខែមីនា ឆ្នាំ ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ប្រជាពលរដ្ឋយើងកាលពីមុនភាគច្រើនធ្វើការងារតែក្នុងវិស័យកាត់ដេរ ប៉ុន្តែឥឡូវនេះចាប់ផ្តើមធ្វើនៅក្នុងរោងចក្រផលិតគ្រឿងបង្គុំអគ្គិសនី និងធ្វើការក្នុងរោងចក្រដំឡើងរថយន្ត ហើយនាពេលខាងមុខយើងនឹងធ្វើកាន់តែខ្ពស់ជាងនេះ។

សម្តេចធិបតី បានបញ្ជាក់ថា ឥឡូវនេះកម្ពុជា កំពុងទាក់ទងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) BYD របស់ចិន មកបើករោងចក្រនៅកម្ពុជា ដែលក្រុមហ៊ុននេះ កំពុងមានការប្រកួតប្រជែងជាមួយក្រុមហ៊ុន Tesla របស់អាមេរិក។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា ការណ៍ដែលក្រុមហ៊ុនផលិតរថយន្តដ៏ធំនេះ ចាប់អារម្មណ៍បង្កើតរោងចក្រនៅកម្ពុជា ដោយសារគេមើលឃើញប្រទេសកម្ពុជា លើកត្តា ៣សំខាន់ៗ ក្នុងនោះរួមមាន៖ ១. កម្ពុជា មានសុខសន្តិភាព និងស្ថិរភាព, ទី២. ការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ និងទី ៣. ធនធានមនុស្សប្រកបដោយភាពប្រកួតប្រជែង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា សម្តេចនឹងបន្តសកម្មភាពដើរទាក់ម៉ូយ ទោះបានតិច ឬបានច្រើន នៅតែបន្តទាក់ម៉ូយ ដែលសម្តេចចាត់ទុកជា «ការទូតសេដ្ឋកិច្ច យកសេដ្ឋកិច្ចជាគោល ព្រោះសេដ្ឋកិច្ចគឺជាអាយុជីវិតរបស់ប្រជាពលរដ្ឋ គឺជាក្រពះជាតិរបស់យើង» ដែលធ្វើឲ្យប្រជាជនយើងខ្លាំង ធ្វើឲ្យពួកគាត់មានសមត្ថភាព និងចំណេះដឹងសុខភាពល្អ ហើយមានឳកាសការងារកាន់តែច្រើន ចំណូលកាន់តែច្រើនជូនគាត់។

បន្ថែមពីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកឡើងពីកិច្ចការអាទិភាពផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់នោះគឺការរក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ រក្សាសន្តិសុខសណ្តាប់ធ្នាប់ឲ្យល្អប្រសើរ ដោយបន្តលប់បំបាត់បញ្ហាចោរកម្ម និងគ្រឿងញៀនជាដើម ដែលនឹងធ្វើឲ្យប្រជាពលរដ្ឋកាន់តែសប្បាយរីករាយ មានសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន BYD បានបំបែកកំណត់ត្រាក្លាយជាក្រុមហ៊ុនផលិត និងលក់រថយន្តបានច្រើនជាងគេលើពិភពលោក ដែលវ៉ាដាច់ក្រុមហ៊ុនTesla របស់មហាសេដ្ឋី Elon Musk ដោយក្នុង ២០២៣ ក្រុមហ៊ុន BYD បានលក់រថយន្តសរុបទូទាំងពិភពលោកបានចំនួនជាង ៣លានគ្រឿង ស្មើនឹងជាង ៦៤% នៃទីផ្សាររថយន្តអគ្គិសនីនៅលើពិភពលោក។
កាលពីខែកុម្ភៈកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD បានបើកការិយាល័យតាំងបង្ហាញលក់រថយន្តរបស់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា កំពុងទាក់ទាក់ទាញក្រុមហ៊ុនផលិតរថយន្តម៉ាកយីហោល្បីៗរបស់ពិភពលោកចូលមកបណ្តាក់ទុនបង្កើតរោងចក្រកាន់តែច្រើនឡើង ស្របតាម «ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍វិស័យយានយន្ត និងអេឡិចត្រូនិក» ដែលរាជរដ្ឋាភិបាលបានដាក់ចេញកន្លងមក ដើម្បីទាក់ទាញការវិនិយោគលើវិស័យនេះនៅកម្ពុជា។

ជាក់ស្តែង បច្ចុប្បន្នកម្ពុជា មានរោងចក្រដំឡើងរថយន្តដែលជាម៉ាកល្បីៗជាច្រើន ដូចជា Hyundai, Daehan, Kia, Ssangyong, Soueast, Dongfeng, Ford, ISUZU, Toyota និងក្រុមហ៊ុន GTV MOTOR ដែលផលិតរថយន្តប្រើប្រាស់ម៉ាកយីហោក្នុងស្រុក ជាដើម៕

 

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *