អូស្ត្រាលី៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តយកការសម្រេចចិត្តរបស់សម្តេចមិនអនុញ្ញាតឱ្យដាំកញ្ឆាជម្រាបជូនពលរដ្ឋខ្មែរនៅអូស្ត្រាលី និងនូវែលសេឡង់ ដោយបានបញ្ជាក់ថា ដរាបណាសម្ដេចនៅធ្វើនាយករដ្ឋមន្ត្រី សម្ដេចមិនអនុញ្ញាតឱ្យដាំកញ្ឆានៅប្រទេសកម្ពុជាឡើយ។
នេះជាការថ្លែងរបស់សម្តេចធិបតី ក្នុងឱកាសជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់ នាល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងមែនប៊ន ប្រទេសអូស្ត្រាលី។
នាឱកាសនោះ សម្ដេចធិបតីបានរំឭកពីយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ពិសេសការអនុវត្តនៅក្នុងជួរមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កងទ័ព ដែលសម្ដេចតែងប្រៀបប្រដូចទៅនឹងការវែកចកនៅក្នុងបឹង គឺត្រូវមានវិធីសាស្ត្រសម្អាត ដាក់រនាំងបាំងកុំឱ្យចករសាត់ចូលវិញ។ ដូចគ្នាដែរ ការបោសសម្អាតគ្រឿងញៀននៅប្រទេសកម្ពុជា គឺត្រូវចាប់ផ្ដើមអនុវត្តក្នុងជួរមន្ត្រីរាជការមុនគេ ហើយនឹងឈានទៅការអនុវត្តនៅផ្នែកផ្សេងទៀត។
ចំពោះបញ្ហាដើមកញ្ឆា សម្ដេចធិបតីបានបញ្ជាក់ឡើងវិញពីការសម្រេចចិត្តមិនអនុញ្ញាតឱ្យដាំកញ្ឆា កាលពីពេលកន្លងទៅ ជម្រាបជូនពលរដ្ឋខ្មែរនៅអូស្ត្រាលី និងនូវែលសេឡង់ ដោយបានបញ្ជាក់ថា ដរាបណាសម្ដេចនៅធ្វើនាយករដ្ឋមន្ត្រី សម្ដេចមិនអនុញ្ញាតឱ្យដាំកញ្ឆានៅប្រទេសកម្ពុជាឡើយ។
សម្ដេចបានថ្លែងយ៉ាងដូច្នេះដា «ដរាបណាខ្ញុំធ្វើនាយករដ្ឋមន្ត្រី ខ្ញុំមិនឱ្យដាំកញ្ឆានៅស្រុកខ្មែរ»។
សម្ដេចធិបតីបានលើកឡើងថា នៅប្រទេសខ្លះគេអនុញ្ញាតឱ្យដាំ ដើម្បីបម្រើឱ្យវិស័យសុខាភិបាល ប៉ុន្តែក៏មានប្រទេសខ្លះទៀត ក្រោយពេលអនុវត្តឱ្យដាំហើយ ក៏បែរជាគ្រប់គ្រងលែងបាន ព្រោះចំនួនច្រើនពេក។ ជូនកាលមានអ្នកលួចដាំនៅក្នុងព្រៃ ហើយបន្លំលក់ចេញតាមច្រកដែលគេអនុញ្ញាត។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា «ទោះមិនធ្វើអាជីវកម្មកញ្ឆា កម្ពុជាក៏មិនក្រដែរ តែកម្ពុជាមានតែខិតខំដាំដំណាំផ្សេងទៀត ដូចជាស្វាយ ចេកសម្រាប់នាំចេញ ល្អជាងដាំកញ្ឆា»។
សម្ដេចបានបន្តទៀតថា មានបទពិសោធន៍មួយនៅប្រទេសសិង្ហបុរី គឺគេបានរកឃើញថា ក្នុងចំណោមអ្នកញៀនគ្រឿងញៀនប្រមាណ៦០០០នាក់ មាន៤០ភាគរយបានញៀនចេញពីការជក់កញ្ឆាតាំងពីអាយុក្រោម១៨ឆ្នាំ ហើយយូរៗទៅក៏ឈានទៅការប្រើប្រាស់សារធាតុញៀនប្រភេទផ្សេងៗទៀត ដូច្នេះដាច់ខាតកម្ពុជាមិនអនុញ្ញាតឱ្យមានការដាំកញ្ឆានោះឡើយ៕