ថៃ៖នៅថ្ងៃទី២៣ ខែមេសា ២០២៤ នៅទីស្នាក់ការ UNESCAP នាទីក្រុងបាងកក តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច(LDCs) ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក្នុងអំឡុងពេលនៃអង្គសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ចនិងសង្គមសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP)។ នៅក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងអំពីតួនាទីដ៏សំខាន់របស់បច្ចេកវិទ្យាឌីជីថលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងដោះស្រាយបញ្ហានានា សំដៅសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់បញ្ចូលបច្ចេកវិទ្យា ជាការងារអាទិភាពសំខាន់មួយក្នុងគោលដៅ និងផែនការអភិវឌ្ឍន៍ជាតិ សំដៅពង្រីកហេដ្ឋរចនាសម្ព័ន្ធឌីជីថល លើកកម្ពស់អក្ខរកម្មឌីជីថល ជំរុញប្រព័ន្ធអេកូឡូស៊ីរស់រវើកសម្រាប់ធុរកិច្ចបង្កើតថ្មី សំដៅជំរុញកំណើនសេដ្ឋកិច្ច បង្កើនភាពប្រកួតប្រជែងរបស់អាជីវកម្មនៅកម្ពុជា និងផ្តល់ឱកាសថ្មីៗដល់យុវជនកម្ពុជា តាមរយៈគោលនយោបាយ និងផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។ បន្ថែមលើសពីនេះ កម្ពុជា បានប្រើប្រាស់បច្ចេកវិទ្យា ក្នុងកិច្ចការពារធនធានធម្មជាតិ និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាថាការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមប្រកបដោយបរិយាបន្ន និងមិនប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ដែលជាគោលការណ៍សំខាន់នៃការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា ចក្ខុវិស័យដឹកនាំរបស់សម្តេចធិបតី មិនត្រឹមជាភ្លើងបំភ្លឺផ្លូវដល់ការអភិវឌ្ឍប្រទេសជាតិប៉ុណ្ណោះទេ វាថែមទាំងជំរុញដល់ការពង្រឹងសាមគ្គីភាពក្នុងតំបន់ ដែលនឹងធ្វើឱ្យកម្ពុជា រួមជាមួយប្រទេសនានាក្នុងតំបន់ ឆ្ពោះទៅរកបដិវត្តន៍ឌីជីថល ដែលមានសក្តានុពលដ៏ធំធេង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងកិច្ចការពារបរិស្ថាន។
ជាចុងបញ្ចប់ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវដល់សហគមន៍អន្តរជាតិ រក្សាឱ្យបាននូវសាមគ្គីភាព បង្កើនកិច្ចសហប្រតិបត្តិការ បន្តចែករំលែកបទពិសោធន៍ល្អៗ និងបង្កើនការកៀរគរធនធាន ដើម្បីជំរុញដល់នវានុវត្តន៍ឌីជីថល និងសម្រេចឱ្យបាលគោលដៅរួមរបស់តំបន់៕