ខេត្តកំពង់ស្ពឺ៖ សម្ដេចក្រឡាហោមសខេង ឧបនាយក រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យលោក អន មង្គល ចាត់ក្រុមអធិការកិច្ចឲ្យចុះស្រាវជ្រាវករណីក្រុមប៉ូលិសចរាចរណ៍មួយក្រុមដឹកនាំដោយ លោក អៃ សំអាន ដែលតែងតែបញ្ជាឲ្យមន្ត្រីនគរបាលក្រោមឱវាទបើករថយន្តប្រដេញស្ទាក់ចាប់រថយន្តតាមដងផ្លូវជាតិលេខ៤ និងផ្លូវលំ ដោយមិនមានការសហការជាមួយមន្ត្រីមូលដ្ឋាន យកទៅពិន័យអ្នកបើកបរពី៦០០ ដុល្លារទៅ១០០០ដុល្លារ ដោយគ្មានវិក័យបត្រ។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមអធិការកិច្ចចុះធ្វើអធិការកិច្ចលើក្រុមការងាររបស់នាយកដ្ឋាននគរបាលសណ្តាប់ធ្នាប់សាធារណៈនេះចាប់ផ្ដើមពីថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២២ ដោយចាប់ផ្ដើមសាកសួរមន្ត្រីមូលដ្ឋានស្រុកភ្នំស្រួច មកមុន ដែលហាក់បីដូចជា ខុសពីមុន ដែលធ្វើពីលើ មកក្រោម។
ប្រភពពីមន្ត្រីនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់ថា ការចុះធ្វើអធិការកិច្ចនេះ បន្ទាប់ពីមានការចុះផ្សាយរបស់គេហទំព័រនានាអំពីសកម្មភាពរបស់ អៃ សំអាន កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ដែលបានផ្សាយថា “កាល ពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ មន្ត្រីនគរបាលចរាចរណ៍នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈដែលគេស្គាល់ថានៅក្រោមបញ្ជារបស់លោក អៃ សំអានឈរជើងនៅស្រុកកំពង់សិលាខេត្តព្រះ សីហនុ បានបើករថយន្ត២,៣គ្រឿង ធ្វើសកម្មភាពប្រដេញរថយន្តដឹកដីថ្មខ្សាច់ ចូលមកដល់ទឹកដីខេត្តកំពង់ស្ពឺ រួចចាប់យកទៅស្នាក់ការនៅស្រុកកំពង់សិលា ដើម្បីផាកពិន័យ បង្កឲ្យមហាជនរិះគន់យ៉ាងខ្លាំង ព្រោះសកម្មភាពប្រដេញនោះ អាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផ្លូវជាយថាហេតុ»។
ប្រភពបានបន្តថា យោងតាមលិខិត ដែលជូនដំណឹងមកខាងរដ្ឋបាលខេត្តកំពង់ស្ពឺ ក៏ដូចជាស្នងការដ្ឋាននគរបាលខេត្ត គឺបានបញ្ជាក់ថា ដើម្បីជៀសវាងនិងទប់ស្កាត់កំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឲ្យមាន ប្រសិទ្ធភាព គឺមន្ត្រីរបស់នាយកដ្ឋាន និងមន្ត្រីនគរបាលខេត្ត ត្រូវសហការគ្នា អនុវត្តកិច្ចការនេះផងដែរ។ តាមការបំភ្លឺរបស់ក្រុមមន្ត្រីស្នងការដ្ឋាននគរបាលខេត្ត ដែលអ្នកយកព័ត៌មានទទួលបាន គឺក្រុមប៉ូលិសចរាច ដឹកនាំដោយលោក អៃ សំអាន ធ្វើការដោយអត្តនោម័ត មិន ដែលសហការជាមួយមន្ត្រីមូលដ្ឋានស្រុកភ្នំស្រួចឡើយ។ អាងតែខ្លួនទទួលបញ្ជាពីថ្នាក់លើ មើលមិនឃើញអ្នក តូចតាចខាងក្រោម ធ្វើអ្វីស្រេចតែអំពើចិត្ត បង្កអោយពលរដ្ឋ មានការថ្នាំងថ្នាក់ជាមួយថ្នាក់ដឹកនាំ ហើយអ្វីដែលរឹតតែធ្វើឲ្យមហាជនរិះគន់កាន់តែខ្លាំងនោះ គឺនៅ ពេលដេញចាប់រថយន្ត គឺដេញចុះពីផ្លូវជាតិលេខ ៤ ផ្លូវទៅតាមភូមិ ហើយពេលជួបរថយន្ត ដែលចតលាងទឹក នៅខាងមុខផ្ទះ ក៏ក្រុមអស់លោក អៃ សំអាន ឃាត់យកទៅដែរ។
បើយោងតាម លិខិត របស់អគ្គស្នងការនគរបាលជាតិដែលគោរព ជូនសម្តេច ក្រឡាហោ ស ខេង នាយកដ្ឋានចរាចណ៍និងសណ្តាប់ធ្លាប់ សាធារណះ ធ្លាប់ធ្វើការបំភ្លឺម្តង ម្តងជាពីរដងរួចមកហើយ។ ដោយបញ្ជាក់ថា ការឃាត់រថយន្តផាកពិន័យ គឺធ្វើឡើងអនុលោមតាមអនុក្រិត្យ ស្តីពី ការពិន័យអន្តរកាល ចំពោះរថយន្ត ល្មើសច្បាប់ចរាចណ៍ផ្លូវគោកនិងបានធ្វើការផាកពិន័យ អ្នក បើកបរ ចន្លោះ ពី១៥ម៉ឺនរៀលទៅ៤០ម៉ឺនរៀល តាមបទល្មើសជាក់ស្តែង ។
ជុំវិញបញ្ហាខាងលើមហាជនកំពុងតាមដានជាពិសេសមន្ត្រីនគរបាលខេត្តកំពង់ស្ពឺ កំពុងរង់ចាំមើលថា តើក្រោយពីក្រុមអធិការកិច្ចបញ្ចប់ការស៊ើបសួរ មន្ត្រីក្នុងខេត្តរួច តើលោក អៃ សំអាន និងកូនចៅ មានវាសនាបែបណាដែរ ខណៈដែលគ្មានមន្ត្រីណាមួយ ឆ្លើយជួយដោះបន្ទុកបែបនេះ? ចំណែកឯក្រុមឡាន ដែលធ្លាប់រង គ្រោះ ដោយសារក្រុមលោក អៃ សំអានចាប់បានសំដែងការត្រេកអរយ៉ាងខ្លាំង បន្ទាប់ពីបានឮថាក្រុមអធិការកិច្ចក្រសួង កំពុងធ្វើការរឿងនេះ នៅល្ងាចថ្ងៃសុក្រ ទី២ ខែធ្នូ ឆ្នាំ២០២២ ដោយបានបញ្ចប់ការសាកសួរជាមួយមន្ត្រីនគរបាលខេត្តហើយ និងបន្តសាកសួរ.ក្រុមលោក អៃ សំអាន បន្តទៀត។ ចំពោះលទ្ធផលយ៉ាងណានោះ យើងនឹងផ្សាយបន្តទៀត៕SRN