កណ្តាល៖ ជនសង្ស័យម្នាក់ បានជិះម៉ូតូចូលមន្ទីរពេទ្យឯកជនចំនួន ២កន្លែង នៅស្រុកកណ្តាលស្ទឹង ដោយមួយកន្លែងជនសង្ស័យបានធ្វើសកម្មភាពលួចកាបូបលុយរបស់គ្រូពេទ្យ និងមួយកន្លែងទៀត ជនសង្ស័យបានស្ទុះទៅក្រៀកក និងយកដៃខ្ទប់មាត់ ច្របាច់កគ្រូពេទ្យ បោកផ្តួលទៅនឹងដី បំណងប្លន់ទ្រព្យសម្បត្តិ តែមិនសម្រេច ក៏ត្រូវអ្នកគ្រូពេទ្យ និងអ្នកជិតខាងក្របួចជាប់រាយការណ៍ជូនសមត្ថកិច្ច ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២២ ម្សិលមិញនេះ ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះមានចំនួន ២នាក់ ទី១-ឈ្មោះ ហេង វាសនា ភេទស្រី អាយុ ៣០ឆ្នាំ មានទីលំនៅភូមិពន់ចាន ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ គ្រូពេទ្យ ។ និងទី២ ឈ្មោះ ហង់ កែវកណ្ណិកា ភេទស្រី អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ គ្រូពេទ្យ ។ ចំណែកជនសង្ស័យឈ្មោះ ពៅ សុភ័ក្ត្រ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិថ្នល់ទស្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មុខរបរ មិនពិតប្រាក (ឃាត់ខ្លួន) ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ ០១គ្រឿងម៉ាក Honda Dream C125 ស៊េរីឆ្នាំ ២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1M 8239, បណ្ណព័ត៌មានគណនីធនាគារ អេស៊ីលីដា ០៣ សន្លឹក, កាត Wing ០៣ សន្លឹក, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ០២ សន្លឹក, បណ្ណចាក់វ៉ាក់សាំង ០១ សន្លឹក, កាត ATM ធនាគារអេស៊ីលីដា ០១ សន្លឹក, កាត ATM ធនាគារ ABA ០១ សន្លឹក, បណ្ណសម្គាល់ទោចក្រយានយន្ត ០២ សន្លឹក, វិក្កយបត្រ ០២ សន្លឹក, បង្កាន់ដៃចុះបញ្ជាក់ការចុះឈ្មោះបោះឆ្នោត ០១ សន្លឹក និងកាបូបដៃ ពណ៌ក្រឡាការូ ប្រផេះលាយខៀវ (របស់ជនរងគ្រោះឈ្មោះ ហង់ កែវកណ្ណិកា) ។
សមត្ថកិច្ចបានឱ្យដឹងបន្ថែមទៀតថា នៅវេលាម៉ោងជាង ៦ព្រឹក ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២២ ជនសង្ស័យខាងលើបានជិះម៉ូតូមួយគ្រឿងចេញពីផ្ទះរបស់ខ្លួនមកម្តុំផ្សារកំពង់កន្ទួត រួចបានចូលពេទ្យឯកជនមួយកន្លែងយីហោ «បន្ទប់ពីព្រោះជំងឺ និង ព្យាបាល សាន សុវណ្ណ» ស្ថិតក្នុងភូមិពន់ចាន ឃុំព្រែកស្លែង ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ពេលចូលទៅដល់ ជនសង្ស័យបានឱ្យជនរងគ្រោះពិនិត្យជំងឺរបស់ខ្លួន ពេលពិនិត្យរួច ជនរងគ្រោះបានប្រាប់ថា អូនឯងលើសឈាមហើយ ពេលនោះជនសង្ស័យបានប្រាប់ថាអត់អីទេ រួចក៏ចេញទៅបាត់ទៅ មួយសន្ទុះក្រោយមក ជនសង្ស័យបានជិះម៉ូតូត្រឡប់មកផ្ទះជនរងគ្រោះម្ដងទៀត ហើយបានធ្វើសកម្មភាពលួចយកកាបូបរបស់ជនរងគ្រោះ រួចជិះម៉ូតូរបស់ត្រឡប់មកផ្ទះវិញ ពេលជិះម៉ូតូមកតាមផ្លូវដល់ចំណុចតាមខ្នងប្រឡាយស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ ជនសង្ស័យបានឈប់ម៉ូតូឆែកមើលកាបូបលុយរបស់ជនរងគ្រោះ តែពុំឃើញមានលុយ មានតែឯកសារផ្សេងៗ ក៏បោះកាបូបនោះចោលក្នុងព្រៃបាត់ទៅ ហើយបន្តជិះម៉ូតូទៅដេកនៅផ្ទះអ៊ំរបស់ខ្លួនស្ថិតនៅក្នុងភូមិឃ្លាំងសម្បត្តិ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ ។
សមត្ថកិច្ចបានបន្តទៀតថា លុះដល់ម៉ោងប្រមាណ ៤រសៀល ថ្ងៃខែឆ្នាំដដែល ជនសង្ស័យបានជិះម៉ូតូចេញពីផ្ទះអ៊ុំរបស់ខ្លួនមកតាមផ្លូវជាតិលេខ ២ រួចចូលក្នុងពេទ្យឯកជនមួយកន្លែងទៀតយីហោ «បន្ទប់ពិគ្រោះ និងថែទាំជំងឺទូទៅ ហេង វាសនា» ស្ថិតក្នុងឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ពេលចូលទៅដល់ក្នុងពេទ្យ ជនសង្ស័យបានប្រាប់ជនរងគ្រោះថា ខ្លួនចង់វាស់ឈាម ពេលនោះជនរងគ្រោះបានឲ្យជនសង្ស័យអង្គុយលើកៅអី រួចជនរងគ្រោះពិនិត្យឈាមឲ្យជនសង្ស័យចំនួនពីរដង ពេលពិនិត្យឈាមរួច ជនសង្ស័យបានសួរជនរងគ្រោះរកទិញទឹកដោះគោកូនក្មេង និងទិញចានដែកងូតទឹកកូនក្មេង ពេលជនរងគ្រោះឈោងយកចានដែកងូតទឹកកូនក្មេងនៅលើធ្នើរ ជនសង្ស័យបានស្ទុះទៅក្រៀកក និងយកដៃខ្ទប់មាត់ ច្របាច់ករជនរងគ្រោះបោកផ្តួលទៅនឹងដី បំណងចង់លួចយកលុយ ទូរស័ព្ទ និងសម្ភារៈផ្សេងៗ តែជនរងគ្រោះប្រឹងរើរបម្រាស់ ខាំដៃរបស់ជនសង្ស័យជាប់ ពេលនោះជនសង្ស័យបានព្យាយាមរត់សំដៅទៅម៉ូតូ ដើម្បីជិះរត់គេចខ្លួន តែត្រូវបានជនរងគ្រោះ និងអ្នកជិតខាងបានជួយចាប់ជនសង្ស័យ ហើយរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកស្លែង ។ ពេលទទួលបានពត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកស្លែង បានទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕ដោយ៖ សិរី