ភ្នំពេញ៖បុរសម្នាក់បានបើករថយន្តម៉ាកតូយូតាព្រូសមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូឌ្រីមសង់ពីក្រោយអូសកិនទៅមុខជាច្រើនម៉ែត្របណ្តាលឱ្យបុរសវ័យចំណាស់ម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង ៨យប់ថ្ងៃទី ១៦ខែធ្នូឆ្នាំ ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវ ២០០៤ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនកើតហេតុគេឃើញបុរសរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1FI-2296 ជិះតាមបណ្តោយផ្លូវ២០០៤ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តបង្កម៉ាកតូយូតាព្រូសពណ៌ប្រផេះពាក់ផ្លាកលេខ ភ្នំពេញ 2BL-0786 បើកបរដោយបុរសម្នាក់ធ្វើដំណើរពីក្រោយតាមបណ្តោយផ្លូវ២០០៤ស្របគ្នាទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនមិនបង្អង់ក៏ជ្រុលទៅបុកម៉ូតូឌ្រីមសង់ជិះដោយបុរសម្នាក់ពីក្រោយយយ៉ាងពេញទំហឹងបណ្តាលអោយខ្ទាតជនរងគ្រោះចេញពីម៉ូតូបោកក្បាលនៅនិងថ្នល់រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកឯម៉ូតូវិញ អូសចូលក្រោមរថយន្តទៅមុខជាច្រើនម៉ែត្រទើបម្ចាស់រថយន្តបង្កឈុបរួចបើកទ្វាររត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងផ្នែកជំនាញចរាចរណ៍ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុងអោយចុះមកវាស់វែងយករថយន្តស្ទូចមកស្ទូចយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕