កំពង់ចាម៖ បើយោងតាមប្រភពព័ត៌មាន ពីស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២នេះថា ក្នុងរយៈពេលមួយថ្ងៃ កម្លាំងនគរបាលស្រុកចំនួន២ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចុះបង្ក្រាបករណីបញ្ជល់មាន់ខុសច្បាប់ (ភ្នាល់មាន់) សរុប៥នាក់។
ជាក់ស្ដែងករណីទី១៖ បានធ្វើឡើងកាលពីវេលាម៉ោង ១០៖៣០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញ របស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចក្រោមដើមសង្កែ ស្ថិតនៅភូមិអណ្តូងស្វាយ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានបង្រ្កាបឃាត់ខ្លួនបានមុខសញ្ញា ចំនួន០៣នាក់ និងដកហូតវត្ថុតាងមួយចំនួន។
ចំណែកករណីទី២៖ ធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកចំការលើ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលស្វាយទាប បានចុះបង្ក្រាបករណីលួចលេងល្បែងសុីសងដោយខុសច្បាប់ (ប្រជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចចំការកៅស៊ូ ខាងត្បូងភូមិ វាលរីលិច ឃុំស្វាយទាប។
ជាលទ្ធផលកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ និងដកហូតវត្ថុតាងមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕SRN