ភ្នំពេញ៖ លោក នេត្រ ភាក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ បានឲ្យដឹងថា សម្រុកត្រយ៉ងយក្សក្នុងតំបន់ការពារធម្មជាតិកម្ពុជា! ការថែរក្សា និងអង្កេតសំបុកពងកូនរបស់សត្វត្រយ៉ងយក្ស គឺជាកិច្ចការងារដ៏សំខាន់មួយ របស់ក្រុមអ្នកអភិរក្ស ដើម្បីឱ្យច្បាស់ថា គ្មានការរំខានដោយមនុស្សទៅលើសំបុករបស់វា រហូតដល់កូនត្រយ៉ងដែលញាស់អាចហើរចេញពីសំបុកបាន។ ប្រភេទសត្វត្រយ៉ងយក្ស ឬប្រជាសហគមន៍តែងហៅថា សត្វឪលើក ហើយជាសត្វស្លាប និមិត្តសញ្ញាជាតិ របស់ព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ននេះមានប្រមាណជាង ៣០០ក្បាលប៉ុណ្ណោះលើពិភពលោក ហើយ ៩៩ភាគរយ មានវត្តមានក្នុងប្រទេសកម្ពុជា ក្នុងនោះសត្វត្រយ៉ងយក្សពេញវ័យមានតិចជាង ២០០ក្បាល។
លោកបានបន្តថា៖ ក្រោមការគាំទ្របច្ចេកទេសពីអង្គការដៃគូរអភិរក្ស មន្ទីរបរិស្ថានខេត្ត និងដៃគូរអភិរក្ស បានជ្រើសរើសអ្នកភូមិដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិ ហើយក្នុងនោះ ក៏មានអ្នកធ្លាប់ដាក់អន្ទាក់ចាប់សត្វ បរបាញ់សត្វផង ដើម្បីយាមសំបុកសត្វស្លាបសំខាន់ៗមួយចំនួនរួមមាន៖ ត្រយ៉ងយក្ស ត្រយ៉ងចង្កំកស ត្រដក់តូច ដំបងគ្រញូង ពពូលទឹក ត្មាតភ្លើង ក្រៀល ទាព្រៃស្លាបស និងកុកពាក់អំបោះជាដើម។
ប្រជាពលរដ្ឋដែលបានឃើញសំបុកពងកូនសត្វហើយរាយការណ៍មកក្រុមស្រាវជ្រាវជីវៈចម្រុះ នឹងត្រូវទទួលបានប្រាក់លើកទឹកចិត្តចំនួន ៤០,០០០រៀល ($១០) រីឯអ្នកយាមសំបុកពងកូនសត្វនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៣៦,០០០រៀល ($៩) សម្រាប់មនុស្សពីរនាក់ក្នុងមួយថ្ងៃ៕