Breaking News

ចិន ចាប់ផ្ដើមលេងល្បែងសង្គ្រាមជាថ្មី បំភ័យកោះតៃវ៉ាន់

តៃប៉ិ៖ ជាមួយនឹងការបង្កើនសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឥឡូវកងទ័ពរំដោះប្រជាជនចិន បានចាប់ផ្ដើមធ្វើសមយុទ្ធជាថ្មី នៅជុំវិញកោះតៃវ៉ាន់ ហើយត្រូវបានទីក្រុងតៃប៉ិ ចាត់ទុកសកម្មភាពរបស់ក្រុងប៉េកាំង ជាការបំផ្លិចបំផ្លាញដល់សន្ដិភាពនៅក្នុងតំបន់។

សារព័ត៌មាន Al Jazeera បានចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី២៥ ខែធ្នូថា កងទ័ពចិន បានអះអាងថា ខ្លួនបានអនុវត្ដការធ្វើសមយុទ្ធបាញ់ប្រហារនៅលើសមុទ្រ និងអាកាស នៅជុំវិញកោះតៃវ៉ាន់ ជាការឆ្លើយតបទៅនឹងអ្វីជាការបង្កហេតុ ចេញពីដែនកោះគ្រប់គ្រងដោយខ្លួនឯង និង សហរដ្ឋអាមេរិក។

ចិន តែងតែអះអាងអំពីដែនអធិបតេយ្យភាពរបស់ខ្លួន នៅលើកោះតៃវ៉ាន់ ហើយបង្កើនសកម្មភាពយោធារបស់ខ្លួន ជុំវិញដែនកោះមួយនេះ។ ប៉ុន្ដែក្រុងតៃប៉ិ បានអះអាងថា កាធ្វើសមយុទ្ធយោធា កាលពីថ្ងៃអាទិត្យ បានបង្ហាញថា ចិនកំពុងតែបំផ្លាញសន្ដិភាព នៅក្នុងតំបន់ និង ព្យាយាមបំភិតបំភ័យដល់ប្រជាជនតៃវ៉ាន់។

ចិន បានរៀបចំល្បែងសង្រ្គាមនៅជុំវិញកោះតៃវ៉ាន់ កាលពីខែសីហា ក្រោយពេលប្រធានសភារបស់សហរដ្ឋអាមេរិក ដែលបច្ចុប្បន្ននឹងជិតផុតអាណត្ដិ លោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) បានទៅបំពេញទស្សនកិច្ចនៅក្នុងទីក្រុងតៃប៉ិ។ ជាមួយគ្នានេះ ក្រុងប៉េកាំងបានថ្កោលទោស ដល់សហរដ្ឋអាមេរិក ចំពោះការបង្កើតច្បាប់ការពារជាតិថ្មី ដែលជំរុញដល់ការផ្ដល់ជំនួយយោធាសម្រាប់កោះតៃវ៉ាន់។

បញ្ជាការដ្ឋានភូមិភាគបូព៌ារបស់ចិន បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «កងទ័ពរំដោះប្រជាជនចិន បានល្បាតត្រៀមប្រយុទ្ធរួមគ្នា និងសមយុទ្ធវាយប្រហារ ដោយកម្លាំងប្រដាប់អាវុធរួម នៅជុំវិញកោះតៃវ៉ាន់។ ប៉ុន្ដែកងទ័ពចិន មិនបានបញ្ជាក់ អំពីទីតាំងពិតប្រាកដនោះឡើយ។ នេះជាការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការកើនឡើង នៃការឃុបឃិតគ្នា និង ការបង្កហេតុ ពីសហរដ្ឋអាមេរិក និង តៃវ៉ាន់ នាពេលបច្ចុប្បន្នឡើយ។ កងទ័ពចិន នឹងចាត់វិធានការចាំបាច់ទាំងអស់ សម្រាប់ការពារនូវអធិបតេយ្យភាពជាតិ និង បូរណភាពទឹកដីយ៉ាងម៉ឺងម៉ាត់បំផុត»។

ក្រសួងការពារជាតិតៃវ៉ាន់ បានអះអាងថា សកម្មភាពយោធារបស់ចិន នាពេលនេះ កំពុងតែបង្ហាញអំពីចិត្តគំនិតរបស់ក្រុងប៉េកាំង នៅក្នុងការដោះស្រាយបញ្ហាដោយកម្លាំង និងការបំផ្លាញសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ នេះជាសកម្មភាពបំភិតបំភ័យដោយកម្លាំងយោធារបស់ចិន មកលើកោះតៃវ៉ាន់។ ជាការឆ្លើយតបវិញនោះ ក្រុងតៃប៉ិ នឹងបន្តបង្កើនកម្លាំងយោធារបស់ខ្លួនបន្ថែមទៀត។

មន្រ្ដីជាន់ខ្ពស់សហរដ្ឋអាមេរិក ធ្លាប់បានអះអាងថា ចិនមានសមត្ថភាពគ្រប់គ្រង់ នៅក្នុងការវាយដណ្ដើមយកកោះតៃវ៉ាន់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ ជាមួយនឹងការអះអាងបែបនេះ ក្រុងវ៉ាស៊ីនតោន ក៏បានសម្រេចផ្ដល់ជំនួយយោធា មានទំហំទឹកប្រាក់រហូតដល់១០ពាន់លានដុល្លារ សម្រាប់រយៈពេល៥ឆ្នាំ បន្ថែមពីលើកញ្ចប់ថវិកាវិស័យការពារជាតិរបស់តៃវ៉ាន់ ទិញគ្រឿងសឹកទំនើបៗ ពីសហរដ្ឋអាមេរិក៕

Check Also

ឯកឧត្តមបណ្ឌិត លី ធុជ ស្វែងរកការគាំទ្រពីការិយាល័យ UNODA ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើសកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា ឆ្ពោះទៅកិច្ចប្រជុំកំពូលសៀមរាប-អង្គរ

Leave a Reply

Your email address will not be published. Required fields are marked *