រដ្ឋធានីកៀវ៖ ក្រោយពេលចិន និង ឥណ្ឌា បានអំពាវនាវឱ្យមានការចរចាបញ្ចប់សង្គ្រាមអ៊ុយក្រែន នៅឯអង្គការសហប្រជាជាតិ ដោយបញ្ឈប់ការគាំទ្រដ៏រឹងមាំរបស់ប្រទេសទាំង២នេះ សម្រាប់សម្ព័ន្ធមិត្តជាប្រពៃណីជាមួយនឹងរុស្ស៊ីនោះ ការហៅទូរស័ព្ទរវាងលោកប្រធានាធិបតី ហ្សេឡែនស្គី និង លោកនាយករដ្ឋមន្រ្ដី មូឌី ក៏បានកើតឡើង ចំពេលក្រុងញូវដេលី កំពុងតែស្វះស្វែងរកការពង្រឹងនូវទំនាក់ទំនងពាណិជ្ជកម្ម ជាមួយនឹងក្រុងមូស្គូ។
សារព័ត៌មាន Al Jazeera បានចេញផ្សាយកាលពីថ្ងៃចន្ទ ទី២៦ ខែធ្នូនេះថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា នៅក្នុងការសន្ទនាគ្នាតាមទូរស័ព្ទ ជាមួយនឹងលោក ណារ៉ែនដ្រា មូឌី (Narendra Modi) នាយករដ្ឋមន្រ្ដីឥណ្ឌា គាត់បានសុំការជួយពីប្រទេសឥណ្ឌ ដោយការអនុវត្ដនូវរូបមន្ដសន្ដិភាព។ ការសន្ទនាគ្នា កាលពីថ្ងៃចន្ទ នេះ បានកើតឡើងចំពេលឥណ្ឌា កំពុងតែចង់ពង្រឹងនូវទំនាក់ទំនងពាណិជ្ជកម្ម ជាមួយនឹងក្រុងមូស្គូ ខណៈបណ្ដាប្រទេសបស្ចិមលោក បានបង្ហាញអំពីវិធានការថ្មីៗជាច្រើន ដើម្បីកំណត់ទៅលើប្រាក់ចំណូលរបស់រុស្ស៊ី សម្រាប់ការធ្វើសង្គ្រាមរបស់ក្រុងមូស្គូ ប្រឆាំងនឹងអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែន បានសរសេរនៅលើបណ្ដាញសង្គមធ្វីធើរថា «ខ្ញុំបានសន្ទនាតាមទូរស័ព្ទ ជាមួយនឹងនាយករដ្ឋមន្រ្ដីឥណ្ឌា លោក ណារ៉ែនដ្រា មូឌី និងជូនពរដល់ការធ្វើជាប្រធាន G20 ប្រកបដោយជោគជ័យ។ នេះជាវេទិកាដែលខ្ញុំប្រកាសអំពីរូបមន្ដសន្ដិភាព ហើយឥឡូវនេះ ខ្ញុំពឹងផ្អែកលើការចូលរួមរបស់ឥណ្ឌា នៅក្នុងការអនុវត្តរូបមន្ដនេះ»។
លោក Zelenskyy បានស្នើដល់ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនបំផុតទាំង២០ (ឬ G20) កាលពីខែមុន ឱ្យអនុម័តរូបមន្តសន្តិភាព ចំនួន១០ចំណុចរបស់អ៊ុយក្រែន សម្រាប់ការបញ្ចប់សង្រ្គាម។ ឥឡូវនេះ ឥណ្ឌាកាន់តំណែងជាប្រធាន G20 រយៈពេល១ឆ្នាំ បន្ដពីប្រទេសឥណ្ឌូណេស៊ី។
រដ្ឋាភិបាលឥណ្ឌា បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «មេដឹកនាំប្រទេសទាំង២ បានពិភាក្សាគ្នា អំពីឱកាសនានា សម្រាប់ពង្រឹងនូវកិច្ចសហប្រតិបត្ដិការ។ ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្ដីឥណ្ឌា បានពន្យល់អំពីអាទិភាពចម្បង នៅក្នុងឋានៈជាប្រធាន G20 របស់ឥណ្ឌា រួមទាំងការផ្ដល់សំឡេងពាក់ព័ន្ធជាមួយនឹងបណ្ដាប្រទេសកំពុងអភិវឌ្ឍ ដោយផ្ដោតលើបញ្ហាជាច្រើន មានដូចជា សន្ដិសុខស្បៀងអាហារ និង ថាមពល…ជាដើម។ លោក មូឌី ក៏បានអំពាវនាវជាដដែលជំរុញឲ្យបញ្ចប់អរិភាព នៅក្នុងប្រទេសអ៊ុយក្រែនជាបន្ទាន់ ហើយបានបង្ហាញអំពីការគាំទ្ររបស់ឥណ្ឌា សម្រាប់កិច្ចខិតខំប្រឹងប្រែងសន្តិភាពណាមួយឲ្យកើតឡើង សម្រាប់ប្រទេសដែលកំពុងតែហែកហួរដោយសារសង្គ្រាម»។
ឥណ្ឌា មិនដែលថ្កោលទោសដល់ការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែននោះឡើយ ហើយក្រុងញូវដេលី បែរជាបង្ហាញមុខមាត់ក្លាយជាប្រទេសទិញប្រេងដ៏ធំរបស់រុស្ស៊ី បន្ទាប់ពីចិន។ ទណ្ឌកម្មរបស់លោកខាងលិច បានកំណត់គោលដៅលើផលិតផលប្រេងឥន្ធនៈ និងថាមពលរបស់រុស្ស៊ី ដែលជាការនាំចេញដ៏ធំបំផុតរបស់ក្រុងមូស្គូ និងជាអ្នករកលុយ។ ប៉ុន្តែក្នុងខែនេះ ឥណ្ឌាបានទិញប្រេងឆៅពីក្រុមហ៊ុន Urals (អ៊ូរ៉ាល់ស៍) ក្នុង១ធុង មានតម្លៃតិចជាង៦០ដុល្លារ ដែលមានការព្រមព្រៀង ដោយប្រទេសលោកខាងលិច។
រដ្ឋមន្ត្រីការបរទេសឥណ្ឌា បានបញ្ជាក់ថា ប្រទេសមហាយក្សអាស៊ីខាងត្បូងមួយនេះ (ឥណ្ឌា) មានតម្រូវការថាមពលច្រើនខ្លាំងណាស់ ខណៈកម្រិតប្រាក់ចំណូលមិនខ្ពស់ ហើយត្រូវតែសម្លឹងមើលពីការថែរក្សាផលប្រយោជន៍ផ្ទាល់ខ្លួន។ ទន្ទឹមគ្នានេះ គាត់បានហៅប្រទេសរុស្ស៊ីថា «ជាដៃគូដែលមានស្ថិរភាព និងសាកល្បងពេលវេលា»។
ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters បានរាយការណ៍កាលពីខែមុនថា ក្រុងមូស្គូបានបញ្ជូនតារាងផលិតផលជាង៥០០មុខ ដែលក្រុងញូវដេលីត្រូវការ ទៅឲ្យប្រទេសឥណ្ឌា រួមមាន គ្រឿងបន្លាស់រថយន្ដ, យន្ដហោះ និង រថទេះភ្លើង។ ការដាក់ទណ្ឌកម្មរបស់បស្ចិមលោក និង សម្ពន្ធមិត្ត បានរំខានដល់សមត្ថភាពរបស់រុស្ស៊ី នៅក្នុងការបន្តដំណើរការឧស្សាហកម្មសំខាន់ៗ នៅក្នុងប្រទេសមហាអំណាចយោធាលំដាប់លេខ២របស់ពិភពលោកមួយនេះ។
បើតាមរដ្ឋមន្រ្ដីក្រសួងការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ាន់យ៉ាម ចៃសាន់កា (Subrahmanyam Jaishankar) បានឲ្យដឹងថា ក្រុងញូវដេលី ក៏បានបញ្ជូនតារាងផលិតផលឥណ្ឌា ដែលក្រុងមូស្គូត្រូវការ នៅក្នុងទីផ្សាររបស់ខ្លួន ទៅកាន់រុស្ស៊ី ផងដែរ។ ជាមួយគ្នានេះដែរ ក្រុងញូវដេលី កំពុងតែស្វែងរកតុល្យភាពពាណិជ្ជកម្មទ្វេភាគី ដែលបច្ចុប្បន្ន តម្រង់គោលដៅ ទៅលើប្រទេសរុស្ស៊ី៕