Breaking News

ចាប់ខ្លួនមន្ត្រីយោធាពាក់ផ្កាយ២ម្នាក់ បញ្ជូនទៅតុលាការ ពាក់ពន្ធករណីប្រើអំពើហិង្សា

ភ្នំពេញ៖ ឧត្តមសេនីយ៍យោធាពាក់ផ្កាយ២ម្នាក់ បម្រើការងារនៅក្រសួងការពារជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនពាក់ពន្ធករណីប្រើអំពើហិង្សាលើក្រុមគ្រួសារ។

លោកឧត្តមសេនីយ៍ទោយោធារូបនោះ មានឈ្មោះ អឿង ប៉ុលភិវឌ្ឍន៍ ភេទប្រុស អាយុ៥៦ឆ្នាំ បម្រើការងារនៅនាយកដ្ឋានសរុប នៃក្រសួងការពារជាតិ មានអាស័យដ្ឋានស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សំណុំរឿងខាងលើនេះ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថចាត់បញ្ជូនមកដល់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៨ ខែមករារួចហើយ ចំណែកមន្រ្តីយោធាដែលពាក់ផ្កាយ២នោះ និងត្រូវនាំខ្លួនទៅសាកសួរនៅព្រឹកនេះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ដើមបណ្តឹងក្នុងសំណុំរឿងអំពើហិង្សានោះ មានជនរងគ្រោះ៣ នាក់ ទី១-ប្រពន្ធ ទី២-ប្អូនថ្លៃ ទី៣-ក្មួយស្រី។ តាមពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ អឿង ប៉ុលភិវឌ្ឍន៍ បានមកផ្ទះ ហើយក៏កើតមានទំនាស់ពាក្យសម្ដីជាមួយក្មួយស្រី ប្អូនថ្លៃ និងប្រពន្ធ រហូតឈានដល់ប្រើអំពើហិង្សាលើក្រុមគ្រួសារទៀតផង។ យប់ថ្ងៃកើតហេតុ ជនរងគ្រោះក៏បានទាក់ទងទៅកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថមូលដ្ឋានឲ្យទៅជួយអន្តរាគមន៍ ដើម្បីទប់ស្កាត់កុំមានគ្រោះថ្នាក់ដល់ជីវិត។ ពេលសមត្ថកិច្ចកងរាជអាវុធហត្ថទៅដល់ ក៏បានសម្រុះសម្រួលគ្នាឲ្យភាគីទាំងពីរស្ងប់ស្កាត់ និងចូលបន្ទប់ដេករៀងខ្លួនទៅ។

លុះព្រឹកឡើងភ្ញាក់ពីដំណេក បុរសជាប្តីនៅតែបង្កាត់ភ្លើងទំនាស់ជាពាក្យសម្ដី និងប្រើអំពើហិង្សាមកលើក្រុមគ្រួសារដដែល ធ្វើឲ្យជនរងគ្រោះមានការភ័យខ្លាច ទើបពួកគាត់បានទាក់ទងទៅកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ឲ្យទៅជួយអន្តរាគមន៍ម្តងទៀត។ នៅពេលសមត្ថកិច្ចចុះទៅដល់បានធ្វើការឃាត់ខ្លួនលោកផ្កាយ២ និងដកហូតអាវុធអាកា២ដើម និងគ្រាប់មួយចំនួន។

ជនរងគ្រោះឲ្យដឹងទៀតថា លោកផ្កាយ២យោធារូបនេះ មិនមែនទើបតែប្រើអំពើហិង្សាលើក្រុមគ្រួសារម្តងនេះទេ គឺកើតឡើងជាញឹកញាប់អស់រយៈពេល ៧ទៅ៨ឆ្នាំមកហើយ ដែលក្រុមគ្រួសាររងទុក្ខលំបាក តែក៏មិនបានប្តឹងផ្តល់នោះដែរ ដើម្បីទុកកិត្តិយសឲ្យគាត់ ប៉ុន្តែអំពើហិង្សាពេលនេះទ្រាំលែងបាន ទើបពួកគាត់សម្រេចចិត្តប្តឹងសមត្តកិច្ចឲ្យអនុវត្តតាមច្បាប់ជាធរមាន ដូច្នោះសុំឲ្យតុលាការជួយផ្តល់ភាពយុត្តិធម៌ ដល់ពួកគាត់ជាជនរងគ្រោះផង៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *