កំពង់ធំ៖ បន្ទាប់ពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋថា មានជនល្មើសកំពុងលួចធ្វើសកម្មភាព ឈូសឆាយដីព្រៃ ដែលជាតំបន់ការពារដែនព្រៃបំរុងទុកអចិន្រៃ្តយ៍របស់រដ្ឋ នៅចំណុចអូរដីទួលកន្ទួត ក្នុងភូមិសាស្រ្តភូមិក្រាំង ឃុំសុចិត្ត ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
មន្ត្រីផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ សហការជាមួយកម្លាំងប្រតិបត្តិការសឹករងកំពង់ធំ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង កម្លាំងនគរបាលប្រឆាំងចារកម្ម(ក្រុមការងារដីធី្លថ្នាក់ជាតិ) ចុះដល់ចំណុចទីតាំងផ្ទាល់ ជាក់ស្តែងបង្រ្កាបបានត្រាក់ទ័រ២គ្រឿង ក្នុងនោះបើករត់គេចបាត់១គ្រឿងផងដែរ មុនពេលសមត្ថកិច្ចទៅដល់។
ប្រភពសមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបខាងលើនេះ បានឃាត់ត្រាក់ទរ័បានចំនួន២គ្រឿង ពណ៌ក្រហម ម៉ាក KUBOTA M9540 នៅវេលាម៉ោងប្រមាណ១០និង៣០នាទីព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ស្ថិតទីតាំងដីត្រង់ចំណុចនិយាមកា៖ (657164-1427475 , 567138-1427412) ។ ក្នុងនោះជនប្រព្រឹត្តិបទល្មើសរត់គេចខ្លួន នៅលើផ្ទែដីដែលបានឈូសឆាយ។ បច្ចុប្បន្នវត្ថុតាង យកមករក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ រង់ចាំចំណាត់ការបន្ត។
ដោយឡែក ប្រភពសាក្សីនៅកន្លែងកើតហេតុ បានអះអាងថា ក្នុងសកម្មភាពជនល្មើសឈូសឆាយនៅពេលនោះ គឺមានត្រាក់ទ័រចំនួន៣គ្រឿង ហើយមុខសញ្ញាទាំងនោះអាជ្ញាធរក្នុងមូលដ្ឋានដឹងច្បាស់ជាងគេ ខណៈសមត្ថកិច្ចជំនាញចុះប្រតិបត្តិការចាប់ឃាត់បាន២គ្រឿងតែប៉ុណ្ណោះ ក្នុងនោះមានត្រាក់ទ័រ១គ្រឿងទៀត បានព្យាយាមបើករត់បាត់ស្រមោលតែម្តង។
ប្រភពដដែលបង្ហើបទៀតថា នៅពេលដែលសមត្ថកិច្ចកំពុងតែបើកប្រតិបត្តិការបង្រាប ក៏មានជនមួយក្រុម បានមកអន្តរាគមន៍ព្យាយាមរំដោះជនប្រព្រឹត្តល្មើសដែលជាអ្នកបើកបរត្រាក់ទ័ររួចខ្លួនម្នាក់ ដោយសុវត្ថិភាពផងដែរ។
ទាំងនេះគឺជាប្រភពសាក្សីបានបង្ហើបប្រាប់តែប៉ុណ្ណោះ ដោយឡែកមហាជនចូលរួមមតិកោតសរសើរចំពោះសមត្ថកិច្ចចម្រុះ ក្នុងនោះមាន កម្លាំងមន្ត្រីផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ សហការជាមួយកម្លាំងប្រតិបត្តិការសឹករងកំពង់ធំ កម្លាំងកងរាជ អាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងនគរ បាលប្រឆាំងចារកម្ម (ក្រុមការងារដីធីថ្នាក់ជាតិ) ដែលបានបើកប្រតិបត្តិការបង្រ្កាប និង ទប់ស្កាត់បាននូវសកម្មភាពដែលជនប្រព្រឹត្ត បទល្មើសឈូសឆាយដីព្រៃរបស់រដ្ឋ យ៉ាងមានប្រសិទ្ធភាព និង ទាន់ពេលវេលាទៀតផង។ ក្នុងនោះដែរមហាជន សង្ឃឹមថា សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តកំពង់ធំ និង អាជ្ញាធរស្ថាប័នថ្នាក់ជាតិ ជាពិសេសអាជ្ញាធរមូលដ្ឋាន(រដ្ឋបាលនគរបាលប៉ុស្តិ៍សុចិត្ត , រដ្ឋបាលឃុំសុចិត្ត) ចូលរួមសហការ បើកការស្រាវជ្រាវ រុករកជនប្រព្រឹត្តបទល្មើសជាក់ស្តែងខាងលើ ដែលកំពុងរត់គេចខ្លួននេះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដើម្បីឲ្យមានការរាងចាល បើមិនដូចនោះទេ ដែនព្រៃបំរុងទុកអចិន្រៃ្តយ៍របស់រដ្ឋឃុំសុចិត្តស្រុកសណ្តាន់ ខេត្តកំពង់ធំ នឹង ត្រូវបាត់បង់ជាក់ជាមិនខាន៕