កំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានស្រាវជ្រាវ និងដាក់ចំណាត់ការលើមន្ដ្រីចរាចរណ៍ចំនួន១០នាក់ ដែលអនុវត្តការងារនៅគោលដៅផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ៧៩ និង៨០ ដោយដកបញ្ឈរជើងបណ្ដោះអាសន្ននៅការិយាល័យបុគ្គលិក និងបន្ដស្រាវជ្រាវដើម្បីចាត់ការតាមនីតិវិធី។ ការបញ្ឈរជើងមន្ត្រីចរាចរណ៍ទាំង១០នេះ ក្រោយផ្ទុះរឿងរ៉ាវពាក់ព័ន្ធនឹងការផាកពិន័យម្ចាស់រថយន្តល្មើសច្បាប់មួយគ្រឿងដោយមិនចេញវិក្កយបត្រ។ នេះបើយោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។
ដោយឡែកចំពោះម្ចាស់រថយន្តល្មើសច្បាប់ដែលត្រូវមន្ត្រីចរាចរណ៍ផាកពិន័យ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺថា សមត្ថកិច្ចកំពុងស្រាវជ្រាវទាក់ទងសុំជួប និងប្រគល់ថវិកា២០០ដុល្លាដែលមន្ត្រីចរាចរណ៍ជូនម្ចាស់រថយន្តល្មើសច្បាប់នោះវិញ។
គួរជម្រាបថា កាលពីថៃ្ងទី១៦ ខែមករា មានគណនីហ្វេសប៊ុកឈ្មោះ “គង្គារ លំអរមង្គល”មួយបានបង្ហោះជាសាធារណៈដោយបានលើកឡើងថា ប៉ូលិសកំពង់ស្ពឺផាកពិន័យសាហាវ និងបន្លំមិនឱ្យវិក័យប័ត្រទៀត។ ម្ចាស់គណនីហ្វេសប៊ុកដដែលថែមទាំងលើកឡើងទៀតថា ក្រៅពីមិនចេញវិក្កយបត្រឱ្យហើយ ប៉ូលិសថែមទាំងយកទូរស័ព្ទរបស់ខ្លួនលុបរូបចេញទៀត។
ភ្លាមៗក្រោយទទួលបានព័ត៌មាននេះ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានឆែកនិងពិនិត្យស្វែងរកឈ្មោះគណនេយ្យធនាគារABA ដែលមានឈ្មោះជាភាសាអង់គ្លេសKhem Sothearith ដែលអះអាងថាជានគរបាលខេត្ដកំពង់ស្ពឺ។ ជាលទ្ធផលគណនេយ្យធនាគារABAនេះពិតជារបស់លោកអនុសេនីយ៍ឯកខែម សុធារិទ្ធ អត្ដលេខ៧៥៧៤៣ តួនាទីនាយផ្នែកការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺពិតមែន។
សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្ដកំពង់ស្ពឺបានបំពេញបេសកកម្មរឹតបណ្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចផ្លូវជាតិលេខ៤ គីឡូម៉ែត្រ៧៩និង៨០ ដោយបានឃាត់រថយន្ដកូរ៉េដឹកទំនិញសំពីងសំពោងមួយគ្រឿង។ រថយន្តកូរ៉េនេះមានពាក់ស្លាកលេខភ្នំពេញ 2BP4662 បើកបរក្នុងទិសដៅពីខាងកើតទៅលិចឆ្ពោះទៅខេត្ដព្រះសីហនុ សមត្ថកិច្ចបានឃាត់ពិនិត្យរកឃើញអ្នកបើកបរឈ្មោះនី វ៉ាន់ហេង ភេទប្រុស អាយុ២២ឆ្នាំ គ្មានប័ណ្ណបើកបរ និងដឹកទំនិញសំពីងសំពោងល្មើសច្បាប់។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តកូរ៉េដែលល្មើសច្បាប់នេះ គឺត្រូវពិន័យ១,២០០,០០០រៀល និងពិន័យ១៥០,០០០រៀលបន្ថែមល្មើសទំនិញសំពីងសំពោង។ ប៉ុន្តែពេលនោះអ្នករួមដំណើរ និងជាម្ចាស់សំអាងការបានប្រាប់ប៉ូលិសថា សុំសម្រួលដោយសុំជូនជាប្រាក់២០០ដុល្លារ តែសុំលេខធនាគារABA ដើម្បីឱ្យអ្នកផ្ទះបាញ់លុយចូលព្រោះខ្លួនមិនមានប្រាក់ជាប់ខ្លួនឡើយ។ លុះក្រោយបាញ់លុយ២០០ដុល្លារឱ្យសមត្ថកិច្ចរួចក៏បានបន្ដដំណើរទៅបាត់។
លើសពីនេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យសហការផ្ដល់ព័ត៌មាននានាពាក់ព័ន្ធនិងអំពើអសកម្មរបស់មន្ដ្រីនគរបាលដែលបានប្រព្រឹត្តខុសឆ្គងនិងវិជ្ជាជីវៈ ដើម្បីរួមចំណែកស្ថាបនាកែលំម្អរចំណុចខ្វះខាត៕