Breaking News

បណ្ឌិត ហ៊ុន ម៉ាណែត៖ សង្គមរីកចម្រើន ពលរដ្ឋមានជីវភាពល្អប្រសើរ ជាកេរដំណែល និងគោលដៅរបស់បក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនរបស់កម្ពុជា មកពីគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការធ្វើឱ្យសង្គមរីកចម្រើន ហើយប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ គឺជាកេរដំណែល និងជាគោលដៅដ៏ធំបំផុតរបស់គណបក្សប្រជាជនកម្ពុជា។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសរំលេចបែបនេះ ក្នុងពេលជួបពិសារអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំសហជីព កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។

តាមរយៈវីដេអូសម្រង់សម្តីដែលទើបបង្ហោះលើហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនដ៏មានប្រជាប្រិយភាព និងពោរពេញដោយសមត្ថភាពរូបនេះ បានរំលឹកថា ពីការជួបជាមួយបណ្តាទូតមួយចំនួននៃប្រទេសជាមិត្ត ហើយបាននិយាយដល់ដំណើរវិវឌ្ឍន៍នៃសង្គមកម្ពុជា។

បើតាមលោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងជំនួបទាំងនោះ លោកបានលើកឡើងថា សង្គមកម្ពុជានាពេលបច្ចុប្បន្នមិនទាន់រីកចម្រើនដូចអាមេរិក និងបណ្តាប្រទេសនានានៅលោកខាងលិច។ ប៉ុន្តែបើមើលកម្ពុជានាទសវត្សរ៍៨០ និង៩០ ជាមួយពេលបច្ចុប្បន្នមានការខុសគ្នាឆ្ងាយណាស់។

ក្រៅតែរំលឹកដល់ការជជែកជាមួយមន្ត្រីនៃបណ្តាប្រទេសជាមិត្តហើយនោះ នៅចំពោះមុខថ្នាក់ដឹកនាំសហជីពទាំងក្នុង និងក្រៅប្រព័ន្ធ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីដែលបញ្ចប់ការសិក្សាផ្នែកយោធា នយោបាយ និងសេដ្ឋកិច្ច ក៏បានលើកបង្ហាញពីគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

លោកបណ្ឌិត បានបញ្ជាក់ថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺធ្វើឱ្យសង្គមរីកចម្រើន និងជីវភាពរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ។

លោកបណ្ឌិត បានបញ្ជាក់បែបនេះ «កេរដំណែលរបស់កម្ពុជាមិនមានអ្វីក្រៅពីការកសាងសង្គមមួយរីកចម្រើន ផ្អែកលើមូលដ្ឋានគោលដៅធ្វើឱ្យប្រជាពលរដ្ឋគ្រប់ក្រុម គ្រប់រូបមានបាន ជីវភាពកាន់តែធូរធារ ហ្នឹងជាមូលដ្ឋាន និងកេរដំណែលរបស់គណបក្សប្រជាជនកម្ពុជា»។

បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនពោរពេញដោយថាមពលរូបនេះ ក៏បានលើកបង្ហាញដែរថា គោលនយោបាយរបស់កម្ពុជា គឺប្រឹងប្រែងបង្កើតការងារជូនប្រជាពលរដ្ឋ តាមរយៈការវិនិយោគនានា។ បន្ថែមពីលើនោះ បានដាក់ចេញនយោបាយជាច្រើនទៀត ដើម្បីគាំពារដល់កម្មករ និយោជិតឱ្យទទួលបានប្រាក់ឈ្នួលកាន់តែខ្ពស់ ជីវភាពកាន់តែប្រសើរ។

សូមបញ្ជាក់ផងដែរថា មកដល់ឆ្នាំ២០២៣នេះ មានរយៈពេល ៤៤ឆ្នាំហើយ ដែលគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសកម្ពុជា ក្រោយពេលរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ រយៈពេល៤៤ឆ្នាំ ក្រោមមាគ៌ាដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រី ៣៨ឆ្នាំ បានធ្វើឱ្យកម្ពុជា រកបានសុខសន្តិភាព ការឯកភាពជាតិ រក្សាបានស្ថេរភាពសង្គម ព្រមទាំងបានធ្វើឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

សេដ្ឋកិច្ចជាតិ រក្សាបានក្នុងកំណើនប្រមាណ ៧ភាគរាយ រយៈពេលជាង ២០ឆ្នាំ មុនការមកដល់នៃជំងឺកូវីដ១៩ ធ្វើឱ្យកម្ពុជាចាកផុតពីឋានៈប្រទេសក្រីក្រ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប។ ជីវភាពកាន់តែល្អប្រសើរ ពលរដ្ឋកម្ពុជា ដែលរស់នៅក្រោមបន្ទាត់ភាពក្រីក្រ ១០០ភាគរយក្រោយពេលរំដោះនោះ ត្រូវបានលុបបំបាត់ជាបន្តបន្ទាប់ ហើយបច្ចុប្បន្នសល់ត្រឹមប្រមាណ ១០ភាគរយប៉ុណ្ណោះ៕SRN

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *