Breaking News

ដីវត្តព្រៃប្រសិទ្ធិលក់រួចហើយ? លោកប្រធានគណៈកម្មកាអះអាងថា មិនមែនជាដីរបស់វត្តទេ តែព្រះចៅអធិការបញ្ជាក់ថា ដីវត្តមានប្លង់មានម្ចាស់ដើមត្រឹមត្រូវ

  

ព្រះសីហនុ ក្រោយពីប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្តព្រៃប្រសិទ្ធ ស្ថិតនៅចំណុចជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល រស់នៅក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បាននាំគ្នាផ្តិតមេដៃប្តឹងសុំអន្តរាគមន៍ពីអាជ្ញាធរឃុំស្រុកខេត្ត ដើម្បីស៊ើបអង្កេតស្រាវជ្រាវ ទៅលើដីវត្ដដែលពុទ្ធបរិស័ទជិតឆ្ងាយបានចូលរួមធ្វើរបងព័ទ្ធ ជាព្រហ្មរួចហើយ តែឥឡូវបែរជាមានរបងព័ទ្ធក្នុងដីវត្តនោះជាឡូតិ៍ ឡូតិ៍ទៅវិញ ព្រោះតែឃើញចឹងហើយ ទើបប្រជាពលរដ្ឋ មានការសង្ស័យថា អាចជាមានគេឃុបឃឹតគ្នាលួចយកដីវត្តទៅលក់ឲ្យបុគ្គលឯកជនកាន់កាប់ធ្វើជាកម្មសិទ្ធិផ្ទាល់រៀងៗខ្លួន។

នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ ព្រះចៅអធិការគណៈកម្មកាអាចារ្យវត្តព្រៃប្រសិទ្ធិ បានកោះប្រជុំជាបន្ទាន់ដោយមានការចូលរួមពីព្រះចៅអធិការវត្ត គណៈកម្មការ លោកតាអាចារ្យពុទ្ធបរិស័ទចំណុះជើងវត្ត នឹងអាជ្ញធរមូលដ្ឋាន។ នៅក្នុងកិច្ចប្រជុំនោះមានការជជែកដេញដោលពីណាក់ព្រះចៅអធិការវត្ត នឹងគណៈកម្មកាពុទ្ធបរិស័ទនឹងអ្នក សារព័ត៌មាន ដែលផ្តោតសំខាន់លើបញ្ហាមានគេធ្វើរបងព័ទ្ធលួសព័ន្ធយកដីក្នុងដីរបងវត្ត បំណងយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបន្តទៀត

លោក អឹម សាញ់ ប្រធានគណៈកម្មកាវត្តព្រៃប្រសិទ្ធិ បានអះអាងប្រាប់សារព័ត៌មាន អែស អរ អិន  យ៉ាងដូច្នេះថា «ដីនៅចំណុចខាងមុខវត្តផ្នែកខាងត្បូង ជិតនិងផ្លូវជាតិលេខ៤ ដែលបច្ចុប្បន្នកំពុងមានការបោះបង្គោលរបងនោះ គឺមិនមែនជាដីរបស់វត្តនោះទេ»

លោកបន្តថា «នៅក្នុងអំឡុងឆ្នាំ៩៤៩៥ ដីនេះគឺជាដីរបស់ឈ្មោះ វង្ស សុផានុស្ស នឹងអ្នកស្រី ឈឿង ចិន្តា ជាអ្នកកាន់កាប់ទទួលស្គាល់ដោយអាជ្ញាធរភូមិឃុំ  ហើយបើគេចង់លក់ ឬដូរធ្វើជាអំណោយទៅឲ្យអ្នកណា គឺសិទ្ធិរបស់គេ។ ប៉ុន្តែនៅពេលដែលក្រុមអ្នកសារព័ត៌មានសួរថា តើបុគ្គលឈ្មោះ វង្ស សុផានុស្ស បានទិញដីនោះពីអ្នកណា? ហើយ មានឯកសារទិញលក់ដែរឬទេ? ស្រាប់តែលោក អឹម សាញ់ ប្រធានគណៈកម្មកាវត្ត បានឆ្លើយថា លោកមិនប្រាប់ឈ្មោះទេ លោកមិនស្គាល់ទេ។ ត្រង់ចំណុចនេះធ្វើឲ្យពុទ្ធបរិស័ទ លោកអាចារ្យ គណៈកម្មការ រួមទាំងអាជ្ញាធរមូលដ្ឋានឆ្ងល់ថា ចុះបើបុគ្គលឈ្មោះ វង្ស សុផានុស្ស នឹងអ្នកស្រីឈឿង ចិន្តា ពិតជាបានទិញនឹងមានលិខិតស្នាមផ្ទេរសិទ្ធិពីម្ចាស់ដើមត្រឹមត្រូវមែននោះ? ហេតុអ្វីបានលោក អឹម សាញ់ ប្រធានគណៈកម្មការវត្តរូបនេះ មិនហ៊ានបញ្ចេញឈ្មោះអ្នកលក់ទៅវិញ? តើលោក អឹម សាញ់ ប្រធានគណៈកម្មការវត្តរូបនេះ មានអាថកំបាំងអ្វីនៅពីក្រោទៀត?  ហើយបុគ្គលនោះ ជាអ្នកណា បានមិនជាមិនប្រាប់ជាសាធារណៈបែននេះ»

ចំណែកលោក ពិន សេម អតីតមេឃុំអូរបាក់រទេះ បាន ប្រាប់ឲ្យដឹងដែរថា កាលពីមុននៅទីនេះ គឺមិនមានវត្តនោះទេ ប៉ុន្តែដោយសារតែលោកស្រលាញ់ព្រះពុទ្ធសាសនា ទើបលោក ចាប់ផ្តើមបង្កើតវត្តនេះឡើង ព្រោះថា កាលពីមុនលោកធ្លាប់ជាក្មេងវត្តដែរ ហើយបានរៀនចេះដឹងដោយសារស្នាក់អាស្រ័យនៅក្នុងវត្តដែរ ពាក់ព័ន្ធនឹងការស៊ីញ៉េទទួលស្គាល់លើឯកសារកាន់កាប់ដីធ្លីរបស់ឈ្មោះ វង្ស ផានុស្ស នឹង    អ្នកស្រី ឈឿង ចិន្តា នោះគឺដោយសារមានការដឹងឮពីអាជ្ញាធរភូមិ នឹងគណៈកម្មការអាចារ្យត្រឹមត្រូវ ទើបលោកហ៊ានស៊ីញ៉េ ហើយរឿងយកលុយទៅក៏សាងវត្ត ឫក៏យកទៅអ្វីនោះ គឺលោកមិនដឹងទេ អ្វីដែលលោកហ៊ានស៊ីញ៉េលើលិខិតកាន់កាប់ គឺយោងទៅតាមការស្នើសុំពីអាជ្ញាធរភូមិ នឹងគណៈកម្មការវត្តដឹងព្ញ ជាសាក្សី។

អតីតលោកមេឃុំអូរបាក់ទេះ បានបន្ថែមទៀថា លោកហ៊ានស្បត់ នៅចំពោះមុខព្រះសង្ឃ ព្រះពុទ្ធនៅក្នុងវត្តនេះថា លោកមិនបានឃុបឃឹតលក់ដីនេះ ជាមួយនឹងអ្នកណានោះទេ ហើយក៏មិនបានទទួលប្រាក់ពីអ្នកណាសូម្បីតែមួយកាក់ មួយសេននោះដែរ។ លោកបន្ថែមថា លោក វង្ស សុផានុ គឺជាមនុស្សរបស់លោកតា ដួង ផល់ ហើយលោកក៏បានសួរទៅអ្នកគ្រប់គ្រងវត្ត គឺមានលោកតា ដួងផល់ នឹងលោក វង្ស សុផានុស្ស ជាអ្នកយកលិខិតនេះមកបញ្ជាក់ លោកថាអ្វីដែលគាត់ហ៊ានបញ្ជាក់នោះ គឺដោយសារតែដីវត្តមានតែត្រឹមហ្នឹង។

ចំណែកលោក ទន់ ទី ប្រធាការិយាល័យធម្មការ និងសាសនាស្រុកកំពង់សិលា បានឲ្យដឹងដែរថា លោក ចូលមកធ្វើការនៅស្រុកកំពង់សីលានេះ នៅឆ្នាំ១៩៩៩ ហើយលោកជាអ្នករត់ការសុំច្បាប់សាងសង់វត្តនេះ គឺនៅក្នុងអំឡុងឆ្នាំ២០០០ ដោយគ្រាន់តែគូរនៅលើក្រដាសមិនទាន់មានប្លង់រឹងត្រឹមត្រូវនោះទេ ប៉ុន្តែលោកបានបញ្ជាក់ថា នៅពេលនោះ គឺលោកតា ដួង ផល់ បានដាំបង្គោលរបងឈើរួចរាល់ហើយ។ ចំពោះរឿងដីដែលជាប់ពាក់ព័ន្ធនឹងបុគ្គលផ្សេងៗនោះ គឺលោកមិនបានដឹងច្បាស់នោះទេ គឺនៅលើអាជ្ញាធរភូមិឃុំនឹងគណៈកម្មការវត្ត លោកដឹងតែរឿងពុទ្ធសាសនាទេ។

ដោយឡែកព្រះចៅអធិការវត្តព្រៃប្រសិទ្ធិ ព្រះនាម ឃឹម ឌីណា បានមានសង្ឃដីកាអោយសារព័ត៌មាន អែស អរ អិន  យ៉ាងដូច្នេះថា«រឿងដីវត្តនៅចំណុចខាងលើនេះ គឺមានប្លង់ត្រឹមត្រូវដែលមានម្ចាស់នៅសហរដ្ឋអាមេរិក ព្រោះម្ចាស់គេដែលទិញដីនឹងគេនៅអាមេរិកហើយគេបានធ្វើលិខិតដីនឹងតាំងពីនៅខេត្តកោះកុងមកម្លេះ ដោយមិនទាន់កាត់ចូលមកខេត្តព្រះសីហនុនោះទេ»

ព្រះចៅអធិការវត្ត បានបញ្ជាក់ទៀតថា ពេលនោះលោកតា ដួង ផល់ គាត់បានជិះសាឡាងទៅខេត្តកោះកុង ដើម្បីធ្វើប្លង់ដីវត្តទាំងអស់ដែលគាត់បានទិញពីប្រជាពលរដ្ឋហើយលោកតា (ដួង ផល) គាត់មិនចង់បានអីទេ គឺគាត់បានប្រគល់ដីនោះឲ្យមកវត្តកាលពីដើមឡើយដីវត្តមានតែបីហិតាទេ តែក្រោយមកលោកតាបានទិញបន្ថែមចំនួន ២ហិតាបន្ថែមទៀតទុកសម្រាប់វត្ត។ ហើយលោកតា ក៏មានកូនចៅ២នាក់ ដែរ ប៉ុន្តែគាត់មិនបានចែកដីឲ្យនោះទេ លោកថា ដីនឹងលោកតាបានទិញពីញោមឈ្មោះ សំ ចឹងញោម សំ       គាត់នៅរស់ទេ សួរគាត់ទៅដឹងហើយ។

ព្រះគ្រូចៅអធិការ បានបន្តទៀតថា លោកតា ដួង ផល់ បាន ប្រាប់លោកថា ម្ចាស់ដីគេនៅអាមេរិកនោះប្រាប់ថា ឲ្យតែចប់កូវីដគេនឹងមកស្រុកខ្មែរហើយ នឹងយកប្លង់ដីនោះមកជាមួយផងដែរ។ ព្រះចៅអធិការ ក៏បានបញ្ជាក់ពីទំហំដីវត្តថា ព្រំដីវត្តចាប់ក្បាលនាគរហូតដល់ព្រំប្រទល់ដីញោម អឹម សាញ់ ហើយរហូតដល់ដីសាលារៀន។ លោកបញ្ជាក់ថា ដីសាលារៀននេះ ក៏ជាដីរបស់តាគាត់ឲ្យទៅលោកគ្រូអ្នកគ្រូដែរ ដោយឃើញថា ខាងសាលាខ្វះដីសាងសង់សាលារៀន។

ដោយឡែកលោក ឆាយ ជាងហេង មេឃុំអូរបាក់រទេះ បានអោយសារព័ត៌មាន អែស អរ អិន ដឹងផងដែរថា កន្លងមកវត្តនេះ ក្នុងឆ្នាំ២០០៨ ទៅ២០០៩ វត្តនឹងបានធ្វើរបងថ្មដែរ ហើយលោកនឹងប្រពន្ធរបស់លោក ក៏បានដឹងដែរថែមទាំង បានចូលរួមជាបច្ច័យសម្រាប់ក៏សាងរបងនោះទៀតផង ព្រោះគណៈកម្មកាវត្តគេបានរៃអង្កាសលុយ ដើម្បីក៏សាងរបងថ្មនោះ ក្នុងមួយម៉ែត្រប៉ុន្មានចឹងទៅ! លោកមេឃុំបន្តថា ក្រោយមកទៀត ក៏មានការផ្លាស់ប្តូរថ្នាក់ដឹកនាំវត្ត កាលពីមុនអ្នកគ្រប់គ្រងវត្ត គឺលោក កៅ ប៊ុនធឿន ជាអ្នកដឹកនាំធ្វើរបងវត្តនោះ តែក្រោយពីលោក កៅ ប៊ុនធឿន ឈប់គ្រប់គ្រងវត្តទៅស្រាប់តែដីនោះ ទៅជារបស់អ្នកនេះ របស់អ្នកនោះទៅវិញៅ។

លោកមេឃុំបានបញ្ជាក់ទៀតថា គាត់សួរទៅលោក ផាន់ សារុន ជាមេភូមិស្ទឹងច្រាលដែរ ប៉ុន្តែលោកមេភូមិបានឆ្លើយប្រាប់ថា ដីនេះគឺលោតា ដួង ផល់ បានលក់ទៅឲ្យឈ្មោះ ដា តែរឿងមានលិខិតស្នាមត្រឹមណានោះ លោកក៏មិនបាន ដឹងដែរ។ ប៉ុន្តែ លោកថានៅពេលនោះខាងវត្តបានជាវដីនោះពីឈ្មោះ សំ ដើម្បីនៅពេលវត្តមានកម្មវិធីបុណ្យម្តងៗកន្លែងដីនេះ សម្រាប់ដាក់ល្បែងលេងកម្សាន្តផ្សេងៗហើយឥឡូវបែរជាដីនេះ ទៅជារបស់ឯកជនខ្ញុំក៏ហួសចិត្តដែរ។

លោកមេឃុំអូរបាក់រទេះ បានបន្តទៀតថា កាលណោះគឺលោក អឹម សាញ់ បានធ្វើលិខិតមកលោកដើម្បីសុំកាន់កាប់ដីកន្លែងនឹងដើម្បីយកប្លង់នឹងទៅដាក់បញ្ចាំនៅធនាគា អេស៊ីលីដា ពេលនោះលោកក៏ចុះទៅពិនិត្យមើលដល់ទីតាំងដីនោះឃើញថា ជាដីនៅក្នុងវត្តដូច្នេះលោកមិនហ៊ានស៊ីញ៉េនោះទេ។ ក្រោយមកទៀតលោកមេឃុំ ក៏បានសួរទៅលោកស្មៀនឃុំ លោកស្មៀនឃុំ បានប្រាប់ថាឈ្មោះ តាខ្លី (លោក ផាន់ សារុន ជាមេភូមិស្ទឹងច្រាល ) ធ្លាប់បានធ្វើលិខិតនៅលើដីនោះដែរ ហើយយកឯកសារទៅដាក់នៅធនាគាអេស៊ីលីដា ថាយកលុយមកចាត់ចែងក្នុងវត្ត។

ក្នុងនោះដែរ លោកមេឃុំបានបញ្ជាក់យ៉ាងច្បាស់ថា ក្រោយមកក៏មានឈ្មោះអ្នកស្រី ចិន ផល្លីន ដែលត្រូវជាប្រពន្ធរបស់លោក អឹមសាញ់ បានប្រាប់មកលោកថា ណែ!បងឯងពិនិត្យមើលផងរឿង លោក អឹម សាញ់ យកឯកសារ(ដីវត្ត)មកធ្វើនោះប្រយ៉ាត់ជាន់លើដីខ្ញុំព្រោះខ្ញុំក៏មានដីនៅកន្លែងនោះមួយដុំដែរ។ លោកមេឃុំបន្ថែមថា ចឹងនៅក្នុងរឿងនឹងនៅមានអាកំបាំងច្រើនណាស់ក្មួយ ហើយរហូតមក ដល់ពេលនេះ លោកមិនបានចុះហត្ថលេខាអ្វីទាំងអស់នៅលើដីនោះ ប៉ុន្តអាចមានកាលពីលោកមេឃុំមុន។ លោក មេឃុំបញ្ជាក់បន្ថែមថា រឿងដីវត្តខាងលើនោះ គឺគ្មានបុគ្គលណាម្នាក់ មានសិទ្ធធ្វើលិខិតកាន់កាប់បានឡើយ ព្រោះប្រជាពលរដ្ឋ នឹងពុទ្ធបរិស័ទផ្ទុះការតវ៉ាសើររើឡើងហើយ។

ពាក់ព័ន្ធនឹងករណីនេះដែរលោក ផាន់ សារុន មេភូមិស្ទឹងច្រាល បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះថា «លោកមិនមានដីអីនៅទីនោះទេ រឿងការទិញលក់វាជារឿងរបស់ស្រីៗ»

សូមបញ្ជាក់ផងដែរថា ក្រោយពីក្រុមអ្នកសារព័ត៌មាន យើងបានត្រឡប់មកវិញ នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ក៏មានមនុស្សស្រីម្នាក់បានខលមកក្រុមការងារយើង ដោយ សុំកុំទាន់អាលឲ្យធ្វើការផ្សព្វផ្សាយអី! លោកស្រីបានបញ្ជាក់ថាគាត់មានឈ្មោះ ចិនផល្លី ជាក្រុមប្រឹក្សាស្រុក ហើយគាត់ មកនេះ ក្នុងនាមជាអាជ្ញាធរអ្នកសម្របសម្រួល។ លោកស្រីបញ្ជាក់ថា និងរង់ចាំស្វែងរកឯកសារពាក់ព័ន្ធគ្រប់គ្រាន់សិន ហើយលោកស្រីថា និងហៅភូមិបាលមកចុចរកពង់មើល តើដីនេះមានប្លង់ឬនូវ។ ប៉ុន្តែការលើកឡើងរបស់លោកស្រីហាក់ដូចជាផ្ទុយនៅកន្លែងប្រជុំ ព្រោះក្រុមការងារ ក៏ដូចអ្នក ចូលរួមក្នុងអង្គប្រជុំនោះ មិនបានឃើញលោកស្រី ចិន ផល្លីមានការសម្របសម្រួលអីនោះទេ ឃើញតែដើរចុះឡើងៗ។ ហេតុអ្វីលោកស្រី ចិន ផល្លី មកអះអាងថា ខ្លួនជាអាជ្ញាធរក្រុមប្រឹក្សាស្រុក ដើរតួរជាអ្នកសម្របសម្រួលទៅវិញ? តើលោកស្រី ចិន ផល្លី សំណូមពរកុំទាន់ឲ្យផ្សាយព័ត៌មាននោះមានបំណងអ្វី? ហើយការអះអាងថា ខ្លួនជាក្រុមប្រឹក្សា ស្រុកមកក្នុងនាមអាជ្ញាធរសម្របសម្រួលនោះ តើលោកស្រី ចិន ផល្លី ត្រូវបានរដ្ឋបាលស្រុកកំពង់សីលា ជាអ្នកចាត់តំណាងឲ្យមកសម្របសម្រួលឬក៏យ៉ាងណា? សំណួរសួរថាតើលោកស្រីក្រុមប្រឹក្សាស្រុកកំពង់សីលា មានជាប់ពាក់ព័ន្ធនឹងដីនោះដែរឬយ៉ាងណា ? ព្រោះមានគេលួចបង្ហើបប្រាប់ថា កន្លែងចាក់ដីព័ទ្ធរបងលួសលើដីវត្ត ក្នុងរបងថ្មនោះជារបស់ឈ្មោះផុន ធារិទ្ធ (ហៅហើម) ដែលត្រូវជាកូនបង្កើតរបស់លោកស្រី ចិន ផល្លី និងប្ដីឈ្មោះ អ៊ឹម សាញ់ ដែលជាប្រធានគណៈកម្មការវត្តព្រៃប្រសិទ្ធីនេះ៕SRN

Check Also

កំហុសទិន្នន័យអ្វីខ្លះក្នុងបញ្ជីអត្រានុកូលដ្ឋាន ដែលលោកអ្នក អាចកែបានដោយមិនចាំបាច់ទៅដល់តុលាការ?

Leave a Reply

Your email address will not be published. Required fields are marked *