កណ្តាល៖ អភិបាលខេត្តកណ្ដាល បានលើកឡើងថា ក្រោមការដឹកនាំ ប្រកបដោយ គតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងវិស័យអភិវឌ្ឍ ធនធានមនុស្ស ជាពិសេស ការកសាងបាននូវ កម្លាំងពលកម្មជំនាញ ដែលមានជំនាញវិជ្ជាជីវៈ ច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែង ដើម្បីធានាថា យុវជនម្នាក់ ត្រូវមានជំនាញមួយយ៉ាងតិចប្រចាំជីវិត។
លោក គង់ សោភ័ណ្ឌ ថ្លែងយ៉ាងដូច្នេះ ក្នុងទិវាជាតិ អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី០៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ «TVET ផ្ដល់ជំនាញ និងការងារសមរម្យ» ដែលបាន ប្រារព្ធធ្វើឡើង នៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេស តេជោសែន ក្រុងតាខ្មៅ ខេត្តកណ្ដាលនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។
លោកអភិបាលខេត្តបញ្ជាក់ដែរថា ដើម្បីឆ្លើយតប ទៅនឹងបញ្ហាជំនាញ និងអនាគតនៃការងារ កម្មវិធីបណ្តុះបណ្តាលជំនាញ ត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំឱ្យមានភាពបត់បែន ស្របតាម ស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ក្នុងទម្រង់ជារយៈពេលខ្លី និងរយៈពេលវែង ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ហើយអាចធ្វើឡើង នៅតាមគ្រឹះស្ថានសិក្សា សហគ្រាស សហគមន៍ និងដោយចល័ត ដើម្បីបង្កើតឱ្យមានប្រព័ន្ធឯកភាព អាចឆ្លងទៅមកបាន ដោយងាយស្រួល និងបើកឱកាសអាចធ្វើការសម្រេចចិត្ត សិក្សានៅពេលណា ទីកន្លែងណា និងវិធីណាក៏បាន ស្របទៅតាមស្ថានភាពជាក់ស្ដែង របស់ប្រជាពលរដ្ឋម្នាក់ៗ។
លោកថាសំរាប់ទិវាជាតិនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ ការអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយ ទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជន ឱ្យបានយល់ដឹង កាន់តែច្បាស់អំពីសារៈសំខាន់ ការអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍ កម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។
លោក ច្រឹង ណារី នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេស តេជោសែន បានឱ្យដឹងថា សម្រាប់វិទ្យាស្ថានជាតិនេះបានធ្វើការបណ្ដុះបណ្ដាល លើកម្រិតជំនាញ មានដូចជា ជំនាញអគ្គិសនី, ជំនាញបរិក្ខាត្រជាក់, ជំនាញ សំណង់ស៊ីវិល, ជំនាញ ព័ត៌មានវិទ្យា, ជំនាញ យន្តសាស្ត្ររថយន្តបសុពេទ្យ និងភាសាអង់គ្លេសជាដើម៕