កំពត៖ ស្នងការដ្ឋាននគរបាលខេត្តកំពត បានចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការចេញសេចក្ដីថ្លែងការណ៍បន្ទាន់ របស់ក្រុមហ៊ុន ពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ដែលបានចោទប្រកាន់លើការអនុវត្តនីតិវិធីរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត។ ប្រសិនបើក្រុមហ៊ុនមានគោលជំហរច្បាស់លាស់ក្នុងការដោះស្រាយជាមួយប្រជាពលរដ្ឋ ហេតុអ្វីពាក្យបណ្តឹងនៅតែបន្តកើនឡើងជាបន្តបន្ទាប់។
ក្នុងសេចក្តីបំភ្លឺព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣
បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បានទទួលបណ្ដឹងពីប្រជាពលរដ្ឋរស់នៅខេត្តកំពតចំនួន ៣២៣ បណ្តឹង សរុបទឹកប្រាក់ដែលបានវិនិយោគជាមួយក្រុមហ៊ុនមានចំនួន ៦.១៦២.៧០០ដុល្លារ (ប្រាំមួយលានមួយសែនប្រាំមួយម៉ឺនពីរពាន់ ប្រាំពីររយដុល្លារ)។
ក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន ពិភពដីមាស អ៊ុនវេសម៉ិន ឯ.ក ដែលបានចោទប្រកាន់មកលើអង្គភាពស្នងការដ្ឋាននគរបាលខេត្តកំពត ថាជាដើមចមបង្កឱ្យមានវិវាទរវាងក្រុមហ៊ុន ជាមួយប្រជាពលរដ្ឋ ដែលជារឿងហួសចិត្តបំផុត ហេតុអ្វីបានជាក្រុមហ៊ុនចង់ទម្លាក់កំហុសមកស្ថាប័នដែលជាអ្នកអនុវត្តច្បាប់ទៅវិញ? ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ដែលមានតួនាទីការពាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម មិនមានចេតនាក្នុងការរារាំងដល់ដំណើរការអាជីវកម្មស្របច្បាប់ចំពោះក្រុមហ៊ុនណាមួយឡើយ។
ក្នុងបំភ្លឺព័ត៌មានបានបញ្ជាក់ថា តាមការបញ្ជាក់ទាំងទឹកភ្នែករបស់ប្រជាពលរដ្ឋ គឺក្រុមហ៊ុនបានព្រមព្រៀងនឹងផ្តល់អត្ថប្រយោជន៍ជូនពួកគាត់ដោយមានកិច្ចសន្យា(កុងត្រា) ប៉ុន្តែក្នុងរយៈពេលជាច្រើនខែចុងក្រោយនេះ ក្រុមហ៊ុនមិនបានគោរពតាមកិច្ចសន្យា ពោលគឺ មិនបានផ្តល់អត្ថប្រយោជន៍ជូនប្រជាពលរដ្ឋដែលជាអតិថិជនរបស់ក្រុមហ៊ុន ជាហេតុនាំឱ្យប្រជាពលរដ្ឋបីរយជាងគ្រួសារ (ស្មើ៣២៣បណ្ដឹង) បានឡើងមកជួបអភិបាលខេត្ត និងមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីស្នើសុំអន្តរាគមន៍ព្រោះប្រជាពលរដ្ឋក្នុងម្នាក់ៗ អស់ថវិការរាប់ម៉ឺនដុល្លារ ដែលបានយកទៅវិនិយោគនោះ គឺពួកគាត់ទាំងអស់បានកម្ចីពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗ។ ដូចនេះស្នងការដ្ឋាននគរបាលខេត្តចាំបាច់ត្រូវចាត់ការតាមនីតិវិធី មិនដូចការលើកឡើងរបស់ក្រុមហ៊ុនពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក ដែលចោទថា មិនចេះស្តាប់ហេតុផល គ្មានគុណធម៌មកលើក្រុមហ៊ុននោះទេ។
ស្នងការដ្ឋាននគរបាលខេត្តកំពត បដិសេធទាំងស្រុងចំពោះការចោទប្រកាន់ថា សមត្ថកិច្ចជាអ្នកបង្កផលរំខានដល់ការដោះស្រាយវិវាទរវាងក្រុមហ៊ុន ជាមួយអតិថិជនរបស់ខ្លួន៕ដោយ៖ សិរី នាគ