Breaking News

សម្តេចក្រឡាហោម ស ខេង ៖ ប្រទេសជាតិ មានការអភិវឌ្ឍន៍មកដល់ពេលនេះ គឺមិនអាចកាត់ផ្តាច់បានពីការចូលរួមពីនិវត្តន៍ជន និងអតីតយុទ្ធជន

បាត់ដំបង ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានខេត្តបាត់ដំបង សម្តេចក្រឡាហោម ស ខេង បានថ្លែងនូវការលើកទឹកចិត្តចំពោះនិវត្តន៍ជន និងអតីតយុទ្ធជនទាំងអស់នៅក្នុងស្រុកបវេល ដែលបានតស៊ូធ្វើពលិកម្ម ដើម្បីបុព្វហេតុសន្តិភាព និងការបង្រួបបង្រួមជាតិ និងធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ មានន័យថា ភាពរីកចម្រើននេះគឺមិនអាចកាត់ផ្តាច់បាន ពីការចូលរួមរបស់និវត្តន៍ជន និងអតីតយុទ្ធជនដែលបានលះបង់ កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងអាយុជីវិតរបស់ពួកគាត់បានឡើយ ។

ការថ្លែងរបស់សម្តេចក្រឡាហោម ស ខេង ក្នុងឱកាសដែលសម្តេច បានដឹកនាំក្រុមការងារ និងប្រតិភូអមដំណើរចុះជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងអតីតយុទ្ធជនចំនួន ២ ៧៦៥ នាក់ មកពីស្រុកបវេល និងស្រុកថ្មគោល នៅក្នុងបរិវេណបុរីយិនម៉ាន់យីអាន ស្ថិតក្នុងភូមិសង្កែវារ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។

សម្ដេចក្រឡាហោម ស ខេង បានចាត់ទុកនូវគុណបំណាច់ដ៏ធំធេងនេះ គឺបានមកពីការតស៊ូធ្វើពលិកម្មគ្រប់សម័យកាល ដើម្បីបុព្វហេតុសន្តិភាព ការបង្រួបបង្រួម និងការអភិវឌ្ឍលើគ្រប់វិស័យរបស់និវត្តន៍ជន និងអតីតយុទ្ធជនយើង ហើយសូមឱ្យយើងទាំងអស់គ្នាបន្តពូនជ្រុំការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើន សម្រាប់អ្នកជំនាន់ក្រោយៗទៀត ។

សម្ដេចក្រឡាហោម បានបញ្ជាក់ថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងត្រូវបានចូលរួមគាំទ្រយ៉ាងសកម្មពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់ថ្នាក់ រួមទាំងស្រុកបវេលនៃខេត្តបាត់ដំបង ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ ធានាដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងជាថ្មីអំពីសារៈសំខាន់នៃការរក្សាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍លើគ្រប់វិស័យ ព្រមទាំងការរៀបចំការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យជាទៀងទាត់ និងត្រឹមត្រូវ ក្នុងនោះរួមទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ខាងមុខនេះ ដែលគ្រប់តួអង្គត្រូវតែបន្តរួមគ្នា ធ្វើឱ្យការបោះឆ្នោតនេះប្រព្រឹត្តទៅដោយជោគជ័យ ។

នៅក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានផ្ដល់នូវកិត្តិយស ក្នុងការបំពាក់មេដាយជូនអតីតមន្រ្តីរាជការ អតីតកងកម្លាំងប្រដាប់អាវុធ ដែលមានស្នាដៃឆ្នើមក្នុងការចូលរួមចំណែកបម្រើក្នុងបុព្វហេតុជាតិ ប្រជាជន និងមន្រ្តីមានស្នាដៃខិតខំបំពេញភារកិច្ច បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អផងដែរ ៕SRN

Check Also

ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ“ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *