វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា រដ្ឋបាលលោក ចូ បៃដិន កំពុងដឹកនាំពួកយើងទាំងអស់គ្នា ឱ្យធ្លាក់ចូលទៅក្នុងសង្គ្រាមលោកលើកទី ៣ ពាក់ព័ន្ធនឹងការបញ្ជូនគ្រាប់បែកចង្កោមទៅឱ្យអ៊ុយក្រែន។
លោក ដូណាល់ ត្រាំ បានជំទាស់នឹងការប្រើប្រាស់គ្រាប់បែកចង្កោម ទាំងទៅលើមូលដ្ឋានមនុស្សធម៌ និងជាយុទ្ធសាស្ត្រ ដោយកត់សម្គាល់ថា គ្រាប់បែកប្រភេទនេះ នឹងធ្វើឲ្យបុរស-ស្រី្តជនជាតិអ៊ុយក្រែន រួមទាំងកុមារ ត្រូវស្លាប់ និងពិការ ហើយផ្តល់ផលវិបាករយៈពេលច្រើនទសវត្សរ៍ បន្ទាប់ពីសង្គ្រាមត្រូវបញ្ចប់។
អតីតប្រធានាធិបតីអាមេរិកទី ៤៥រូបនេះ បានគូសបញ្ជាក់ថា លោកប្រធានាធិបតី ចូ បៃដិន គួរតែព្យាយាមបញ្ចប់សង្គ្រាម និងបញ្ឈប់ការស្លាប់ ព្រមទាំងការបំផ្លិចបំផ្លាញ ដែលបង្កឡើងពីភាពអសមត្ថភាពរបស់រដ្ឋបាលគាត់។ ជាមួយគ្នានេះ លោក ត្រាំ បានប្តេជ្ញាថា នឹងព្យាយាមសម្រេចឱ្យបាននូវ “សន្តិភាពដ៏រឹងមាំ” នៅពេលដែលរូបលោកវិលត្រលប់មកកាន់តំណែងវិញ ក្រោយការបោះឆ្នោតបន្ទាប់។
ឆ្លើយតបនឹងការប្រកាសបញ្ជូនគ្រាប់បែកចង្កោមរបស់អាមេរិកទៅឱ្យអ៊ុយក្រែន រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក សឺហ្គេ ស៊យហ្គូ បានអះអាងនៅថ្ងៃអង្គារសប្តាហ៍នេះថា ប្រសិនបើគ្រាប់បែកចង្កោមរបស់អាមេរិកទៅដល់ទឹកដីអ៊ុយក្រែនមែននោះ យោធារុស្ស៊ីនឹងឆ្លើយតបដោយអាវុធដែលខ្លាំងក្លាជាងនេះ៕ ប្រភព៖ RT