កំពត៖ តាមផ្លូវច្បាប់ អោយតែមន្ត្រីនគរបាលយុត្តិធម៌ ចេញលិខិត កោះហៅ ២ដង តាមពាក្យបណ្តឹង របស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ហើយមិនចូលខ្លួន មន្ត្រីនគរបាលយុត្តិធម៌ គាត់នឹងបន្តនីតិវិធី របស់គាត់ ស្នើសុំតំណាងអយ្យការ ដើម្បីបញ្ជាអោយចូលខ្លួន បន្ទាប់ពី យល់ឃើញថា អ្នកឧកញ៉ា ហ៉ី គឹមហុង និង ឧកញ៉ា ចេង សង្ហាក់ អគ្គនាយកក្រុមហ៊ុនពិភពដីមាសមានតម្រុយពិរុទ្ធភាព តាមរយៈចម្លើយ របស់ប្រជាពលរដ្ឋកំពុងរងគ្រោះ។
សូមបញ្ជាក់ថា តាមព័ត៌មានបឋម គឺអ្នកឧកញ៉ា ហ៉ី គឹមហុង និង ឧកញ៉ា ចេង សង្ហាក់ អគ្គនាយកក្រុមហ៊ុនពិភពដីមាស អាចប្រឈមមុខ នឹងការតាមចាប់ឃាត់ខ្លួនពីសំណាក់សមត្ថកិច្ច ដោយសមត្ថកិច្ចតាមច្រកអន្តរជាតិទទួលបានបទបញ្ជាអោយឃាត់ខ្លួនបើឃើញ មុខសញ្ញាទាំងនេះឆ្លងដែនចេញទៅក្រៅប្រទេស ។
ប្រជាពលរដ្ឋរងគ្រោះច្រើនណាស់ដែលអះអាងថាបានចាញ់បោកក្រុមហ៊ុនពិភពដីមាស អស់ទឹកប្រាក់សរុបរាប់សិបលានដុល្លារ ។ បើបងប្អូនបានប្រទះឃេីញ អ្នកឧកញ៉ា ឬ ឧកញ៉ា ដូចមានក្នុងរូប នេះ សូមមេត្តាផ្ដល់ព័ត៌មានជូនមន្ត្រីនគរបាលផង ដើម្បីអញ្ជើញ គាត់យកលុយមកសងប្រជាពលរដ្ឋវិញ ។
ប្រជាពលរដ្ឋ និយាយថា កុំរត់អី រត់ទៅណាក៏មិនរួចដែរ នៅឈរដោះស្រាយបញ្ហាជាមួយ ពួកគាត់ ជាប្រជាពលរដ្ឋរងគ្រោះតាមច្បាប់ទៅ រត់គេចខ្លួនមិនមែនជាដំណោះស្រាយល្អទេ ដោះស្រាយ សិន នោះទើបជាបុគ្គលដែលមានឆន្ទះទទួលខុសត្រូវចំពោះមុខច្បាប់ស្មើគ្នា ។ពួកគាត់បន្តថា លក់ទ្រព្យសងប្រជាពលរដ្ឋវិញទេីបល្អ ។ យកលុយប្រជាពលរដ្ឋសរុបរាប់សិបលានដុល្លារ តេីយកទៅណា ? ម្ដេចមិនយកមកសងប្រជាពលរដ្ឋវិញ ? ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបង្ហោះសារយ៉ាងខ្លីថា ( អាណិតណាស់ពិការភ្នែកទាំងសងខាងសង្ឃឹមថាមានជីវភាពប្រសើរក្រោយពេលវិនិយោគជាមួយក្រុមហ៊ុន) ។ លោកបង្ហោះបែបនេះ បន្ទាប់ពីឧកញ៉ាថៅកែរូបនេះ មិនចូលខ្លួនតាមការកោះហៅរបស់មន្ត្រីនគរបាលយុត្តិធម៌ ខណៈមានតែជនរងគ្រោះ ដើមបណ្ដឹង ចូលខ្លួនប៉ុណ្ណោះ មានរហូតដល់រាប់រយនាក់នៅស្នងការដ្ឋាននគរបាលខេត្តកំពត។
កន្លងទៅលោកស្នងការបានបង្ហោះថា លិខិតផ្លូវការនិងទៅដល់លោកអគ្គនាយកនិងអគ្គនាយករងក្រុមហ៊ុនពិភពដីមាសឆាប់ៗខាងមុខនេះ ដើម្បីមកពិភាក្សារលើបណ្តឹងរបស់ប្រជាពលរដ្ឋនៅខេត្តកំពតចំនួន 259 បណ្តឹង នៅថ្ងៃទី 26 ខែមិថុនា ឆ្នាំ 2023 វេលាម៉ោង 9 ព្រឹកនៅស្នងការដ្ឋាននគរបាលខេត្តកំពត ។ប៉ុន្តែបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋប្រមាណជាង 400 នាក់ទៅហើយ បានដាក់ពាក្យបណ្ដឹងទៅស្នងការដ្ឋាននគរបាលខេត្តកំពត ។ ទោះលោកឧកញ៉ាមិនចូលខ្លួន តាមនីតិវិធី ដំណើរការរបស់មន្ត្រីនគរបាលយុត្តិធម៌ មានសិទ្ធិស្នើសុំការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ បញ្ជាឲ្យចូលខ្លួន ៕ដោយ៖ សិរី នាគ