Breaking News

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុម័តកម្ចី ១០០លានដុល្លារផ្តល់ជូនកម្ពុជា ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនៃកម្លាំងពលកម្មជំនាញ

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ១០០លានដុល្លារ ដើម្បីជួយលើកកម្ពស់សមត្ថភាពកម្លាំងពលកម្មរបស់កម្ពុជា ដោយដោះស្រាយគម្លាត និងកង្វះខាតជំនាញ។ ការងារនេះនឹងធ្វើឡើងតាមរយៈកំណែទម្រង់ និងការវិនិយោគលើវិស័យអប់រំ និងបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រួមជាមួយនឹងការចូលរួមពីវិស័យឯកជន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី ១ខែសីហា ឆ្នាំ ២០២៣។

កម្មវិធីរងទីមួយ នៃកម្មវិធីអភិវឌ្ឍន៍វិស័យជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត នឹងជួយប្រែក្លាយកម្ពុជាទៅជាសេដ្ឋកិច្ចឧស្សាហកម្មដែលផ្អែកលើចំណេះដឹង និងជំរុញដោយបច្ចេក វិជ្ជា តាមរយៈការពង្រឹងធនធានមនុស្ស ដោយផ្តោតលើការលើកកម្ពស់បរិយាកាសអភិវឌ្ឍន៍ជំនាញរបស់ប្រទេស ផ្ដល់ការបណ្តុះបណ្តាលប្រកបដោយបរិយាបន្ន ដែលនាំមុខដោយឧស្សាហកម្ម និងកៀរគរមូលនិធិបន្ថែមសម្រាប់ការអភិវឌ្ឍជំនាញដែលផ្ដោតលើតម្រូវការ។

នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma មានប្រសាសន៍ថា៖ «ការកែទម្រង់កម្លាំងពលកម្ម និងការធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់កម្ពុជា ទាមទារឱ្យមាន កំណែទម្រង់ជាបន្តនៃប្រព័ន្ធ TVET តាមរយៈយុទ្ធសាស្ត្រស៊ីជម្រៅ និងការវិនិយោគជាបន្តបន្ទាប់ ឱ្យទាន់ពេលវេលា»។

លោកស្រីបន្តថា៖ «កំណែទម្រង់រចនាសម្ព័ន្ធ និងស្ថាប័ន TVET ទាំងនេះ មានសារសំខាន់សម្រាប់ការរៀបចំកម្ម វិធីបណ្តុះបណ្ដាលដែល ឆ្លើយតបនឹងតម្រូវការទីផ្សារ ធ្វើឱ្យប្រសើរឡើងនូវទីតាំង និងឧបករណ៍បណ្ដុះបណ្តាល និងពង្រីកមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)»។

មូលនិធិអភិវឌ្ឍន៍ជំនាញ ត្រូវបានសាកល្បងដោយរាជរដ្ឋាភិបាល ក្រោមគម្រោងជំនាញសម្រាប់ភាពប្រកួតឈ្នះ ផ្តល់ហិរញ្ញប្បទានដោយ ADB ដែលត្រូវបានអនុម័តក្នុងឆ្នាំ ២០១៩ ដើម្បីបង្កើនជំនាញ និងសមត្ថភាពប្រកួតប្រជែងនៃកម្លាំងពលកម្មដែលកំពុងកើនឡើងរបស់កម្ពុជា។

ការដាក់សាកល្បង SDFនេះ បាន និងកំពុងឆ្លើយតបទៅនឹងតម្រូវការបណ្តុះបណ្តាលជំនាញសម្រាប់វិស័យឧស្សាហកម្ម តាមរយៈភាពជាដៃគូសហហិរញ្ញប្បទានជាមួយស្ថាប័នរាជរដ្ឋាភិបាល ផ្នែកឧស្សាហកម្ម ភ្នាក់ងារផ្តល់ការបណ្តុះបណ្តាល និងដៃគូអភិវឌ្ឍន៍នានា។

បញ្ហាប្រឈមសំខាន់ៗចំនួនបី រួមចំណែកជាឧបសគ្គទូទៅ ដែលកំពុងជាបញ្ហាប្រឈមសម្រាប់ប្រព័ន្ធ TVET កម្ពុជាគឺ កង្វះកម្មវិធីអភិវឌ្ឍន៍ជំនាញជាក់លាក់និងស៊ីជម្រៅសម្រាប់បដិវត្តន៍ឧស្សាហកម្មទីបួន, ភាពមានកម្រិតនៃតួនាទីរបស់វិស័យឯកជនក្នុងការអភិវឌ្ឍជំនាញ និងនៃចក្ខុវិស័យអន្តរកម្មរបស់ ឧស្សាហកម្មនានា, និងការផ្ដល់ហិរញ្ញប្បទាន និងភាពជាដៃគូមិនទាន់បានពេញលេញ ក្នុងការអភិវឌ្ឍជំនាញ។ ការរួមគ្នានៃបញ្ហាប្រឈមទាំងនេះ កំណត់ភាពអាចទទួលបានការងារធ្វើនិងផលិតភាពនៃកម្លាំងពលកម្មបច្ចុប្បន្ន និងអនាគត ហើយអាចរារាំងប្រទេសកម្ពុជាក្នុងដំណាក់កាលក្រោយជំងឺរាតត្បាត ពីការធ្វើពិពិធកម្ម និងអន្តរកម្មទៅជាសេដ្ឋកិច្ចផ្អែកលើចំណេះដឹង។ កម្មវិធីជំនាញសម្រាប់សេដ្ឋកិច្ចនាពេល អនាគតនឹងជួយដោះស្រាយបញ្ហាប្រឈមទាំងនេះ។

មានអ្នកធ្វើការប្រមាណ ៩លាននាក់ក្នុងទីផ្សារការងារនៅកម្ពុជា ដែលក្នុងនោះមានស្ត្រី ៤៩% ន កម្លាំងពលកម្មទាំងនោះ។ គិតត្រឹមឆ្នាំ ២០២១ ប្រជាពលរដ្ឋកម្ពុជា ៥៤%មានអាយុក្រោម ៣០ឆ្នាំ ដែលនេះបង្ហាញពីឱកាសពិសេសមួយសម្រាប់ប្រទេសក្នុងការបង្កើនការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស ដើម្បីបង្កើនជំនាញសម្រាប់និយោជិតថ្មីចូលទៅក្នុងទីផ្សារការងារ និងលើកកម្ពស់ជំនាញរបស់និយោជិត ដែលកំពុងបំពេញការងារទៅតាមតម្រូវការឧស្សាហកម្មផងដែរ។

កម្មវិធីនេះគឺជាធាតុផ្សំដ៏សំខាន់នៃការគាំទ្ររបស់ ADB សម្រាប់រាជរដ្ឋាភិបាលក្នុងការពង្រឹងធនធានមនុស្ស និងអភិវឌ្ឍន៍វិស័យឯកជន និងទីផ្សារការងារ។ វាក៏អនុលោមតាមផែនការ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ រួមរបស់រាជរដ្ឋាភិបាលក៏ដូចជាយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់ប្រទេសកម្ពុជា ឆ្នាំ ២០១៩-២០២៣។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្ដេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ ADB បង្កើតឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ប្រទេស ដែលក្នុងនោះមាន ៤៩ប្រទេស មកពីតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕SRN

Check Also

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *