ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងថា «បើចង់ដឹងអំពីការដាក់ចេញគោលនយោបាយរបស់រាជរដ្ឋាភិបាលត្រឹមត្រូវ ឬក៏អត់ ពលរដ្ឋគាំទ្រ ឬក៏អត់ យើងមើលអំពីលទ្ធផល នៃការបោះឆ្នោតកន្លងទៅដឹងហើយ»។ នេះជាការង្លែងរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួនជិត ២ម៉ឺននាក់ នៅតំបន់វត្តព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ។
ឯកឧត្តម បានបញ្ជាក់ថា «គោលនយោបាយដែលបង្កើតសមិទ្ធផលជូនប្រជាពលរដ្ឋ បង្កើតសេដ្ឋកិច្ច ហើយមិនបង្ខំប្រជាពលរដ្ឋ នេះគឺជាគោលនយោបាយដែលពលរដ្ឋចង់បាន»។ ឯកឧត្តមនាយករដ្ឋមន្ត្រី បានបន្តថា «ប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជន បានដឹងហើយថា បេក្ខជននាយករដ្ឋមន្រ្តី គឺសម្ដេចតេជោ និងបេក្ខជនបម្រុងគឺខ្ញុំ។ ពលរដ្ឋក៏ដឹងថា បក្សប្រជាជនបានសម្រេចហើយថា នឹងផ្តល់ឲ្យអ្នកជំនាន់ក្រោយបន្តវេន អ៊ីចឹងហើយប្រសិនបើប្រជាពលរដ្ឋមិនទុកចិត្តផែនការគណបក្សប្រជាជនកម្ពុជា បងប្អូនមិនបោះឆ្នោតឲ្យទេ ដូច្នេះពលរដ្ឋលោកគាំទ្រ នូវគោលនយោបាយនេះ »។
សូមរំលឹកថា ការបោះឆ្នោតនាថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៣ កន្លងទៅថ្មីៗនេះ មានប្រជាពលរដ្ឋ ចូលរួមរហូតដល់ជាង ៨ លាន ២ សែន នាក់ត្រូវជាប្រមាណ ៨៤,៥៩% នៃចំនួនប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោតរបស់ គជប ហើយក្នុងនេះសម្លេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា មានរហូតដល់ទៅប្រមាណ ៨២,៣ %៕