Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា នឹងបន្តជួយជ្រោមជ្រែងប្រទេសទីម័រឡេស្តបន្ថែមទៀតសម្រាប់ដំណើរការនៃការរៀបចំខ្លួនចូលជាសមាជិកអាស៊ានឱ្យបាននាពេលខាងមុខ

ឥណ្ឌូនេស៊ី៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmão)

នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត
នាល្ងាចថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ បានសម្តែងនូវការអប-អរសាទរយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ។ លោក ក៏បានផ្តាំផ្ញើនូវការសួរសុខទុក្ខជូនចំពោះ សម្តេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលលោក តែងចាត់ទុកជាបងប្អូនដ៏គួរឱ្យគោរព ។

ទន្ទឹមនេះ, លោក បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រទេសកម្ពុជា, ជាពិសេស ជូនចំពោះ សម្តេចតេជោ ដែលតែងផ្តល់ការគាំទ្រ និង ការលើកទឹកចិត្តដល់ប្រទេសទីម័រឡេស្ត ក្នុងការធ្វើសមាហរណកម្មទៅក្នុងតំបន់ និង សកល ។ ការជួយឱ្យប្រទេសទីម័រឡេស្តក្លាយជាប្រទេសសង្កេតការផ្លូវការនៅក្នុងអាស៊ាន នាខណៈដែលកម្ពុជាជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ក៏ដូចជាការគាំទ្រ និង ការចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការក្លាយជាសមាជិកអាស៊ាននៅឆ្នាំ ១៩៩៩ សុទ្ធសឹងជាកាយវិការដ៏គួរឱ្យគោរព និង ជាមាគ៌ាដ៏សំខាន់សម្រាប់ឱ្យប្រទេសទីម័រឡេស្តរៀនសូត្រ និង រៀបចំខ្លួនដើម្បីក្លាយជាសមាជិកអាស៊ាន ក្នុងរយៈពេលដ៏ខ្លីខាងមុខ ។

សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអបអរសាទរ និង ការកោតសរសើរចំពោះប្រទេសកម្ពុជា និង សម្តេចតេជោ ។ សម្តេចធិបតី ក៏បានបន្ថែមថា ការជួយប្រទេសទីម័រឡេស្តនេះ ក៏ជាមោទនភាពរបស់កម្ពុជាផងដែរ ព្រោះកម្ពុជាដែលបានឆ្លងកាត់សោកវិនាសកម្ម ១០០០ជំពួក យល់យ៉ាងច្បាស់អំពីស្ថានភាព និង បរិការណ៍ ដែលប្រទេសទីម័រឡេស្តកំពុងស្ថិតនៅ នាពេលបច្ចុប្បន្ន ។ ក្នុងន័យនេះ, ក្រោមការដឹកនាំរបស់ សម្តេចធិបតី, កម្ពុជានឹងបន្ត គាំទ្រ និង ជួយជ្រោមជ្រែងដល់ប្រទេសទីម័រឡេស្តបន្ថែមទៀត, ជាពិសេស សម្រាប់ដំណើរការនៃការរៀបចំខ្លួន ចូលជាសមាជិកអាស៊ាន ឱ្យបាននាពេលខាងមុខ ។
ក្រៅពីការសម្តែងការគួរសម, ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាបន្ថែមផងដែរ អំពីវិស័យដែលមានសក្តានុពលសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេស វិស័យពាណិជ្ជ-កម្ម, អប់រំ, កសិកម្ម, និង ទេសចរណ៍ ។ ថ្នាក់ដឹកនាំទាំងពីរសង្ឃឹមថា កិច្ចសហប្រតិបត្តិការល្អទាំងនេះ នឹងក្លាយជាឧត្តមប្រយោជន៍ដ៏ប្រពៃ សម្រាប់ប្រជាជាតិទាំងពីរ៕

About srn tv

Check Also

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងអំណរគុណ UN-ESCAP ដែលបង្ហាញពីឆន្ទៈបន្តបង្កើនកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា និងការអនុវត្តគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥

Leave a Reply

Your email address will not be published. Required fields are marked *