Breaking News

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញទស្សនាមហាវិមានប្រជាជនចិន ដែលជាវិមានប្រវត្តិសាស្រ្តរបស់ចិន

ចិន៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ភរិយាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែកញ្ញានេះ បានអញ្ជើញទស្សនាមហាវិមានប្រជាជនចិន ក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ លោកជំទាវបណ្ឌិត បានពិនិត្យយ៉ាងយកចិត្តទុកដាក់ លើការធ្វើបទបង្ហាញពីថ្នាក់ដឹកនាំ នៃមហាវិមានប្រជាជនចិន។

សូមបញ្ជាក់ថា មហាវិមានប្រជាជន គឺជាអគាររដ្ឋដែល មានទីតាំងនៅភាគខាងលិចនៃទីលានធានអានមេន ក្នុងទីក្រុងប៉េកាំង។ មហាវិមានប្រជាជន ត្រូវបានប្រើសម្រាប់សកម្មភាពនីតិប្បញ្ញត្តិ និងពិធីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងគណបក្សកុម្មុយនិស្តចិនដែលកំពុងកាន់អំណាច។ មហាវិមានប្រជាជនមានមុខងារជាកន្លែងប្រជុំសម្រាប់សម័យប្រជុំពេញអង្គ នៃសភាជាតិប្រជាជន នីតិប្បញ្ញត្តិរបស់ចិន ដែលកើតឡើងជារៀងរាល់ឆ្នាំក្នុងកំឡុងខែមីនា រួមជាមួយនឹងសម័យប្រជុំថ្នាក់ជាតិនៃសន្និសិទប្រឹក្សានយោបាយប្រជាជនចិន។

មហាវិមានប្រជាជន ក៏ជាកន្លែងប្រជុំនៃសមាជជាតិនៃបក្សកុម្មុយនិស្តចិន ដែលចាប់តាំងពីសន្និសីទលើកទី១២ ក្នុងឆ្នាំ ១៩៨២ ការប្រជុំបានកើតឡើងរៀងរាល់៥ឆ្នាំម្តង ហើយគណៈកម្មាធិការកណ្តាលរបស់គណបក្សត្រូវប្រជុំម្តងក្នុងមួយឆ្នាំ។ មហាវិមានប្រជាជនក៏ត្រូវបានប្រើប្រាស់សម្រាប់ព្រឹត្តិការណ៍សំខាន់ៗជាច្រើន រួមមាន កិច្ចប្រជុំថ្នាក់ជាតិនៃអង្គការសង្គម និងនយោបាយផ្សេងៗ ការប្រារព្ធខួបអនុស្សាវរីយ៍ថ្នាក់ជាតិ ក៏ដូចជាពិធីបុណ្យរំលឹកដល់អតីតមេដឹកនាំផងដែរ។

មហាវិមានប្រជាជន ក៏ជាកន្លែងទាក់ទាញទេសចរដ៏ពេញនិយមនៅក្នុងទីក្រុង ដែលមានភ្ញៀវទេសចរណ៍មកទស្សនារាជធានីនេះជាញឹកញាប់ផងដែរក្នុងមួយឆ្នាំៗ។ ក្នុងឱកាសនៃការអញ្ជើញទស្សនកិច្ចនោះដែរ ថ្នាក់ដឹកនាំនៃមហាវិមានប្រជាជនចិន បានបង្ហាញផ្ទាំងគំនូដ៏វិចិត្រក្នុងមហាវិមាន ពិសេសស្នាដៃនៃមហាបុរសចិនជំនាន់មុន។ លោកជំទាវបណ្ឌិតបានថ្លែងអំណរគុណដែលថ្នាក់ដឹកនាំចិន បានអនុញ្ញាតឲ្យរូបលោកជំទាវ បានចូលទស្សនាស្វែងយល់ ពីអរិយធម៌ដ៏រុងរឿងក្នុងមហាវិមានប្រជាជនចិន៕

 

Check Also

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs) ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក

Leave a Reply

Your email address will not be published. Required fields are marked *