ចិន៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការហើយនៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ។
នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការដែលប្រារព្ធធ្វើឡើងនៅវិមានមហាប្រជាជនចិន ក្នុងរដ្ឋធានីប៉េកាំង វត្តមានការអញ្ជើញដល់របស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីលោកនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ។
នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះដែរសម្ដេចធិបតី ដែលអមដំណើរដោយផ្ទាល់ដោយនាយករដ្ឋមន្ត្រីចិនបានអញ្ជើញគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាជនចិន ជាមួយនឹងការបាញ់កាំភ្លើង៣ណាត់៨ដើមនៅចំពីមុខទីលានធានអានមិន។
បន្ទាប់មកសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលអមដំណើរដោយលោក លី ឈាង នាយករដ្ឋមន្រ្តីចិន បានអញ្ជើញត្រួតពលគ្រប់កងឯកភាព នៃកងទ័ពរំដោះប្រជាជនចិនលើកំរាលព្រំក្រហម។
សូមបញ្ជាក់ថា នេះជាដំណើរទស្សកិច្ចលើកដំបូងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីកាន់តួនាទីជានាយករដ្ឋមន្រ្តីកាលស្បថចូលកាន់តំណែង និតិកាលទី៧ កាលពី២២ ខែសីហា ឆ្នាំ២០២៣ ៕