Breaking News

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីទីក្រុងប៉េកាំង ទៅកាន់ទីក្រុងណាននីង ដើម្បីចូលរួមពិព័រណ៍ អាស៊ាន-ចិន លើកទី២០

ចិន៖ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានបន្តដឹកនាំគណះប្រតិភូកម្ពុជាអញ្ជើញចាកចេញពីទីក្រុងប៉េកាំង ទៅកាន់ទីក្រុងណាននីងប្រទេសចិន នាព្រឹកថ្ងៃទី១៦ ខែកញ្ញា នេះ ដើម្បីចូលរួមពិព័រណ៍ អាស៊ាន-ចិន លើកទី២០ នៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណាននីង តំបន់ស្វយ័ត ជនជាតិជាំងក្វាងស៊ី។

នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំងមានការជូនដំណើរដោយលោក ណុង រ៉ុង (H.E. Nong Rong) អនុរដ្ឋមន្ត្រីការបរទេសចិន លោកជំទាវឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងមន្រ្តីរបស់ប្រទេសចិនជាច្រើនរូប។

សូមជំរាបថា សំរាប់ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជាគឺតបតាមការអញ្ជើញរបស់រដ្ឋាភិបាលចិន ។ សម្តេចធិបតី និងលោកប្រធានាធិបតី បានពិភាក្សាអំពីការបន្តរក្សាគោលនយោបាយប្រកបដោយមេត្រីភាព រវាងប្រទេសទាំងពីរ ។ ជាក់ស្តែង លោកប្រធានាធិបតី ចិន ស៊ី ជីនពីង បានបញ្ជាក់ថា ចិននៅតែជាមិត្តដ៏ល្អ និងនៅតែបន្តជួយកម្ពុជាលើមាគ៌ានៃការអភិវឌ្ឍសេដ្ឋកិច្ច ហើយដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នាពេលនេះ នឹងនាំមក នូវជោគជ័យបន្ថែមទៀត នៃការសម្រេចឱ្យបាននូវការកសាងសហគមន៍វាសនារួម ក្នុងយុគសម័យថ្មី រវាងកម្ពុជា-ចិន ។ សម្ដេចធិបតី បានជម្រាបជូនលោកប្រធានាធិបតី អំពីជំហរគោលនយោបាយរបស់កម្ពុជាចំពោះចិន ជាពិសេស ការបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោល-នយោបាយចិនមួយ ។

សម្ដេចធិបតី បានគូសបញ្ជាក់បន្ថែមអំពីទំនាក់ទំនងកម្ពុជា-ចិនដ៏យូរអង្វែង ដែលប្រជាជាតិទាំងពីរ កំពុងបានទទួលបានផ្លែផ្កាលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច និងអប់រំ ។ ការអភិវឌ្ឍ និងការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃ ជាការពិត មិនអាចកាត់ផ្ដាច់ចេញបានពីការគាំទ្រ និងកិច្ចសហការពីសំណាក់មិត្តចិនឡើយ ដូចមានការគាំទ្ររបស់ចិន នៅក្នុងកាលៈទេសៈដ៏លំបាកនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាដើម ។

សម្ដេចធិបតី បានគូសរំលេចជូន លោកប្រធានាធិបតី អំពីទិសដៅ និងវិស័យនៃកិច្ចសហប្រតិបត្តិការសម្រាប់ពេលអនាគតរវាងប្រទេសទាំងពីរ ដូចជា វិស័យថាមពល, សន្តិសុខស្បៀង, និង វិនិយោគជាដើម ។ សម្ដេចធិបតី បានស្នើភាគីចិនបន្តគាំទ្រដល់ការធានាសន្តិសុខថាមពល និង សន្តិសុខស្បៀងរបស់កម្ពុជា និង បានអរគុណចំពោះការនាំចូលអង្ករ និងផលិតផលកសិកម្មផ្សេងទៀត ពីកម្ពុជា ផងដែរ ។ សម្ដេចធិបតី ក៏បានអរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់ចិន ក្នុងការជំរុញ និងការលើកទឹកចិត្តឱ្យវិនិយោគិនចិនមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា, ជាពិសេស នៅក្នុងវិស័យគន្លឹះអាទិភាព ដែលមានឧត្តមប្រយោជន៍ដល់ប្រជាជនកម្ពុជា ៕

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *