នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក អមដំណើរដោយលោកអភិបាលរងស្រុក លោកនាយករងរដ្ឋបាលស្រុក លោកអធិការនគរបាល លោកមេបញ្ជាការកងរាជអាវុធហត្ថ និងសហការី បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយការណែនាំរបស់ក្រសួងសុខាភិបាល រួមនឹងវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ៣កុំ និង៣ការពារ ដល់នាយករោងចក្រ តំណាងកម្មករ-កម្មការី និងប្រធានផ្នែកតាមខ្សែសង្វាក់ផលិតកម្មនីមួយៗ ដែលកំពុងធ្វើការក្នុងរោងចក្រ ពូចិន ស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។
ដោយមានក្តីបារម្ភការយកចិត្តទុកដាក់ខ្ពស់នៅក្នុងមូលដ្ឋាន និងដើម្បីគ្រប់គ្រងបញ្ជៀសបានការឆ្លងរីរាលដាលនៃជំងឺកូវីដ១៩ លោកអភិបាលស្រុក បានស្នើឲ្យអ្នកគ្រប់គ្រងរោងចក្រ រៀបចំទីកន្លែងអាហារដ្ឋានដល់កម្មករ-កម្មការី ប្រកបដោយអនាម័យដើម្បីធានាសុវត្ថិភាព និងផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់ ជៀសវាងចេញទៅខាងក្រៅអាចប្រឈមនឹងបញ្ហាផ្សេងៗ។
លោកអភិបាលក៏បានស្នើឲ្យរោងចក្រដាក់បន្ថែមនូវឧបករណ៍វាស់កំដៅ និងបាញ់អាល់កុល នៅតាមទីតាំងសំខាន់ៗបន្ថែមទៀត ពិសេសច្រកចេញចូល និងបានណែនាំផ្ដាំផ្ញើ ដល់កម្មករ-កម្មការីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការចាំបាច់មួយចំនួនរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវថែរក្សាសុខភាពរបស់ខ្លួនឲ្យបានល្អ ដោយត្រូវប្រកាន់ខ្ជាប់ចូលរួមអនុវត្តន៍វិធានការការពារ តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែនឲ្យបានជាប់ជាប្រចាំ គឺបីការពារ និងបីកុំ ដើម្បីសហគមន៍ ក៏ដូចជាក្នុងរោងចក្រទាំងមូលគ្មានជំងឺកូវីដ១៩។