ភ្នំពេញ ៖ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមចំពោះការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថានឹងធ្វើឱ្យក្រសួងមហាផ្ទៃ សម្រេចបានសមិទ្ធផលធំធេងបន្ថែមទៀត។ ការបញ្ជាក់របស់ឯកឧត្តមឯកអគ្គរដ្ឋទូតនេះ បានធ្វើឡើងនាឱកាសចូលជួបសម្ដែងការគួរសមឯកឧត្តមអភិសន្តិបណ្ឌិត នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
ទន្ទឹមគ្នានេះដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ក៏បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ជាពិសេសការផ្ទេរសេវាសាធារណៈមួយចំនួនពីថ្នាក់ជាតិ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈយន្តការច្រកចេញចូលតែមួយ។ ឯកឧត្តម ក៏បានមានប្រសាសន៍ចូលរួមអបអរសាទរកម្ពុជា ចំពោះការរៀបចំប្រព័ន្ធរដ្ឋាភិបាលឌីជីថល (Digital Government) ដើម្បីជំរុញការផ្តល់សេវាសាធារណៈជូនពលរដ្ឋកាន់តែប្រសើរ ជាពិសេសកាត់បន្ថយការចំណាយ និងចំណេញពេលវេលា។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា និងសហការី ព្រមទាំងសម្ដែងការអបអរសាទរក្នុងឱកាសខួបអនុស្សាវរីយ៍ទី៣០ នៃការចាប់ផ្តើមឡើងវិញនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអាល្លឺម៉ង់។ ឯកឧត្ដមអភិសន្តិបណ្ឌិត បានថ្លែងអំណរគុណសហព័ន្ធអាល្លឺម៉ង់ ចំពោះការប្ដេជ្ញាចិត្ត និងការបង្ហាញឆន្ទៈបន្តរួមចំណែកគាំទ្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដែលបាននិងកំពុងទទួលលទ្ធផលប្រកបដោយផ្លែផ្កា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍បន្តថា បច្ចុប្បន្នកម្ពុជាកំពុងអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ សម្រាប់ឆ្នាំ២០២១-២០៣០ ដែលនឹងមានការបន្តបែងចែកអំណាច និងធនធានពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិបន្ថែមទៀត ដើម្បីឱ្យការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានកាន់តែមានភាពប្រសើរឡើង។ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណសហព័ន្ធអាល្លឺម៉ង់ ដែលបានសហការ និងសម្របសម្រួល ព្រមទាំងផ្ដល់ការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា នៅសហព័ន្ធអាល្លឺម៉ង់ កន្លងទៅនេះ។
ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដែលអនុញ្ញាតជូនឯកឧត្តម បានដឹកនាំសហការី ចូលជួបសម្ដែងការគួរសម ហើយនៅក្នុងឱកាសនោះដែរ ឯកឧត្ដមក៏បានជម្រាបជូនឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា អំពីការប្ដេជ្ញាចិត្តជំរុញ គាំទ្រ និងលើកទឹកចិត្តវិនិយោគិនអាល្លឺម៉ង់ ឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀតផងដែរ៕