ភ្នំពេញ៖ ក្រសួងបរិស្ថាន និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសម្រេច និងឯកភាពជាមួយគ្នាលើវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដើម្បីការពារ អភិរក្សព្រៃឈើ និងសត្វព្រៃនៅកម្ពុជា។ សេចក្តីសម្រេច និងការឯកភាពនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាការងារ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលដឹកនាំដោយ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
នាយឧត្តមសេនីយ៍ សៅ សុខា មានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺបានសម្រេចរួចហើយ នូវគោលការណ៍ យន្តការ និងការពង្រឹងលើការអនុវត្តរាល់សារាចរណែនាំរបស់រាជរដ្ឋាភិបាលដែលមានជាធរមាននេះ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។
ជាមួយគ្នានេះកងរាជអាវុធហត្ថបានត្រៀមកម្លាំង រួមនឹងមធ្យោបាយ សម្រាប់អន្តរាគមន៍តាមការស្នើសុំពីក្រសួងមានសមត្ថកិច្ច និងអាជ្ញាធររាជធានី ខេត្ត ចំពោះករណី បទល្មើសទាំងឡាយណាដែលមានការលំបាក ហើយដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិដោយប្រសិទ្ធភាព។ ក្រសួងបរិស្ថានជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាំបាច់ត្រូវមានការរៀបចំនីតិវិធីប្រតិបត្តិស្ដង់ដារ “SOP” ។
សូមបញ្ជាក់ថា កិច្ចពិភាក្សា និងមានការឯកភាពនូវគោលជំហររឹងមាំ ក្នុងកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិរួចមក លោក អ៊ាង សុផល្លែត និងនាយឧត្តមសេនីយ៍ សៅ សុខា បានធ្វើការត្រួតពិនិត្យកម្លាំងកងរាជអាវុធហត្ថ និងគ្រឿងបំពាក់មធ្យោបាយ ដែលត្រៀមសម្រាប់កិច្ចអន្តរាគមន៍ទូទាំងប្រទេស៕