កំពង់ឆ្នាំង៖ ក្រុមក្មេងទំនើង ១០នាក់ដែលតែងតែបង្ករអសន្តិសុខនៅក្នុងសង្គម គឺជិះម៉ូតូធ្វើសកម្មភាពដេញកាប់ប្រជាពលរដ្ឋនៅតាមដងផ្លូវ និងសួនសាធារណៈនោះ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ចាប់ខ្លួនជាបន្តបន្ទាប់ និងបង្ហាញមុខឲ្យក្រុមអ្នកសារព័ត៌មានថត មុននឹងបញ្ជូនទៅកាន់សាលាដំបូង នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
មន្ត្រីនគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមក្មេងទំនើងទាំងនេះ បានណាត់ជួបគ្នារួចហើយ ទើបជិះម៉ូតូចេញពីក្រុងកំពង់ឆ្នាំង តាមផ្លូវជាតិលេខ៥ ទៅដល់រង្វង់មូលស្រ្តីស្មូនឆ្នាំង ក្នុងភូមិសាស្រ្ត ស្រុករលាប្អៀរ ឃើញជនរងគ្រោះ២នាក់ជិះម៉ូតូតាមផ្លូវ ក៏បានទាញដាវកាប់ បណ្តាលឲ្យរងរបួសធ្ងន់តែម្តង។
ក្រោយពីធ្វើសកម្មភាពរួចក្រុមក្មេងទំនើងទាំងនេះ បានជិះម៉ូតូតាមផ្លូវវាងក្រុងសំដៅមករង្វង់មូលរូបឆ្នាំងថ្មី ហើយបានឃើញយុវជនម្នាក់ទៀតកំពុងអង្គុយលើម៉ូតូ ក៏បានចុះធ្វើសកម្មភាពដេញកាប់តែម្តង តែជនរងគ្រោះឃើញទាន់ក៏បានរត់ចោលម៉ូតូ រួចផុតពីគ្រោះថ្នាក់។ ដើម្បីស្រាយកំហឹងក្រុមក្មេងទំនើងទាំងនោះបានយកដាវកាប់ទៅលើម៉ូតូ និងកាប់ផ្តាច់ស្លាកលេខម៉ូតូជនរងគ្រោះយកទៅបាត់តែម្តង។
មន្ត្រីនគរបាលរូបនោះបានឱ្យដឹងទៀតថា ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញ បានសហការជាមួយអាជ្ញាធរមូលដ្ឋានធ្វើការស្រាវជ្រាវ និងតាមឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។
ក្រុមក្មេងទំនើងទាំងនេះ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន ហើយពួកគេ មិនដែលមានបញ្ហា ឬមានគំនុំអ្វីជាមួយជនរងគ្រោះឡើយ គឺពួកគេកាប់ដើម្បីកាត់សាញតែប៉ុណ្ណោះ៕