ខ្សឹប÷ បើទោះបីជាសកម្មភាពចរាចរណ៍នៃការនាំទំនិញចេញ-ចូលកម្ពុជា-ថៃហាក់ដូចជាធ្លាក់ចុះបន្តិចក៏ដោយប៉ុន្តែពួកឈ្មួញរកស៊ីទាំងឡាយមិនអាចមើលរំលងលោកឧត្តមសេនីយ៍ទោចាន់ សិទ្ធា អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចប្រចាំខេត្តបាត់ដំបងនោះបានឡើយ ។ ពោលគឺគ្មានក្បាលរថយន្តណាមួយដែលឆ្លងដែនចេញ-ចូលកម្ពុជា-ថៃមិនបង់ប្រាក់ឱ្យលោកចាន់ សិទ្ធានោះបានឡើយ ។ ប្រការនេះហើយបានជាពួកឈ្មួញទទូចឲ្យលោកនាយឧត្តមសេនីយ៍នេត សាវឿនអគ្គស្នងការនគរបាលជាតិពិនិត្យមើលករណីលោកផ្កាយ២ចាន់សិទ្ធា ដែលទទួលបានសិទ្ធិផ្ដាច់មុខបង្ក្រាបបទល្មើសសេដ្ឋកិច្ចនៅខេត្តបាត់ដំបងនោះផង ។
ពួកឈ្មួញរកស៊ីដឹកទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃនិយាយថា គ្មានទេការលើកលែងបង់លុយក្រៅប្រព័ន្ធជូនលោកឧត្តមសេនីយ៍ទោចាន់សិទ្ធានោះ ។ លោកចាន់ សិទ្ធាតែងតែត្អូញត្អែរពីការខាតបង់ឬចូលដើមក្នុងការបង់លុយឲ្យប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនិងអគ្គស្នងការនគរបាលជាតិ។ ពួកឈ្មួញឆ្ងល់ថា តើការឈរជើងរបស់លោកចាន់ សិទ្ធា ជាការទិញឬជាការដេញថ្លៃ?បានជាលោករអ៊ូរទាំពីការខាតបង់ឬចូលដើមរបៀបជាការរកស៊ីយ៉ាងដូច្នេះទៅវិញ? បើតាមប្រភពបានឲ្យដឹងថា ស្នងការនគរបាលជាតិមិនតម្រូវឱ្យមានប៉ុស្តិ៍ត្រួតពិនិត្យនៅតាមដងផ្លូវដោយក្រុមកម្លាំងនគរបាលសេដ្ឋកិច្ចទៀតនោះទេ។
ប្រភពពីឈ្មួញរកស៊ីបាននិយាយថា បើទោះបីជាលោកចាន់សិទ្ធា មិនពង្រាយកម្លាំងតាមបងផ្លូវដាក់ប៉ុស្តិ៍ត្រួតពិនិត្យដើម្បីទារប្រាក់ពីរថយន្តដឹកទំនិញយ៉ាងណាក៏ដោយ ក៏ពួកឈ្មួញមិនអាចគេចផុតការត្រូវបង់ប្រាក់ជូនលោកចាន់សិទ្ធានោះឡើយ ។ ទំនិញទាំងឡាយទាំងស្របច្បាប់,ទាំងគេចពន្ធសុទ្ធតែត្រូវបង់ប្រាក់ជូនលោកចាន់សិទ្ធា ទាំងអស់ ។ ពួកអ្នកដែលរកស៊ីដឹកទំនិញទាំងនោះនិយាយថា វាជាទម្លាប់ទៅហើយដែលអ្នករកស៊ីត្រូវបង់លុយជូនលោកចាន់សិទ្ធាទោះបីជាអគ្គស្នងការនគរបាលជាតិបញ្ជាឲ្យដកប៉ុស្តិ៍ត្រួតពិនិត្យទាំងអស់ក៏ដោយ។
លោកចាន់សិទ្ធាបាននិយាយប្រាប់ពួកឈ្មួញរកស៊ីតាមច្រកព្រំដែនទាំងនោះថា ខ្លួនត្រូវបង់លុយប្រចាំខែជូនលោកវ៉ាន់ចាន់ធឿនប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃនិងមួយចំណែកត្រូវជូនថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិនោះទៀតផង។ ដូច្នេះហើយត្រូវតែរៃអង្គាសខំប្រមូល ពីពួកអ្នករកស៊ីយ៉ាងដូច្នេះហើយ។ គេមិនដឹងថាតើក្នុង១ខែៗលោកចាន់សិទ្ធាត្រូវចំណាយប៉ុន្មានដល់មេៗរបស់ខ្លួនឡើយ ។ ប៉ុន្តែលោកចាន់សិទ្ធាតែងនិយាយថា ខែខ្លះលោកចូលដើមឬចាយលុយផ្ទះឲ្យមេៗថ្នាក់លើនោះផង ៕