Breaking News

អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ជំរាបសម្តេចធិបតី ហ៊ុន ម៉ាណែតថា បន្តគាំទ្រកម្ពុជាលើផ្នែកបចេ្ចកទេស សំដៅសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Mathias Cormann អគ្គលេខាធិការអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ( Organization for Economic Cooperation and Development-OECD) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។

ឯកឧត្ដម Mathias Cormann បានធ្វើការបញ្ជាក់អំពីគោលជំហររបស់អង្គការ OECD ក្នុងការពង្រឹង និងពង្រីកនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ការគាំទ្រផ្នែកបចេ្ចកទេសក្នុងការកសាងក្របខណ្ឌគោលនយោបាយនានា ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ។

ឯកឧត្តម អគ្គលេខាធិការអង្គការ OECD ក៏បានសម្តែង នូវការកោតសរសើរចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ចំពោះការដាក់ចេញនូវគោលនយោបាយ និងការកំណត់ទិសដៅនានាក្នុងវិស័យសេដ្ឋកិច្ច និងបរិស្ថាន ។ ឯកឧត្តមអគ្គលេខាធិការ បានបង្ហាញ នូវភាពជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី កម្ពុជានឹងកាន់តែអភិវឌ្ឍរីកចម្រើនលូតលាស់ និងឈានទៅសម្រេចបាន់នូវចក្ខុវិស័យ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការរីករាយស្វាគមន៍ចំពោះជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមអគ្គលេខាធិការអង្គការ OECD សំដៅបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីកថ្មីបន្ថែមទៀត ព្រមជាមួយនឹងការអរគុណចំពោះអង្គការ OECD ដែលបានជួយជ្រោមជ្រែងរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការពិនិត្យឡើងវិញអំពីគោលនយោបាយនានា រួមទាំងគោលនយោបាយពាណិជ្ជកម្ម និង គោលនយោបាយជាតិគាំពារសង្គម ជាដើម ។ សម្តេចធិបតី ក៏បានរំឭកផងដែរអំពីដំណើរការ នៃការកសាង និងអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដោយឈានចេញពីប្រទេសក្រីក្រ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប ព្រមជាមួយនឹងចក្ខុវិស័យប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។

អង្គការ OECD ជាអង្គការអន្តររដ្ឋាភិបាល ដែលមានប្រទេសសមាជិក ចំនួន៣៨ និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦១ ដើម្បីជំរុញវឌ្ឍនភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក ។ អង្គការនេះត្រូវបានទទួលស្គាល់ថា ជាអ្នកបោះពុម្ពផ្សាយ ដែលមានឥទ្ធិពលខ្ពស់ នៃទិន្នន័យសេដ្ឋកិច្ចភាគច្រើន តាមរយៈការបោះពុម្ព ក៏ដូចជាការវាយតម្លៃប្រចាំឆ្នាំ និងចំណាត់ថ្នាក់របស់ប្រទេសជាសមាជិក ៕

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *