Breaking News

ក្រុមហ៊ុន Total Energies របស់បារាំងជំរាបសម្តេចធិបតី ហ៊ុន ម៉ាណែត ពីបំណងចង់វិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Patrick POUYANNÉ ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន TotalEnergies ចូលជួបសម្តែងការគួរសមនាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

លោក Patrick POUYANNÉ បានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន TotalEnergies និងអំពីគម្រោង នៃការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ លោកប្រធាន និងជាប្រតិបត្តិ បានគោរពជម្រាបជូនសម្តេចធិបតី ថា ក្រុមហ៊ុន TotalEnergies គឺជាក្រុមហ៊ុនមានកិត្តិនាមល្បីល្បាញលើវិស័យប្រេង និងឧស្ម័ន នៅព្រះរាជាណាចក្រកម្ពុជា ហើយក្រៅពីវិស័យនេះ ក្រុមហ៊ុនក៏មានអាជីវកម្មលើវិស័យថាមពលអគ្គីសនីផងដែរ។ លោកប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន ក៏បានបង្ហាញអំពីបំណងក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញ ដោយបច្ចុប្បន្ន ក្រុមហ៊ុន TotalEnergies កំពុងស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅប្រទេសសិង្ហបុរី ហើយជោគជ័យនៃគម្រោងនេះនឹងជំរុញដល់ការវិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជា ដែលនឹងធ្វើឱ្យកម្ពុជាកាន់តែមានជម្រើសប្រភពថាមពលបន្ថែម។

សម្តេចធិបតី បានស្វាគមន៍ចំពោះលោក Patrick POUYANNÉ និង សហការី និងបានបង្ហាញក្តីរីករាយ និងគាំទ្រចំពោះគម្រោងរបស់ក្រុមហ៊ុនក្នុងការបោះទុនវិនិយោគនៅកម្ពុជាទៅលើវិស័យថាមពលកកើតឡើងវិញ ព្រោះថាកម្ពុជាមានគោលនយោបាយច្បាស់លាស់ក្នុងការជំរុញការបង្កើតប្រភពថាមពលកកើតឡើងវិញនេះ។ សម្តេចក៏បានបង្ហាញការគាំទ្រ និងផ្ដល់កិច្ចសហប្រតិបតិ្តការ លើការវិនិយោគនៃការតភ្ជាប់បណ្តាញចរន្តអគ្គីសនីក្រោមបាតសមុទ្រពីកម្ពុជាទៅសិង្ហបុរី ផងដែរ។ សម្ដេចធិបតីក៏បានលើកទឹកចិត្ត និងជំរុញឱ្យក្រុមហ៊ុន បន្ដកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងរ៉ែ និងថាមពល។

សូមជំរាបថា ក្រុមហ៊ុនTotalEnergies បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធឈ្មោះ Total Cambodge នៅកម្ពុជា ដែលចែកចាយប្រេងឥន្ធនៈ និងប្រេងម៉ាស៊ីន ហើយកំពុងប្រតិបត្តិការចំនួន ៥៨ស្ថានីយ៍នៅរាជធានីភ្នំពេញ និងចំនួន ៤៩ផ្សេងទៀតនៅតាមបណ្តាខេត្តទាំង២៤។ ក្រុមហ៊ុន បាននិងកំពុងប្រតិបត្តិការអាជីវកម្មរោងចក្រអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៦៥មេហ្គាវ៉ាត់ នៅខេត្តបាត់ដំបង និងកំពុងពិចារណាក្នុងការវិនិយោគបន្ថែមនៅកម្ពុជា ពិសេស ក្នុងវិស័យថាមពលខ្យល់៕

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *