ភ្នំពេញ៖ ជារៀងរាល់ឆ្នាំប្រជាជនចិន ឬកូនកាត់ចិន ដែលមានឆ្នាំឆុង ឬអាយុគត់ឆ្នាំ តែងតែធ្វើពិធីម្យ៉ាង មុននឹងឈានចូលទៅដល់ថ្ងៃចូលឆ្នាំចិន។ ពិធីកាត់ឆុងនេះ គេតែងតែប្រារព្ធមិនដែលខានទៅតាមជំនឿរបស់កូនចៅជាប់សែស្រឡាយចិន។
យោងតាមជំនឿតៗគ្នារបស់អ្នកជាប់សែស្រឡាយចិន បានឲ្យដឹងថា អ្នកដែលឆុងឆ្នាំ ឬគត់ឆ្នាំ ដាច់ខាតត្រូវធ្វើពិធី«កាត់ឆុង» ដើម្បីបណ្ដេញគ្រោះចង្រៃ ក៏ដូចជាសុំឱ្យជួបតែរឿងល្អៗ មានលាភសំណាង រកស៊ីមានបានជាដើម។ លើសពីនេះអ្នកដែលមានឆ្នាំឆុងមិនមែនត្រឹមតែធ្វើពិធីកាត់ឆុងនោះទេ តែពួកគេក៏ត្រូវមានបំណងមួយចំនួនដើម្បីជៀសវាងជួបរឿងស៊យផងដែរ។
ក្នុងឆ្នាំ២០២៤ ដែលត្រូវដាច់ឆ្នាំចាស់ឈានចូលឆ្នាំថ្មី ដែលត្រូវនឹងឆ្នាំ រោង ឆ្នាំដែលឆុងនោះមានដូចជា ឆ្នាំរោងជាន់ឆ្នាំឆុង ៧៥%, ឆ្នាំ ច ឆុង ១០០%, ឆ្នាំមមែ ថោះ ឆុង ៥០%, ឆ្នាំ ឆ្លូវ ឆុង២៥%។
សម្រាប់ប្រជាពលរដ្ឋដែលមានឆ្នាំឆុងដូចខាងលើ ក៏អាចទៅធ្វើពិធីកាត់ឆុង នៅទីតាំងធ្វើពិធី អាចធ្វើការកាត់ឆុងនៅឯវត្តភ្នំ ដែលមានលោកតាអាចារ្យរង់ចាំធ្វើពិធីឱ្យ ឬអាចទៅវិហារលោកតាធំនៅក្រុងតាខ្មៅក៏បាន៕SRN