ម៉ាឡេស៊ី៖ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានរៀបចំពិធីពិសាអាហារថ្ងៃត្រង់ផ្លូវការ ជូនជាកិត្តិយសចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណេត និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជានៅវេលាថ្ងៃត្រង់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។
នៅក្នុងពិធីពិសាអាហារថ្ងៃត្រង់ផ្លូវការ ជូនជាកិត្តិយសខ្ពស់បំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើងនៅនិវេសនដ្ឋាន នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ឯកឧត្តម ដាតុ សេរី អាន់វ៉ា អ៊ីប្រាហ៊ីម បានរៀបចំនូវការសំដែងសិល្បៈមហាជន ទទួលយ៉ាងរ៉ាក់ទាក់បំផុត ជូនចំពោះសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ជាមួយនិងការទទួលទានអាហារពេលថ្ងៃត្រង់ប្រកប ដោយភាពកក់ក្តៅ និងស្និទ្ធស្នាលបំផុត។
នៅក្នុងពិធីទទួលទានអាហារថ្ងៃត្រង់នោះដែរ បើទោះបីមិនមានការថ្លែងសុន្ទរកថាក៏ពិតមែន ប៉ុន្តែប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា ម៉ាឡេស៊ី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាវិជ្ជមាន ដែលមេដឹកនាំរដ្ឋាភិបាលទាំងពីរ បានធ្វើការពិភាក្សាគ្នាត្រង់ទៅត្រង់មក ដើម្បីផលប្រយោជន៍ នៃប្រទេស និងប្រជាជនទាំងពីរកម្ពុជា ម៉ាឡេស៊ី។
មេដឹកនាំទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះកំណើនសេដ្ឋកិច្ច នៃប្រទេសទាំងពីរ និងបានសន្យារួមគ្នាក្នុងការជំរុញកំណើនសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើនទ្វេឡើងថែមទៀត សម្រាប់ប្រជាជាតិទាំងពីរ៕SRN