Breaking News

ក្រុមហ៊ុននាំចេញអង្ករដ៏ធំរបស់អូស្រ្តាលីបានជំរាបសម្តេចធិបតី ពីបំណងវិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករ ដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស

អូស្រ្តាលី៖ លោកនាយកប្រតិបត្តិក្រុមហ៊ុន SunRice Group បានគោរពជម្រាបជូន សម្ដេចធិបតី ថា ក្រុមហ៊ុន SunRice Group ជាក្រុមហ៊ុនអូស្រ្តាលី ទី១ ដែលបាននាំអង្ករពីកម្ពុជាមកកាន់ប្រទេសអូស្រ្តាលី និងប្រទេសនូវ៉ែលសេឡង់។

លោកនាយកប្រតិបត្តិបានកត់សម្គាល់ឃើញថា កម្ពុជាមានសក្ដានុពលលើវិស័យកសិកម្ម ដោយអង្ករកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញលើសកលលោក ហើយកម្ពុជាក៏មានគុណសម្បត្តិប្រកួតប្រជែងខ្ពស់លើកម្លាំងពលកម្មវ័យក្មេង ស្ថិរភាពនៃតម្លៃអគ្គីសនី ជាមួយនឹងហេរដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡា និងឡូជីស្ទីកល្អប្រសើរផងដែរ។ ផ្អែកលើសក្ដានុពលទាំងនេះ ក្រុមហ៊ុនលោកមានចំណាប់អារម្មណ៍ពង្រឹង និងពង្រីកទំនាក់ទំនងបន្ថែមទៀតជាមួយកម្ពុជាលើវិស័យកសិកម្ម ដោយផ្តោតលើឧស្សាហកម្មកែច្នៃអង្ករ ក្នុងនោះក្រុមហ៊ុនបង្ហាញនូវបំណងវិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករ ពិសេសអង្ករសរីរាង្គ សម្រាប់នាំចេញទៅក្រៅប្រទេស។ ការបង្ហាញបំណងនេះក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ។

សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ ចំពោះបំណងរបស់ក្រុមហ៊ុននៅក្នុងពង្រីកសកម្មភាពវិនិយោគរបស់ខ្លួននៅកម្ពុជាលើឧស្សាហកម្មកែច្នៃអង្ករ សម្រាប់បម្រើឱ្យការនាំចេញ ហើយសម្ដេចធិបតីក៏បានបញ្ជាក់ជូនក្រុមហ៊ុនថា វិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយ ដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់ ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយដាក់ពង្រាយមន្ត្រីជំនាញកសិកម្មនៅតាមមូលដ្ឋានឃុំ សង្កាត់ទូទាំងប្រទេស ដើម្បីគាំទ្រដល់ប្រជាកសិករដល់មូលដ្ឋាន លើផ្នែកបច្ចេកទេស សំដៅបង្កើនផលិតភាពផលិតផលកសិកម្មនៅតាមមូលដ្ឋាន។ បន្ថែមពីនេះ សម្ដេចធិបតី ក៏បានបញ្ជាក់ជូនលោកនាយកប្រតិបត្តិក្រុមហ៊ុនអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការពង្រីកហេដ្ឋារចនាសម្ព័ន្ធដឹកញ្ជូននិងប្រព័ន្ធឡូជីស្ទីក និងគោលនយោបាយអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនីនៅកម្ពុជា ដោយសម្ដេចធិបតីបានសង្កត់ថា រាជរដ្ឋាភិបាល ក៏បាននិងកំពុងផ្ដោតអាទិភាពលើការប្រើប្រាស់ថាមពលស្អាត និងថាមពលកកើតឡើងវិញផងដែរ​ដេីម្បី​គាំទ្រ​ដល់សកម្មភាព​ធុរកិច្ច​ និង​ពាណិជ្ជកម្ម​នៅកម្ពុជាកាន់តែមានសមត្ថភាព​ប្រកួតប្រជែង​ និងផ្តល់ភាពងាយស្រួលក្នុង​ការតភ្ជាប់​ ក៍ដូចជាកាត់ថ្លៃដឹកជញ្ជូន​។ សម្តេច​ធិបតី​ ក៍បាន​លេីក​ទឹកចិត្ត​ឱ្យក្រុមហ៊ុន​ទស្សនកិច្ចនៅកម្ពុជា​ដេីម្បី​​ស្វែងរក​ឱកាស​វិនិយោគ​បន្ថែមទៀត​ ដោយសារ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់កម្ពុជា។

សូមជំរាបថា ក្រុមហ៊ុន SunRice Group ជាក្រុមហ៊ុនឈានមុខក្នុងការនាំចេញអាហាររបស់ប្រទេសអូស្ត្រាលី ដែលមានទីផ្សារសំខាន់ៗនៅសហរដ្ឋអាមេរិក ប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា ក៏ដូចជាការពង្រីកទីផ្សារនៅទូទាំងអឺរ៉ុប និងអាស៊ី។ ក្រុមហ៊ុន ក៏មានប្រតិបត្តិការ និងទីផ្សារជុំវិញពិភពលោក ពិសេសលើការផ្គត់ផ្គង់ផលិតផលអាហារូបត្ថម្ភ ជិត ៥០ ប្រទេសផងដែរ ។ SunRice Group មានចំណាប់អារម្មណ៍លើផលិតផលអង្ករផ្កាម្លិះរបស់កម្ពុជា ដែលកំពុងមានឈ្មោះបោះសំឡេងស្រាប់នៅលើទីផ្សារអន្តរជាតិ ៕

Check Also

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs) ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក

Leave a Reply

Your email address will not be published. Required fields are marked *