Breaking News

ឯកឧត្តមបណ្ឌិត លី ធុជ ស្វែងរកការគាំទ្រពីការិយាល័យ UNODA ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើសកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា ឆ្ពោះទៅកិច្ចប្រជុំកំពូលសៀមរាប-អង្គរ

(ប្រទេសស្វីស)៖នៅ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំពិភាក្សាជាមួយ លោកស្រី Carolyne Mélanie Régimbal ប្រធានស្ថាប័ន UNODA (ការិយាល័យអង្គការសហប្រជាជាតិសម្រាប់កិច្ចការរំសាយអាវុធ) ដើម្បីស្វែងរកការគាំទ្រសម្រាប់កិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សកលភាវូបនីយកម្មឆ្ពោះទៅរកកិច្ចប្រជុំត្រួតពិនិត្យលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)ឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម លី ធុជ បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មដឹកនាំរបស់ការិយាល័យ UNODA ក្នុងការលុបបំបាត់អាវុធជាតិផ្ទុះ និងកិច្ចប្រឹងប្រែងដើម្បីសន្តិភាព ព្រមទាំងបានកោតសរសើរចំពោះការរួមចំណែកយ៉ាងសំខាន់របស់ UNODA ក្នុងការតស៊ូមតិសម្រាប់ការអនុម័តជាសកល និងការអនុវត្តយ៉ាងម៉ត់ចត់នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសមត្ថភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការលើកកម្ពស់ការយល់ដឹង ក្នុងការជំរុញសកម្មភាពមីនទៅកាន់ពិភពលោកដែលគ្មានមីន។ ជាងនេះទៅទៀត កម្ពុជា ចង់បានការគាំទ្រពី UNODA ក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សកលភាវូបនីយកម្មនៃអនុសញ្ញាឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ព្រមទាំងបានស្នើសុំឱ្យ UNODA អញ្ជើញអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ដើម្បីផ្តល់នូវអនុសាសន៍ណែនាំពាក់ព័ន្ធ។

ការិយាល័យ UNODA បានសម្តែងនូវការគាំទ្រចំពោះវិធានការធ្វើសកលភាវូបនីយកម្មនៃអនុសញ្ញារបស់កម្ពុជា ជាមួយប្រទេសដីកោះតំបន់ប៉ាស៊ីហ្វិក ឡាវ វៀតណាម និងសិង្ហបុរី ឱ្យចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ព្រមទាំងបានកត់សម្គាល់នូវពេលវេលាសំខាន់ៗ ក្នុងការគាំទ្រភាពជាប្រធានអនុសញ្ញាអូតាវ៉ា និងការរៀបចំឯកសារលទ្ធផលសំខាន់ៗសម្រាប់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ។ UNODA និងកម្ពុជា នឹងបន្តធ្វើការជាមួយគ្នាដើម្បីបញ្ចប់កិច្ចព្រមព្រៀងភាពជាម្ចាស់ផ្ទះតាមពេលកំណត់៕ដោយ៖ សិរី នាគ

 

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *