(ប្រទេសស្វីស)៖នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ឯកឧត្ដមបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយលោកជំទាវ Ann-Sofie NILSSON ឯកអគ្គរដ្ឋទូតសម្រាប់ការរំសាយអាវុធ និងការមិនរីកសាយភាយនៃក្រសួងការបរទេសស៊ុយអែត ដេីម្បីស្វែងរកការគាំទ្រពីប្រទេសស៊ុយអែតលេីដំណេីរការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន។
ក្នុងឱកាសជាមួយគ្នានោះ ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ប្រទេសស៊ុយអែតសម្រាប់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា នាពេលកន្លងមក ក្នុងនោះរួមមានការបោសសម្អាតមីន ការអប់រំយល់ដឹងអំពីមីន និងកិច្ចខិតខំប្រឹងប្រែងជួយជនរងគ្រោះ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខសុវត្ថិភាព និងសុខុមាលភាពរបស់សហគមន៍រងផលប៉ះពាល់ដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។
ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិត បានស្នើសុំឱ្យប្រទេសស៊ុយអែតបន្តការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការចែករំលែកការអនុវត្ត និងការតស៊ូមតិសម្រាប់ការចូលរួមជាអន្តរជាតិ នៅពេលដែលកម្ពុជាដឹកនាំកិច្ចប្រជុំត្រួតពិនិត្យឡេីងវិញលេីកី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាស្តីពីការហាមការប្រេីប្រាស់មីនប្រឆាំងមនុស្សឆ្នាំ២០២៤ ដេីម្បីពង្រឹងដំណើររួមគ្នាឆ្ពោះទៅកាន់ពិភពលោកដែលគ្មានមីន៕ដោយ៖ សិរី នាគ