ត្បូងឃ្មុំ៖ ព្រះសង្ឃមួយអង្គ ភិក្ខុ អ៊ុក ម៉ាឬទ្ធី ត្រូវបញ្ចប់តំណែងពីព្រះចៅអធិការវត្តឈើទាលជ្រុំ (ហៅវត្តកូនត្មាត) ស្ថិតក្នុងភូមិកូនត្មាត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បន្ទាប់ពីបែកធ្លាយវីដេអូ ឈ្លោះជាមួយអ្នកគ្រូបង្រៀន ជានាយិការរងអនុវិទ្យាល័យអញ្ចើម ក្នុងស្រុកត្បូងឃ្មុំ។
ករណីនេះត្រូវបានគេយកទៅចែកចាយលើបណ្តាញសង្គម និងមានការវែកញែកជាច្រើនហូរហែរ បន្ទាប់ពីព្រះសង្ឃអង្គនេះ បានធ្វើសកម្មភាពវាយទៅលើសិស្សសាលាបឋមសិក្សាអញ្ចើម ដោយមូលហេតុសិស្សមិនបានរើសដុំថ្ម ទៅដាក់ក្នុងគ្រឹះទីចាត់ការ និងបណ្ណាល័យ ដែលកំពុងសាងសង់ តាមការបញ្ជារបស់លោក ខណៈព្រះអង្គជាគណៈកម្មការមួយរូបផងដែរ នៅក្នុងសាលារៀននេះ។
ភ្លាមៗក្រោយមានរឿងហេតុនេះ អាជ្ញាធរខេត្ត បានឲ្យជំនាញពាក់ព័ន្ធ និងព្រះមន្ត្រីសង្ឃ រួមគ្នាពិនិត្យ និងដោះស្រាយលើរឿងនេះ។ ជាក់ស្តែងតាមរយៈរបាយការណ៍ និងតាមការឲ្យដឹងពី លោក ហាក់ ហុន ប្រធានធម្មការ និងសាសនា ខេត្តត្បូងឃ្មុំ នាល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ថា អាជ្ញាធរខេត្តបានឲ្យជំនាញពាក់ព័ន្ធ សម្រេចឲ្យ ១. ត្រូវបាននិមន្តភិក្ខុ អ៊ុក ម៉ាឫទ្ធី ជាចៅអធិការវត្តឈើទាលជ្រុំ (កូនត្មាត) ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ ឲ្យចេញពីវត្តឈើទាលជ្រុំ(កូនត្មាត) ឃុំអញ្ចើម ជាបន្ទាន់។
២. ភិក្ខុ អ៊ុក ម៉ាឫទ្ធី ត្រូវនិមន្តចេញពីវត្ត ឈើទាលជ្រុំ(ហៅកូនត្មាត) ទៅគង់នៅវត្ត សីលារង្សី(ហៅវត្តចាស់) ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ វិញ។ ចំពោះគណៈកម្មការ លោកអាចារ្យវត្តនេះ ត្រូវរៀបចំសមាសភាពថ្មីឡើងវិញ បន្ទាប់ពីការតែងតាំងព្រះចៅអធិការថ្មី។
៣. មន្ត្រីសង្ឃសាលាអនុគណស្រុកត្បូងឃ្មុំ អាជ្ញាធរមានសមត្ថកិច្ច ត្រូវចុះធ្វើបញ្ជីសារពើភ័ណ្ឌរបស់វត្ត ឈើទាលជ្រុំ(ហៅកូនត្មាត)ឲ្យបានមុនថ្ងៃដែល ភិក្ខុ អ៊ុក ម៉ារឹទ្ធី និមន្តចេញពីវត្ត។
៤. មន្ត្រីសង្ឃ ព្រះចៅអធិការ អាជ្ញាធរពាក់ព័ន្ធក្នុងស្រុកត្បូងឃ្មុំ និងសាមីអង្គ(ខ្លួន)ខាងលើ ត្រូវទទួលបន្ទុក អនុវត្តសេចក្តីសម្រេចនេះចាប់ពីពេលចុះហត្ថលេខាតទៅ។
សូមបញ្ជាក់ថា វីដេអូដែលបានបង្ហោះលើបណ្ដាញសង្គម ជាវីដេអូចាស់ ដែលព្រះសង្ឃ ១អង្គ មានជម្លោះពាក្យសម្តី នៅក្នុងសាលារៀន ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២២ ត្រូវបានបែកធ្លាយបង្ហោះនៅតាមបណ្តាញសង្គម នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤៕