ទីក្រុងហ្សឺណែវ៖ ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ថ្លែងថា ការរួមចំណែកពី វិស័យឯកជនដល់កិច្ចខិតខំប្រឹងប្រែងសកម្មភាពមីនមនុស្សធម៌នឹងអាចជួយដោះស្រាយវិបត្តិមីនជាសកល និងបង្កើនល្បឿននៃការធ្វើដំណើរឆ្ពោះទៅកាន់ពិភពលោកដែលគ្មានមីន។ “Private Sector Partnership Towards A Mine-Free World”។
លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា ការរួមចំណែកនេះកំពុងជំរុញការច្នៃប្រឌិត និងការបង្កើតការគាំទ្រប្រកបដោយនិរន្តរភាពសម្រាប់គំនិតផ្តួចផ្តើមការដោះមីននិងសុខុមាលភាពសង្គម។
ការថ្លែងនេះរបស់លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ខណៈកំពុងឋិតនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីចូលរួមដឹកនាំកិច្ចប្រជុំពាក់កណ្តាលអាណត្តិនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីននៃអនុសញ្ញាអូតាវ៉ា។
លោកទេសរដ្ឋមន្ត្រី លី ធុជ ថ្លែងថា ការរួមចំណែកពីវិស័យឯកជនដល់កិច្ចខិតខំប្រឹងប្រែងសកម្មភាពមីនមនុស្សធម៌នឹងអាចជួយដោះស្រាយវិបត្តិមីនជាសកលនិងបង្កើនល្បឿននៃការធ្វើដំណើរឆ្ពោះទៅកាន់ពិភពលោកដែលគ្មានមីន។ លោកទេសរដ្ឋ មន្ត្រីបញ្ជាក់ថា ការរួមចំណែកនេះកំពុងជំរុញការច្នៃប្រឌិតនិងការបង្កើតការគាំទ្រប្រកបដោយ និរន្តរភាពសម្រាប់គំនិតផ្តួចផ្តើមការដោះមីននិងសុខុមាលភាពសង្គម។
ក្នុងគ្រានេះដែរ លោកទេសរដ្ឋមន្ត្រី លី ធុជ បានគូសបញ្ជាក់ថា ផែនការសកម្មភាពសៀមរាប-អង្គរ និងសេចក្តីថ្លែងការណ៍នយោបាយនឹងក្លាយជាប្លង់មេនៃកិច្ចខិតខំប្រឹងប្រែងនាពេលអនាគតក្នុងការបង្កើតផ្លូវឆ្ពោះទៅមុខប្រកបដោយមហិច្ឆតានិងអាចសម្រេចបាន។
សូមជម្រាបថា លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំពាក់ព័ន្ធមួយចំនួននៃអនុសញ្ញាអូតាវ៉ា ដែលកិច្ចប្រជុំនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយមានការចូលរួមពីសមាជិកជារដ្ឋភាគី អង្គការអន្តរជាតិ សង្គមស៊ីវិល និងប្រទេសមិនមែនជារដ្ឋភាគី។
ចំណែកនៅថ្ងៃទី២៤ ដល់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ តបតាមការអញ្ជើញពីភាគីចក្រភពអង់គ្លេស លោកទេសរដ្ឋមន្ត្រី លី ធុជ នឹងចូលរួមកិច្ចពិភាក្សាកម្រិតនយោបាយ នៅទីក្រុងឡុងដ៍ ដើម្បីធានាភាពជោគជ័យនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ៕ដោយ៖ សិរី នាគ