ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្រ្តី លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ អញ្ជើញជាអធិបតីក្នុងកម្មវិធីបើកកិច្ចប្រជុំអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស៖ ជោគជ័យ បញ្ហាប្រឈម និងឱកាស នៅសណ្ឋាគារ Raffles Hotel Le Royal ដែលរៀបចំឡើងដោយគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ក្រោមកិច្ចសហការជាមួយអាជ្ញាធរមីន និងអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា (ISU)។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងទស្សនៈវិស័យនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព និងស្ថិរភាពយូរអង្វែងដល់ប្រទេសជាតិ ព្រោះបើគ្មានកត្តាសំខាន់ទាំងពីរនេះទេ វឌ្ឍនភាពដែលយើងបានធ្វើនៅក្នុងវិស័យសកម្មភាពមីននឹងមិនអាចទៅរួចនោះទេ។
ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងទៀតថា ជាមួយភាពជោគជ័យក្នុងវិស័យមីន កម្ពុជា មានកិត្តិយសដែលបានចូលកាន់តំណែងជាប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ដើម្បីបន្តរក្សានូវស្មារតី និងគោលបំណងនៃអនុសញ្ញា ក្នុងការរួមចំណែកជំរុញគោលដៅរួមនៃពិភពលោកគ្មានការគំរាមពីមីនប្រឆាំងមនុស្ស ក្នុងនោះការជំរុញធ្វើសកលភាវូបនីយកម្មនៃអនុសញ្ញាគឺចាំបាច់សម្រាប់ពិភពលោកមួយដែលគ្មានមីន។
ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការលើកកម្ពស់សកលភាវូបនីយកម្មនៃអនុសញ្ញានេះ នឹងមិនមានអ្វីកើតឡើងឡើយ ប្រសិនបើគ្មានការដឹកនាំប្រកបដោយចក្ខុវិស័យ និងការណែនាំរបស់សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចធិបតី បានបង្ហាញនូវការណែនាំពិសេសក្នុងការលើកកម្ពស់គោលការណ៍នៃអនុសញ្ញាទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ដែលក្នុងនោះវិស័យការទូតបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការលុបបំបាត់មីន។
មុននឹងបញ្ចប់ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានកិច្ចប្រជុំត្រួតពិនិត្យលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ(ICRC) ចំពោះការលះបង់ឥតឈប់ឈរក្នុងការងារមនុស្សធម៌ ជាពិសេសក្នុងការគាំទ្រអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលអនុសញ្ញានេះតំណាងឱ្យសមិទ្ធផលសំខាន់មួយក្នុងការស្វែងរកសន្តិភាព និងសន្តិសុខអន្តរជាតិ ដែលក្នុងនោះអង្គភាព ISU គឺជាឆ្អឹងខ្នងមួយយ៉ាងសំខាន់ក្នុងជំរុញឱ្យគោលដៅរបស់អនុសញ្ញាទទួលជោគជ័យ។
កិច្ចប្រជុំនេះ មានការចូលរួមពី លោក Paht Tanattanawin ប្រធានផ្នែកប្រតិបត្តិការ ICRC , លោក Juan Carlos Ruan នាយក ISU, តំណាងស្ថានទូតនិងក្រសួងការបរទេសឡាវ ជប៉ុន ចិន ថៃ ម៉ាឡេស៊ី និងហ្វីលីពីន និងតំណាង ICRC ប្រចាំប្រទេសថៃ ចិន និងកម្ពុជា៕ដោយ៖ សិរី នាគ