Breaking News

មេឃុំភ្នំលៀប ទើបជាប់ពន្ធនាគារ ឥឡូវនេះ លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ ត្រូវបានតុលាការ ចេញលិខិតអញ្ជើញ សាកសួរពាក់ព័ន្ធការឈូសឆាយទន្ទ្រាន ដីព្រៃលិចទឹកតំបន់៣

បន្ទាយមានជ័យ៖ លោក អែម ណុយ មេឃុំភ្នំលៀប កាលពីខែធ្នូ ឆ្នាំ២០២១ ថ្មីៗនេះ ទើបត្រូវបានតុលាការខេត្តបន្ទាយមានជ័យ សម្រេចឃុំខ្លួន ដាក់ពន្ធនាគារពាក់ព័ន្ធបទល្មើស កាប់ឆ្ការគាស់រាន ឈូសឆាយហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹកនៅតំបន់៣ ស្រាប់តែ ឥឡូវនេះ លោក ឃូ ពៅ អាយុ៥២ឆ្នាំ ជាអភិបាលស្រុកព្រះនេត្រព្រះ ត្រូវបាន លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ថ្មីៗនេះ បានចេញលិខិតអញ្ជើញ ឲ្យចូលទៅកាន់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។

នេះបើយោងតាមលិខិតអញ្ជើញដែល SRNTV Online Cambodia ទទួលបាននៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ឃូ ពៅ ត្រូវចូលទៅកាន់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីសាកសួរអំពីដំណើររឿងអ្នកដែលពាក់ព័ន្ធការឈូសឆាយទន្ទ្រានដីព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប ស្ថិតក្នុងភូមិប្រាសាទឃុំប្រាសាទនិងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

សូមបញ្ជាក់ផងដែរថា នាពេលកន្លងមកនេះ មាន ប្រជាពលរដ្ឋរាប់រយនាក់រស់នៅឃុំភ្នំលៀប ចោទប្រកាន់ អាជ្ញាធរពាក់ព័ន្ធពោលគឺ លោក អែម ណុយ មេឃុំភ្នំលៀប និង លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ ថាបានឃុបឃិតជាមួយនឹងឈ្មួញ លក់ដីរបស់រដ្ឋនិងព្រៃលិចទឹកទំហំជាង១០០ហិកតា ។នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ លោក អែម ណុយ មេឃុំភ្នំលៀប ទើបត្រូវបានតុលាការខេត្តបន្ទាយមានជ័យ សម្រេចឃុំខ្លួនដាក់ពន្ធនាគាររួចហើយ ពាក់ព័ន្ធទៅនឹងបទល្មើសកាប់ឆ្ការគាស់រានឈូសឆាយហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹកនៅតំបន់៣នេះ ។

នៅពេលនេះ មជ្ឈដ្ឋានជាច្រើនកំពុងទន្ទឹងរង់ចាំមើលថា «តើជោគវាសនារបស់ លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ នឹងទៅជាយ៉ាងណាឬក៏មានវាសនាដូចគ្នា នឹងលោកមេឃុំភ្នំលៀប ដែលត្រូវបានតុលាការសម្រេច ខ្លួនដាក់ពន្ធនាគាររួចហើយ»៕SRN

Check Also

សម្តេចតេជោ នឹងបន្តគ្រប់គ្រងផ្នែកនយោបាយនៅកម្ពុជាដដែល បើទោះបីសម្តេចឈប់ធ្វើនាយករដ្ឋមន្រ្តី ខណៈ ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគត

Leave a Reply

Your email address will not be published. Required fields are marked *